ភ្នំពេញៈ សាលាឧទ្ធរណ៍ភ្នំពេញនៅថ្ងៃទី ២៣ ឧសភា បានប្រកាសសាលដីកាកំបាំងមុខមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក ៤ រូប និងអតីតមន្ត្រី ១ រូបទៀតសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញដដែល បន្ទាប់ពីបានកាត់ក្តីឱ្យពួកគេជាប់ពន្ធនាគារក្នុងម្នាក់ ៥ ឆ្នាំ តែឱ្យអនុវត្តទោស ១៤ ខែពាក់ព័ន្ធបទចោទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សីដល់ នាង ខុម ចាន់តារាទី ហៅ ស្រីមុំ។
ការប្រកាសសាលដីកានៅថ្ងៃទី ២៣ ឧសភា លោកចៅក្រម ស៊ិន វិសាល បានអានសាលដីកានៅចំពោះមុខមេធាវី ការពារសិទ្ធិឱ្យលោក យី សុខសាន្ត, លោក នី សុខា, លោកស្រី លឹម មុន្នី និង ណៃ វ៉ង់ដា ខណៈអវត្តមានលោកមេធាវី សំ សុគង់ ដែលការពារសិទ្ធិឱ្យលោក នី ចរិយា ថា តាមអង្គហេតុ និងតាមចម្លើយកាលពីថ្ងៃទី ២៨ មេសា ឆ្នាំ ២០២២ ដែលជាថ្ងៃជំនុំជម្រះនោះជនជាប់ចោទទាំង ៥ នាក់បានឆ្លើយថា ប្រាក់ដែលខាងសមាគមការពារសិទ្ធិមនុស្សអាដហុកផ្តល់ឱ្យកញ្ញា ខុម ចាន់តារាទី ចំនួន ២០៤ ដុល្លារនោះគឺសម្រាប់ចំណាយលើការហូបចុកតែប៉ុណ្ណោះ។ ពួកគេមិនបានប្រព្រឹត្តអំពើសូកប៉ាន់សាក្សីដូចដែលតុលាការចោទប្រកាន់ឡើយ។
លោកចៅក្រមបន្តថា តាមភ័ស្តុតាងដែលជាខ្សែអាត់វីដេអូបានបង្ហាញថា ស្ត្រីឈ្មោះ ខុម ចាន់តារាទី បាននិយាយតាមទូរស័ព្ទជាមួយលោក កឹម សុខា ដែលសំឡេងមនុស្សប្រុស ជាសំឡេងលោក កឹម សុខា រីឯសំឡេងមនុស្ស ស្រី ជាសំឡេងរបស់ នាង ខុម ចាន់តារាទី។ បើតាមអង្គហេតុនាង ខុម ចាន់តារាទី មានការឆ្លើយឆ្លងគ្នាជាមួយលោក កឹម សុខា និងបានធ្វើដំណើរទៅប្រទេសថៃផង។
លោកបន្តទៀតថា កាលពីថ្ងៃទី ២៦ កញ្ញា ឆ្នាំ ២០១៨ តុលាការរាជធានីបានប្រកាសសាលក្រមផ្តន្ទាទោស លោក យី សុខសាន្ត, លោក នី សុខា, លោកស្រី លឹម មុន្នី, ណៃ វ៉ង់ដា និងលោក នី ចរិយា ដែលម្នាក់ៗជាប់ពន្ធនាគារ ៥ ឆ្នាំ តែត្រូវអនុវត្តទោសក្នុងពន្ធនាគារតែ ១៤ ខែប៉ុណ្ណោះ ចំណែកទោសដែលនៅសល់ប៉ុន្មានត្រូវព្យួរ។ ប៉ុន្តែកាលពីថ្ងៃបើកសវនាការជំនុំជម្រះនៅសាលាឧទ្ធរណ៍ភ្នំពេញតំណាងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញលោក អ៊ឹម សុផាន បានស្នើសុំដល់ក្រុមប្រឹក្សាជំនុំជម្រះឱ្យជនជាប់ចោទទាំង ៥ នាក់នោះអនុវត្តទោស ៥ ឆ្នាំពេញក្នុងពន្ធនាគារដោយមិនមានការព្យួរទោសឡើយ។
