ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ពីមូលហេតុនៃដំណើរការបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ ១៩ ក្នុងប្រទេសដែលមានការយឺតយ៉ាវ ដោយសារតែរាជរដ្ឋាភិបាលមិនទាន់បានចុះហត្ថលេខាទទួលទិញវ៉ាក់សាំងដែលផលិតបានពីរោងចក្រនេះ។
លោកបានលើកឡើងពីមូលហេតុនេះ កាលពីថ្ងៃទី ២១ ខែឧសភា ក្នុងប្រទេសស្វ៊ីសនាពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ មកពីបណ្តាប្រទេសនានា ក្នុងតំបន់អឺរ៉ុប ជាង ២ ១០០ នាក់។ លោក ហ៊ុន សែន បានលើកឡើងថា វ៉ាក់សាំងនៅតែដើរតួនាទីសំខាន់ ដែលកម្ពុជាត្រូវតែបន្តនូវការចាក់វ៉ាក់សាំងកូវីដ ១៩ នេះដែលមកដល់ពេលនេះលោកបានអនុម័តឱ្យចាក់ដូសទី ៥ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ៩ ខែមិថុនា ខាងមុខ។
លោកបានមានប្រសាសន៍ថា៖ «យើងទទួលបានរបាយការណ៍ហើយថា ការយឺតយ៉ាវកន្លងទៅនៃការផលិត និងវេចខ្ចប់វ៉ាក់សាំង ក្នុងស្រុកដោយសារតែរាជរដ្ឋាភិបាលរបស់យើងមិនបានចុះកិច្ចសន្យាទិញ។ អ៊ីចឹង! ពួកគេផលិតមិនកើត»។
លោកបានបន្ថែមថា៖ «កាលពីម្សិលម្ង៉ៃ (១៩ ឧសភា) ខ្ញុំបានធ្វើការសម្រេចឱ្យចុះហត្ថលេខា ដើម្បីទទួលទិញយកវ៉ាក់សាំងនេះ ហើយប្រទេសដទៃអាចទិញវ៉ាក់សាំងពីប្រទេសរបស់យើងបានផង ហើយយើងក៏ទិញវ៉ាក់សាំងដែលផលិតនៅក្នុងស្រុកយើងចាក់ជូនប្រជាពលរដ្ឋក្នុងប្រទេសរបស់ខ្លួនផងដែរ»។ លោក ថា ចំពោះវ៉ាក់សាំងកូវីដ ១៩ នេះ លោកធានាជូនប្រជាពលរដ្ឋកម្ពុជាថាមិនមានការខ្វះនោះឡើយ។
លោកបញ្ជាក់ថា៖ «ការបង្កើតរោងចក្រផលិតវ៉ាក់សាំងនៅក្នុងស្រុកនេះ ក៏ជាការត្រៀមបម្រុងទុកមួយ ព្រោះយើងមិនដឹងថា តើជំងឺឆ្លងនេះវានឹងបំប្លែងមេរោគនោះទៅជាអ្វីទៀត។ ដូច្នេះបានជាយើងត្រៀមបម្រុងទុកនូវយថាហេតុអាក្រក់ណាមួយកើតឡើង»។
គួរបញ្ជាក់ផងដែរថា កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រីបានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ស្រាវជ្រាវរកមូលហេតុនៃការយឺតយ៉ាវក្នុងការផលិតវ៉ាក់សាំងកូវីដ ១៩ ក្នុងស្រុក ខណៈដែលរោងចក្រត្រូវបានបង្កើត និងផ្តល់អាជ្ញាប័ណ្ណ (License) រួចហើយ។
ជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានថ្លែងកាលពីថ្ងៃទី ២២ ខែឧសភា ថា ការទទួលការចាក់វ៉ាក់សាំងនេះគឺជាការងារសំខាន់ និងចាំបាច់បំផុតសម្រាប់ប្រជាពលរដ្ឋ ពិសេសបុគ្គលដែលមានអាយុដល់វេនចាក់វ៉ាក់សាំងកូវីដនេះ។
លោកស្រីបន្តថា៖ «ទោះបីជា ស្ថានភាពនៃជំងឺកូវីដ ១៩ មានភាពល្អប្រសើរក៏ពិតមែន ប៉ុន្តែប្រសិនបើការចាក់វ៉ាក់សាំងកូវីដដូសជំរុញ ទាំងដូសទី ៣ ទី ៤ និងទី ៥ មិនបានអនុវត្តឱ្យបានត្រឹមត្រូវតាមកាលកំណត់ទេ នោះប្រព័ន្ធការពារ ឬកងការពារនៅក្នុងសរីរាង្គបុគ្គលនឹងធ្លាក់ចុះទាំងអស់តែម្តង ដែលធ្វើឱ្យហានិភ័យនៃការចម្លង ឬឆ្លងខ្ពស់»។
ជំងឺកូវីដ ១៩ នៅតែចរាចរណ៍នៅលើសកលលោកក្នុងតំបន់ និងនៅតាមបណ្តាប្រទេសជិតខាងកម្ពុជាផងដែរ ដែលកំពុងតែបន្តឆ្លង ឈឺ និងស្លាប់ជារៀងរាល់ថ្ងៃ។ លោកស្រី ឱ វណ្ណឌីន ថា វ៉ាក់សាំងនៅតែជាឧបករណ៍ដ៏សំខាន់សម្រាប់បុគ្គលគ្រប់រូបពីការវាយលុកពីជំងឺកូវីដ ១៩ រួមនឹងមេរោគបំប្លែងថ្មីផងដែរ។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២២ លទ្ធផលនៃការចាក់វ៉ាក់សាំងកូវីដ ១៩ នៅទូទាំងប្រទេសសរុបបានចំនួនជាង ១៥ លាននាក់ ក្នុងនោះរួមមាន មនុស្សអាយុចាប់ពី ១៨ ឆ្នាំឡើងមានជាង ១០ លាននាក់។
ក្រសួងបានបន្តថា ចាប់ពីអាយុ ១២ ដល់ ១៨ ឆ្នាំ បានជាង ១,៨ លាននាក់ចាប់ពីអាយុ ៦ ដល់ ១២ ឆ្នាំជាង ២ លាននាក់ អាយុ ៥ ឆ្នាំមានចំនួនជាង ៤០ ម៉ឺននាក់ និងអាយុ ៣ ឆ្នាំដល់ក្រោម ៥ ឆ្នាំ មានចំនួនជិត ៤០ ម៉ឺននាក់។ ដោយឡែក អ្នកដែលបានចាក់ដូសទី ៣ មានចំនួនជាង ៩ លាននាក់ និងដូសទី ៤ បានចំនួនជាង ២ លាននាក់៕