ភ្នំពេញៈ ការបញ្ចូលមីក្រូសារជាតិក្នុងអង្ករ គឺជាជំហានចម្បងមួយក្នុងការដោះស្រាយបញ្ហាអាហារូបត្ថម្ភក្នុងប្រទេសកម្ពុជា ដែលប្រជាជនភាគច្រើនទទួលទានបាយ ក្នុងបរិមាណច្រើនជារៀងរាល់ថ្ងៃ។ នេះបើតាមមន្ត្រីក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។
លោក សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លើកឡើងដូចនេះ នាថ្ងៃទី ២៣ ឧសភា ក្នុងវគ្គបណ្តុះបណ្តាលបច្ចេកទេសរយៈពេល ២ ថ្ងៃ ស្តីអំពីការបញ្ចូលមីក្រូសារជាតិក្នុងអង្ករ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពផ្នែកបញ្ចូលមីក្រូសារជាតិនៅក្នុងប្រទេស។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយកម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ (WFP) ដោយសហការជាមួយក្រុមហ៊ុន ហ្គ្រីនត្រេដ និងសហព័ន្ធស្រូវអង្ករកម្ពុជា ពីថ្ងៃទី ២៣-២៤ ខែឧសភា ឆ្នាំ ២០២២។
លោក សុខ ស៊ីឡូ ឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ គឺជាការបោះជំហានទៅមុខ ក្នុងការគាំទ្ររបៀបវារៈជាតិស្តីពីការបញ្ចូលមីក្រូសារជាតិទៅក្នុងចំណីអាហារ និងឆ្លើយតបទៅនឹងអនុសាសន៍ ដែលទទួលបានពីកិច្ចសន្ទនាស្ដីពីប្រព័ន្ធស្បៀងឆ្នាំ ២០២១ អំពីការធ្វើពាណិជ្ជកម្មអាហារដែលបញ្ចូលមីក្រូសារជាតិ។ ការបញ្ចូលមីក្រូសារជាតិគឺជាការបន្ថែមនូវមីក្រូសារជាតិសំខាន់ៗទៅក្នុងអាហារដូចជាអង្ករ ដើម្បីបង្កើនតម្លៃអាហារូបត្ថម្ភប្រកបដោយសុវត្ថិភាព និងសន្សំសំចៃ។
នៅកម្ពុជា ការបញ្ចូលមីក្រូសារជាតិទៅក្នុងអំបិល ទឹកត្រី និងទឹកស៊ីអ៊ីវ ដោយប្រើជាតិអ៊ីយ៉ូដ និង/ ឬហ្វូឡាតត្រូវបានអនុវត្តអស់រយៈពេលជាច្រើនឆ្នាំហើយ ប៉ុន្តែការបញ្ចូលមីក្រូសារជាតិទៅក្នុងអង្ករនៅជារឿងថ្មីនៅឡើយ។ កម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិបានចាប់ផ្ដើមគាំទ្រលើការបញ្ចូលមីក្រូសារជាតិក្នុងអង្ករជាលើកដំបូងក្នុងកម្មវិធីជាតិផ្តល់ស្បៀងអាហារតាមសាលារៀន។
លោក សុខ ស៊ីឡូ ថ្លែងថា៖ «ខ្ញុំជឿថា នេះគឺជាជំហានចម្បងមួយក្នុងការដោះស្រាយបញ្ហាអាហារូបត្ថម្ភក្នុងប្រទេសដែលប្រជាជនភាគច្រើនទទួលទានបាយក្នុងបរិមាណច្រើនជារៀងរាល់ថ្ងៃ។ កម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលទទួលទានបាយច្រើនបំផុតនៅក្នុងតំបន់»។
បាយ គឺជាប្រភពថាមពលដ៏ល្អ ក៏ប៉ុន្តែវាខ្វះនូវមីក្រូសារជាតិសំខាន់ៗ ដូចជា វីតាមីនអា ជាតិដែក និងកាល់ស្យូម ដែលមានក្នុងអាហារផ្សេងទៀត ដូចជាប្រភេទផ្លែឈើ និងបន្លែ ជាដើម។ ជាលទ្ធផលប្រជាជនកម្ពុជាភាគច្រើនរងផលប៉ះពាល់ដោយបញ្ហាកង្វះមីក្រូសារជាតិ ដែលអាចប៉ះពាល់ដល់សុខភាព ផលិតភាពការងារ និងសមត្ថភាពរៀនសូត្រ។
សេចក្តីប្រកាសព័ត៌មានរបស់កម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ (WFP) នៅថ្ងៃទី ២៣ ខែឧសភា បានឱ្យដឹងថា ការសិក្សាអំពីផលវិបាកផ្នែកសេដ្ឋកិច្ច ដោយសារបញ្ហាអាហារូបត្ថម្ភនៅកម្ពុជាបានរកឃើញថា ការចំណាយទៅលើបញ្ហាកង្វះអាហារូបត្ថម្ភមានបរិមាណពី ២៥០ ទៅ ៤០០ លានដុល្លារក្នុង ១ ឆ្នាំ។ ក្នុងនោះជាង ១៣៤ លានដុល្លារបានខាតបង់ ដោយសារបញ្ហាកង្វះមីក្រូសារជាតិ។
