
បុរសម្នាក់បើកត្រាក់ទ័រភ្ជួរដីស្រែប៉ះចំមីនតោន បណ្តាលឱ្យផ្ទុះស្លាប់។ រូបថត CMAC
ព្រះវិហារៈ បុរសម្នាក់បានបើកត្រាក់ទ័រភ្ជួរដីស្រែ ប៉ះចំមីនតោនបណ្តាលឱ្យផ្ទុះស្លាប់ នៅភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២២។
លោក លិញ យុត អភិបាលរងស្រុកជាំក្សាន្តបានឱ្យភ្នំពេញប៉ុស្តិ៍ដឹងនៅថ្ងៃទី ២៣ ឧសភាថា ជនរងគ្រោះមានឈ្មោះ រី លីន អាយុ ២៩ ឆ្នាំរស់នៅភូមិអន្លង់ ឃុំកន្ទួត ស្រុកជាំក្សាន្ត។
លោកប្រាប់ថា៖ «បុរសរងគ្រោះគាត់ទៅស៊ីឈ្នួលភ្ជួរដីស្រែឱ្យគេ ហើយជាអកុសលគាត់បើកបរត្រាក់ទ័រចំមីនតោនផ្ទុះស្លាប់ ឯត្រាក់ទ័រភ្ជួរដីរបស់គាត់ក៏ត្រូវខូចខាតទាំងស្រុង»។
លោកបានរៀបរាប់ថា កាលពីព្រឹកថ្ងៃទី ២២ ឧសភា ជនរងគ្រោះបានបើកត្រាក់ទ័ររបស់ខ្លួនទៅស៊ីឈ្នួលភ្ជួរដីស្រែឱ្យគេ។ លុះរហូតដល់ម៉ោងជាង ២ រសៀល ស្រាប់តែអ្នកភូមិបានឮសំឡេងផ្ទុះ។
ពេលនោះក្រុមអ្នកភូមិបាននាំគ្នារត់សំដៅទៅកន្លែងកើតហេតុ ក៏ឃើញជនរងគ្រោះដាច់ខ្យល់ស្លាប់ទៅហើយ។ ភ្លាមៗនោះអ្នកភូមិបានរាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ឃុំស្រអែម ហើយនគរបាលបានចុះធ្វើអន្តរាគមន៍ដល់ទីតាំងកើតហេតុ។
លោកបានបន្តថា នៅកន្លែងកើតហេតុសមត្ថកិច្ចបានពិនិត្យសាកសពជនរងគ្រោះឃើញត្រូវអំបែងគ្រាប់ត្រង់ស្មាខាងឆ្វេងបាក់ឆ្អឹង និងរយះសាច់មួយផ្នែកធំ រីឯនៅត្រង់ពោះ រយះដោយអំបែងគ្រាប់មីនដែរ។ ចំណែកត្រាក់ទ័រវិញត្រូវខូចខាតទាំងស្រុង។ ភ្លាមៗក្រោយពីក្រុមគ្រូពេទ្យ និងសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួចក៏បានប្រគល់សាកសពជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី។
លោកបញ្ជាក់ថា នៅស្រុកជាំក្សាន្តមានតំបន់ខ្លះនៅមានបន្សល់ទុកនូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមួយចំនួនដែលគ្រាប់ទាំងនោះនៅមានគុណភាពហើយអាចបង្កគ្រោះថ្នាក់ដល់មនុស្សប្រសិនបើប៉ះវា។ ទន្ទឹមនឹងនេះដែរទាំងមន្ត្រីកម្ចាត់មីនស៊ីម៉ាក់រួមទាំងអាជ្ញាធរមូលដ្ឋានក្នុងតំបន់តែងតែធ្វើការផ្សព្វផ្សាយអប់រំជាប្រចាំខែដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់។ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋនៅតែជួបគ្រោះថ្នាក់ស្លាប់ និងរបួសដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះដែរ។
លោកថា៖ «ចាប់តាំងពីដើមខែមករា ដល់ខែឧសភា ឆ្នាំ ២០២២ នេះមានជនរងគ្រោះស្លាប់ចំនួន ៦ នាក់ និងរបួស ៦ នាក់ហើយសុទ្ធតែប្រុសទាំងអស់»។
នៅក្នុងស្រុកជាំក្សាន្តមានក្រុមប្រតិបត្តិករបោសសម្អាតមីនចំនួន ៣ ក្រុមក្នុងនោះមាន អង្គភាព CMAC មាន ១ អង្គភាព ឈរជើងនៅក្នុងស្រុកជាំក្សាន្ត គឺកងឯកភាពបោសសម្អាតមីនទី ៦ ធ្វើសកម្មភាពស្រុកជាំក្សាន្ត ស្រុកត្រពាំងប្រាសាទ ស្រុកអន្លង់វែងក្នុងខេត្តឧត្តរមានជ័យ និងស្រុកថាឡាបរិវ៉ាត់ក្នុងខេត្តស្ទឹងត្រែង។ ក្រៅពីអង្គភាពខាងលើ ក៏នៅមានអង្គការហេឡូត្រាស់ ១ ក្រុម ចុះដោះមីនចល័តក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត និងមានក្រុមដើរប្រមូលកាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមរបស់អង្គការដោះមីនកម្ពុជា ហៅថា (អាគីរ៉ា) ផងដែរ៕