ភ្នំពេញៈ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានដាក់ផែនការអនុវត្តគម្រោងបោសសម្អាតផ្ទៃដីចម្ការមីន ដែលនៅសល់ក្នុងខេត្ដបាត់ដំបងប្រមាណ ៨ ពាន់ហិកតាក្នុងរយៈពេល ៤ ឆ្នាំ (ចាប់ពីថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២២ ដល់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥) តាមរយៈជំនួយគាំទ្រថវិកាជាង ១២ លានដុល្លារពីប្រជាជន និងរដ្ឋាភិបាលជប៉ុន។ នេះបើតាមលោក ហេង រតនា នាយក ស៊ីម៉ាក់។
លោក ហេង រតនា បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែឧសភានេះ លោក តំណាងឱ្យអង្គភាពស៊ីម៉ាក់ និងលោកស្រី Ritsuko Yonemichi ប្រធានជាន់ខ្ពស់គម្រោងកិច្ចប្រតិបត្តិការ នៃក្រុមហ៊ុន Crown Agents Japan Limited (CA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្នា ស្តីពីការអនុវត្តគម្រោងបោសសម្អាតមីន នៃគម្រោងសមាហរណកម្មបោសសម្អាតមីននិងជួយសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី២។ គម្រោងនេះបានអនុវត្ដ ក្រោមហិរញ្ញប្បទានឥតសំណងរបស់ប្រជាជន និងរដ្ឋាភិបាលជប៉ុនក្នុងទំហំទឹកប្រាក់ប្រមាណជាង ១២ លានដុលល្លារ (១២ ២៦៣ ៤៦៥ ដុល្លារ) សម្រាប់រយៈពេល ៤ ឆ្នាំ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។
លោក បញ្ជាក់ថា៖«គម្រោងនេះ ជាផ្នែកនៃកញ្ចប់ គម្រោងជំនួយ ២០០០ លានយ៉េន ដែលរដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជាដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គភាពស៊ីម៉ាក់។តាមផែនការគម្រោងនេះនឹងត្រូវធ្វើការបោសសម្អាតផ្ទៃដីចម្ការមីនចំនួនជាង ៨ ពាន់ហិកតាក្នុងខេត្តបាត់ដំបង»។
លោក រតនា បានឱ្យដឹងថាគម្រោងនេះទទួលបានការអនុម័យពីរដ្ឋាភិបាលជប៉ុន កាលពីកុម្ភៈ ឆ្នាំ២០២២នេះ តាមរយៈការ ស្នើសុំរបស់អង្គភាពស៊ីម៉ាក់ ដែលរាជរដ្ឋាភិបាលបានស្នើទៅរដ្ឋាភិបាលជប៉ុនឱ្យគាំទ្រដល់សកម្មភាពរបស់អង្គភាពស៊ីម៉ាក់ ដែលហៅថា គម្រោងសមាហរណកម្មបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី ២ នេះ។
លោកបញ្ជាក់ថា៖«យើងចុះហត្ថលេខាជាមួយ អ្នកផ្ដល់យោបល់ (Consultant) តាមនីតិវិធីក្រោយពីបានចុះកិច្ចព្រមព្រាងអនុសញ្ញាពិធីសារដែលបានផ្លាស់ប្ដូរដោយរដ្ឋាភិបាលទាំងពីរ ហើយរដ្ឋាភិបាលជប៉ុនត្រូវជ្រើសរើស អ្នកផ្ដល់យោបល់ ដែលជាអ្នកគ្រប់គ្រងគម្រោង និងអនុវត្ដគម្រោងជាមួយអង្គភាពស៊ីម៉ាក់»។
លោកបន្តថា ការចុះហត្ថលេខាថ្ងៃនេះ គឺបានចែកចេញជា ៣ ផ្នែក គឺទី១ មានការបោសសម្អាតមីន ទី២ ផ្នែកសង្គ្រោះជនពិការដោយសារមីន និងទី៣ ផ្នែកទិញសម្ភារ។
លោកបញ្ជាក់ថា៖ «អ៊ីចឹង គម្រោងបោសសម្អាតមីនេះ គឺត្រូវចំណាយថវិកា អស់ប្រមាណជាង ១២ លានដុល្លារអាមេរិក នៅក្នុងរយៈពេល ៤ ឆ្នាំនេះ។ អ្នក Consultant នេះ គាត់បានចាត់ចែងកិច្ចព្រមព្រាង ដើម្បីគ្រប់គ្រងកិច្ចការបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់ដែលគាត់នឹងផ្ដល់ថវិកាព្រោះគាត់គ្រប់គ្រងថវិកា។ រីឯការងារសកម្មភាពបោសសម្អាតមីន គឺជាសមត្ថកិច្ចរបស់អង្គភាពស៊ីម៉ាក់។ អ៊ីចឹងគាត់ត្រូវរាយការណ៍ទៅរដ្ឋាភិបាលជប៉ុន យើងរាយការណ៍ទៅរាជរដ្ឋាភិបាលរបស់យើង»។