លោកចៅក្រម ស៊ិន វិសាល ថ្លែងថា៖ «ករណីនេះក្រុមប្រឹក្សាជំនុំជម្រះមិនអាចពិចារណាបានឡើយ ពីព្រោះការអនុវត្តទោសក្នុងពន្ធនាគារ ១៤ ខែរបស់ជនជាប់ចោទទាំង ៥ នាក់សមស្របទៅនឹងព្យសនកម្មដែលពួកគេបានធ្វើហើយ។ សាលាឧទ្ធរណ៍ភ្នំពេញគប្បីតម្កល់សាលក្រមរបស់តុលាការរាជធានីភ្នំពេញទុកជាបានការដដែល»។
លោក សំ ទិត្យសីហា ជាមេធាវីការពារសិទ្ធិឱ្យលោក យី សុខសាន្ត, លោក នី សុខា, លោកស្រី លឹម មុន្នី និង ណៃ វ៉ង់ដា បានផ្តល់សម្ភាសនៅថ្ងៃទី ២៣ ឧសភា ដល់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីស្តាប់ការប្រកាសសាលដីកាថា ការដែលចៅក្រមសាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញនេះគឺលោកនឹងជជែកគ្នាជាមួយកូនក្តីរបស់លោកទៀតថាតើគួរបន្តធ្វើបណ្តឹងសារទុក្ខឬយ៉ាងម៉េចតទៅថ្ងៃមុខទៀត។
ចំពោះការដែលតុលាការសាលាឧទ្ធរណ៍ភ្នំពេញលើកឡើងកាលពីថ្ងៃជំនុំជម្រះថា មិនចាំបាច់ឃុំខ្លួនស្ត្រី ខុម ចាន់តារាទី ហៅ ស្រីមុំ និងស្ត្រីឈ្មោះ ទ្រី ឈួន នោះគឺវាធ្វើឱ្យប៉ះពាល់ដល់សិទ្ធិទទួលបានយុត្តិធម៌ និងមិនបានឆ្លើយតទល់គ្នាជាសាធារណៈរវាងអ្នកដែលត្រូវបានចោទប្រកាន់ ហើយនិងអ្នកដែលទទួលរងការចោទប្រកាន់។
លោកថា៖ «អ្វីដែលខ្ញុំសោកស្តាយនោះគឺអវត្តមានរបស់កញ្ញា ខុម ចាន់តារាទី និងស្ត្រីឈ្មោះ ទ្រី ឈួន ដែលជាសាក្សីមួយសំខាន់ក្នុងការសម្រេចសេចក្តីតាំងពីសាលាដំបូងដល់សាលាឧទ្ធរណ៍ភ្នំពេញនេះ។ សាលាឧទ្ធរណ៍ផ្អែកតែលើចម្លើយរបស់ស្ត្រីទាំង ២ នាក់នេះប៉ុណ្ណោះក្នុងការចោទប្រកាន់កូនក្តីខ្ញុំ។ ដូច្នេះការអវត្តមានរបស់អ្នកទាំង ២ នាក់នេះ វាហាក់ដូចជាមិនបានផ្តល់យុត្តិធម៌ដល់កូនក្តីខ្ញុំទាំង ៤ នាក់ទេ»។
«បើស្ត្រីទាំង ២ នាក់នេះមានវត្តមានពេលបើកសវនាការ គឺយើងគិតថានឹងមានការសួរដេញដោល ដើម្បីស្វែងរកការពិតដើម្បីឱ្យទាំងអ្នកដែលត្រូវបានចោទប្រកាន់ និងទាំងអ្នកដែលត្រូវបានគេចោទ គឺនឹងអាចទទួលយកនូវអ្វីដែលជាយុត្តិធម៌សម្រាប់កូនក្តីខ្ញុំ»។ ដើមហេតុដែលនាំឱ្យមានការឃុំខ្លួនមន្ត្រីអាដហុក ៥ នាក់គឺ ស្ត្រីឈ្មោះ ខុម ចាន់តារាទី បានពាក់ព័ន្ធនឹងខ្សែអាត់សំឡេងមានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ដែលគេចោទថា ជាលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ៕
វីដេអូ៖