បាត់ដំបងៈ នាយករដ្ឋមន្ត្រីស្ដីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បន្តណែនាំដល់មន្ត្រីគ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហានានាជូនពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ហើយលោកក៏បានចេញមុខ ធានាអះអាងថា នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះ មន្ត្រីណាដែលរកឃើញប្រព្រឹត្តបទល្មើសពិតប្រាកដ។
ក្នុងពេលអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា ១ ខ្នង នៅអនុវិទ្យាល័យខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី ២៣ ឧសភា លោកនាយករដ្ឋមន្ត្រីស្តីទី ស ខេង មានប្រសាសន៍ថា សញ្ញាបត្រ ចំណេះដឹងទូទៅជាការចាំបាច់។ ប៉ុន្តែកត្តាសំខាន់បំផុត គឺឆន្ទៈ និងឧត្តមគតិ ស្នេហាជាតិ បម្រើប្រជាពលរដ្ឋ នោះហើយគឺជាកត្តាដើរតួស្នូលសំខាន់។ ព្រោះក្នុងឋានៈជាអ្នកដឹកនាំត្រូវបើកទ្រូងឱ្យចំហ មានន័យថា បើកបេះដូង ដោយមិនបែងចែក មិនច្រណែនឈ្នានីស មិនក្តិចត្រួយ ពោលត្រូវរួមអបអរសាទរ និងលើកទឹកចិត្តគេឱ្យធ្វើល្អបន្ថែមទៀត។
លោកថ្លែងថា៖ «ជាពិសោធដឹកនាំគ្រប់គ្រងប្រទេស គឺមិនត្រូវច្រណែនឈ្នានីស ហើយគិតតែពីរឿងកាប់សម្លាប់ ធ្វើបាបជិះជាន់ទេ។ ការពិតមន្ត្រីមិនមែនល្អទាំងអស់ទេ គឺបុគ្គលខ្លះ ហើយខ្ញុំសូមអភ័យទោស និងអធ្យាស្រ័យ។ ចំពោះមន្ត្រីខ្លះ ជួនកាលគាត់រពឹសមាត់ ធ្វើសកម្មភាពប៉ះពាល់ប្រជាពលរដ្ឋ ហើយប្រទេសណាក៏មានដែរ។ ប៉ុន្តែនេះគឺជារឿងតូចតាចជាក់ស្តែងមួយដែលអាចដោះស្រាយបាន»។
ជាងនេះទៀត លោក ស ខេង បានចេញមុខធានាអះអាងថា លោកនឹងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ បើសិនជាមន្ត្រីណាមួយពិតជាបានធ្វើឱ្យប៉ះពាល់សិទ្ធិ និងផលប្រយោជន៍ពលរដ្ឋពិតប្រាកដមែន។
លោកបញ្ជាក់ថា៖ «ហើយខ្ញុំទទួលខុសត្រូវកាលណាមានមន្ត្រីណា ដែលធ្វើផ្តេសផ្តាសទៅលើប្រជាពលរដ្ឋ ប៉ះពាល់សិទ្ធិ និងផលប្រយោជន៍ឱ្យតែខ្ញុំបានដឹង ហើយរឿងនោះពិតប្រាកដ ខ្ញុំទទួលខុសត្រូវ ដើម្បីដោះស្រាយធ្វើគណនេយ្យភាពរកយុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យបានពិតប្រាកដ»។
លោកបន្តថា៖ «ហើយមិនមែន តែខ្ញុំទេ ការពិតទៅថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាសមាជិក សមាជិកា មន្ត្រីថ្នាក់ដឹកនាំ ក្រោមឱវាទក៏ដូចគ្នា គឺតែងតែយកចិត្តទុកដាក់ដើម្បីដោះស្រាយបញ្ហា ដោយមិនបណ្តែតបណ្តោយ មិនកាន់ជើងអ្នកដែលប្រព្រឹត្តបទល្មើស ធ្វើអីឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនោះទេ»។
អភិបាលស្រុកបវេល លោក លួត សាលី បានធ្វើសេចក្តីរាយការណ៍ស្តីពីសមិទ្ធផលពាក់ព័ន្ធការបម្រើប្រជាពលរដ្ឋ និងការបង្ក្រាបបទល្មើសនានាថា ក្នុងរយៈពេល ៤ ខែ ដើមឆ្នាំ ២០២២ មានករណីបទល្មើសព្រហ្មទណ្ឌកើតឡើង ២ ករណី។ ក្នុងនោះបទឧក្រិដ្ឋ ១ ករណី បទល្មើសមជ្ឈិម ១ ករណី និងបទល្មើសគ្រឿងញៀនបង្ក្រាបបាន ៥ ករណី ហើយករណីគ្រោះថ្នាក់ចរាចរណ៍ មាន ១៣ ករណី ស្លាប់ ១៣ នាក់។
លោកបន្តថា ករណីគ្រោះថ្នាក់ផ្សេងៗកើតមាន ៩ ករណី ក្នុងនោះគ្រោះថ្នាក់ចងកធ្វើអត្តឃាត ១ ករណី ដេកស្លាប់ ១ ករណី លង់ទឹកស្លាប់ ៤ ករណី អគ្គិភ័យ ២ ករណី និងខ្យល់កន្ត្រាក់ ១ ករណី។ រីឯការបង្ក្រាប និងធ្វើការអប់រំការប្រព្រឹត្តល្បែងស៊ីសង មាន ៤ ករណី។
ពាក់ព័ន្ធសមិទ្ធផលក្នុងមូលដ្ឋានរបស់ខ្លួនវិញខាងរដ្ឋបាលស្រុកបានជួយជួសជុលសាលារៀន កសាងផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដូចជាការស្តារប្រឡាយ ដាក់លូ ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋ។ នេះបើតាមលោកអភិបាលស្រុក។
លោកបញ្ជាក់ថា តាងនាមឱ្យរដ្ឋបាលស្រុកបវេល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នឹងបន្តខិតខំបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងថ្លែងអំណរគុណដល់សប្បុរសជន ដែលជួយក្នុងការអភិវឌ្ឍមូលដ្ឋាន។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ថ្លែងថា ការណែនាំនេះ គឺជាការផ្តល់អនុសាសន៍ ក៏ដូចជាការដាស់តឿនដល់មន្ត្រីឱ្យផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពដោយមិនប្រកាន់និន្នាការនយោបាយឡើយ។
លោកថា៖ «នេះជាអនុសាសន៍ល្អ ប៉ុន្តែការអនុវត្តជាក់ស្តែងឃើញថា មិនទាន់បានរលូននោះទេ។ អ្វី ដែលសំខាន់អ្នកមិនព្រមអនុវត្ត និងប្រព្រឹត្តខុសត្រូវតែចាត់វិធានការតាមវិន័យរដ្ឋបាល ឬតាមផ្លូវច្បាប់។ ធ្វើដូចនេះអាចតម្រង់ទិសទៅដល់អាជ្ញាធរមូលដ្ឋានឱ្យអនុវត្តបានត្រឹមត្រូវ»។
លោកបន្តថា ជាការពិតប្រទេសក្នុងលទ្ធិប្រជាធិបតេយ្យ ប្រជាពលរដ្ឋត្រូវមានសិទ្ធិពេញលេញក្នុងការទទួលបាននូវសេវាសាធារណៈស្មើៗគ្នាដោយរហ័សទាន់ចិត្ត៕