លោក រតនា បញ្ជាក់ថា ថវិកាជាង ១២ លានដុល្លារ សម្រាប់អនុវត្ដគម្រោងរយៈពេល ៤ ឆ្នាំនេះ ក៏ប្រើប្រាស់សម្រាប់គាំទ្រកម្លាំងប្រតិបត្ដិការរបស់កងកម្លាំងស៊ីម៉ាក់ប្រមាណជាង ៥០០ នាក់ដែលជាអ្នកអនុវត្ដគម្រោងនេះផងដែរ។
លោកបន្តថា រាជរដ្ឋាភិបាល មានមហិច្ឆតាសម្រេចឱ្យបាននូវអនុសញ្ញាអន្តរជាតិអូតាវ៉ា ដែលជាអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្សជាអនុសញ្ញាអន្តរជាតិឱ្យចប់ត្រឹមឆ្នាំ២០២៥។ ចំណែកជំនួយរបស់រដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់ដល់កម្ពុជាគាំទ្រដល់សកម្មភាពរបស់ស៊ីម៉ាក់នេះ គឺមានសារៈសំខាន់ណាស់ក្នុងការរួមចំណែកដល់រាជរដ្ឋាភិបាលសម្រេចមហិច្ឆតានៃអនុសញ្ញាអន្តរជាតិអូតាវ៉ានេះបាន ពីព្រោះថាបើសិនគ្មានការរួមចំណែកបែបនេះ គឺរដ្ឋាភិបាលត្រូវការពេលវេលាច្រើនបន្តទៀតលើការងារបោសសម្អាតមីនេះ។
លោក នួម ឆៃរួម ប្រធានក្រុមការងារសកម្មភាពមីនខេត្ដបាត់ដំបង បានឱ្យដឹងនៅថ្ងៃទី២៤ ឧសភានេះថា នៅទូទាំងខេត្តបាត់ដំបង មានផ្ទៃដីប៉ះពាល់ដោយសារគ្រាប់មីនជាង ៦ ម៉ឺនហិកតា ស្មើនឹងប្រមាណ ៦២៥ គីឡូម៉ែត្រក្រឡា នៃផ្ទៃដីសរុបរបស់ខេត្តបាត់ដំបង ចំនួន ១១ ៧៤៨ គីឡូម៉ែត្រក្រឡា។
លោកបានបន្តថា ជាលទ្ធផលលើការបោសសម្អាតមីននៅខេត្តបាត់ដំបងចាប់តាំងពីឆ្នាំ១៩៩២ ដល់ដំណាច់ ឆ្នាំ២០២១ ផ្ទៃដីបោសសម្អាតមីនរួចរាល់ជិត ៦ ម៉ឺនហិកតា ឬស្នើនឹងប្រមាណ ៥១២ គីឡូម៉ែត្រក្រឡា ហើយផ្ទៃដីនៅសល់មិនទាន់បោសសម្អាតប្រមាណ ១ ម៉ឺនហិកតា ស្មើនឹងប្រមាណ ១១៣ គីឡូម៉ែត្រ។ លោកថា លទ្ធផលការការងារបោសសម្អាតមីននេះ ក្រុមការងារបានរកឃើញមីនប្រឆាំងមនុស្សប្រមាណជាង ២០ ម៉ឺនគ្រាប់ មីនប្រឆាំងរថគ្រោះប្រមាណ ៤ ពាន់គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណ ៧ ម៉ឺនគ្រាប់។
លោកបញ្ជាក់ថា៖«ពាក់ព័ន្ធផ្ទៃដីមានមីនដែលនៅសេសសល់ប្រមាណ ១ ម៉ឺនហិកតានេះ សម្រាប់ផែនការឆ្នាំ២០២២ យើងមានប្រតិបត្តិការចំនួន ៣ សម្រាប់សកម្មភាពបោសសម្អាតមីនក្នុងខេត្ដបាត់ដំបង ក្នុងនោះមានអង្គភាពស៊ីម៉ាក់ អង្គការហេឡូត្រាស្ត (HALO Trust) និងអង្គការម៉ែក (MAG)»។
បើតាមអាជ្ញាធរមីនបានឱ្យដឹងថានៅថ្ងៃទី២៤ ឧសភានេះថា ក្នុងខេត្តបាត់ដំបង គិតត្រឹមខែមេសា ឆ្នាំ២០២២ ផ្ទៃដីបោសសម្អាតរួចបានចំនួន ៥៦៤៤០២២៤៤ ម៉ែត្រក្រឡា (ប្រមាណ ៥៦៤ គីឡូម៉ែត្រក្រឡា) រកឃើញ និងកម្ទេចចោលមីនប្រឆាំងមនុស្សចំនួន ១៦៩១១៨ គ្រាប់ មីនតោនចំនួន ២៩៧៧ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ១២៤៦៣២ គ្រាប់។
ចំណែក ផ្ទៃដីដែលនៅសល់ ចំនួន ១០៣៨៥៩០១៨ ម៉ែត្រការ៉េ ។ អាជ្ញាធរមីនឱ្យដឹងថា ចាប់ពីឆ្នាំ១៩៧៩ ដល់ខែកញ្ញាឆ្នាំ២០២១ ខេត្តបាត់ដំបង មានជនរងគ្រោះថ្នាក់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមសរុប ១៥ ២៩៤ នាក់ (២៤% នៃជនរងគ្រោះទូទាំងប្រទេស)ក្នុងនោះដោយសារមីន១២ ៣៥១នាក់និងគ្រាប់២ ៩៤៣ នាក់៕