ប្រធានគ្រប់គ្រងផ្នែកផលិតកម្មមកពីរោងម៉ាស៊ីនកិនស្រូវចំនួន ១៥ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះបានបង្ហាញនូវការអនុវត្តជាក់ស្ដែងអំពីដំណើរការផ្សំ ការដំឡើង និងរបៀបប្រើឧបករណ៍ និងការត្រួតពិនិត្យ និងធានាគុណភាព។
លោក ម៉ម បូរ៉ាត ប្រធាននាយកដ្ឋានលើកកម្ពស់អាហារូបត្ថម្ភនៃក្រសួងផែនការ ក៏បានថ្លែងនាឱកាសនោះដែរថា ការបន្ថែមវីតាមីន ឬសារធាតុរ៉ែទៅក្នុងអង្ករប្រកបដោយសុវត្ថិភាព បង្កើនគុណភាពអាហារូបត្ថម្ភរបស់អង្ករ និងអាចជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការទប់ទល់នឹងបញ្ហាកង្វះមីក្រូសារជាតិរបស់ប្រជាពលរដ្ឋក្រីក្រ ដោយមិនចាំបាច់ផ្លាស់ប្តូរទម្លាប់ និងរសជាតិអាហាររបស់ពួកគាត់។
លោកបញ្ជាក់ថា៖ «តាមរយៈការដកស្រង់ការសិក្សាឆ្នាំ ២០១៧ របស់កម្មវិធីស្បៀងអាហារពិភពលោក ១ ភាគ ៥ នៃក្រុមគ្រួសារនៅកម្ពុជាខ្វះខាតលទ្ធភាពទិញរបបអាហារ ដែលមានជីវជាតិគ្រប់គ្រាន់ក្នុងតម្លៃទាបបំផុត»។
លោកបន្តថា ចាប់តាំងពីឆ្នាំ ២០១០ កម្មវិធីស្បៀងអាហារពិភពលោកគឺជាដៃគូឈានមុខរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការបញ្ចូលមីក្រូសារជាតិទៅក្នុងអង្ករ។ ការសិក្សាក្នុងដំណាក់កាលដំបូងបានបង្ហាញថា អង្ករដែលមានបញ្ចូលមីក្រូសារជាតិទទួលបានការចូលចិត្តខ្លាំងពីសំណាក់គ្រូបង្រៀន ឪពុកម្តាយ និងកុមារជាសិស្សនៅទូទាំងប្រទេស។
លោក ម៉ម បូរ៉ាត បញ្ជាក់ថា៖ «ក្រោយមកការសិក្សាមួយដែលធ្វើឡើងជាមួយសិស្សជាង ៩ ០០០ នាក់ បានបញ្ជាក់ពីផលវិជ្ជមាននៃអង្ករមីក្រូសារជាតិ ក្នុងការលើកកម្ពស់សុខភាព និងសមត្ថភាព ក្នុងការគិតរបស់កុមារនៅតាមទីជនបទ»។
ជាលទ្ធផលរាជរដ្ឋាភិបាលបានអនុម័តយល់ព្រមលើការប្រើប្រាស់អង្ករមីក្រូសារជាតិ ក្នុងកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀនក្នុងឆ្នាំ ២០១៦។ ៣ ឆ្នាំបន្ទាប់មក កម្មវិធីស្បៀងអាហារពិភពលោក និងក្រុមហ៊ុន ហ្គ្រីនត្រេដ បានលាយអង្ករមីក្រូសារជាតិជាលើកដំបូងក្នុងប្រទេស ដែលបង្ហាញនូវជោគជ័យមួយ ក៏ដូចជា ការត្រួសត្រាយផ្លូវសម្រាប់កិច្ចការបច្ចុប្បន្ន ដែលគាំទ្រដល់រោងម៉ាស៊ីនកិនស្រូវក្នុងស្រុក ដើម្បីអនុវត្តកិច្ចការលាយបញ្ចូលអង្ករមីក្រូសារជាតិនេះ។
តំណាង និងជានាយកប្រចាំប្រទេសនៃកម្មវិធីស្បៀងអាហារពិភពលោក លោកស្រី គ្លែរ កូណាន់ អបអរសាទរដល់រាជរដ្ឋាភិបាល ចំពោះភាពជាដៃគូ និងការគាំទ្រដល់ការច្នៃប្រឌិតនេះ។ លោកស្រីថា ឥឡូវនេះ [យើង] កំពុងស្ថិតក្នុងដំណាក់កាលមួយ ដែលអាចពង្រីកដើម្បីធានាការផ្គត់ផ្គង់អង្ករមីក្រូសារជាតិដោយនិរន្តរភាពនៅក្នុងប្រទេស។
លោកស្រីបានថ្លែងថា៖ «ការជំរុញការប្រើប្រាស់អង្ករមីក្រូសារជាតិអាចជួយឱ្យយើងធានាថា ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសជនក្រីក្រ និងជនងាយរងគ្រោះ មានលទ្ធភាពទិញអាហារ ដែលមានជីវជាតិ និងអាចជម្នះលើបញ្ហាអាហារូបត្ថម្ភនៅទូទាំងប្រទេសជាពិសេសក្នុងចំណោមស្ត្រី កុមារ និងស្ត្រីបំបៅដោះកូន»៕