ស្ទឹងត្រែងៈ ត្រី​បបែល​យក្ស​ ១ ​ក្បាល​ថ្មី​ទៀត​ ត្រូវ​បាន​គម្រោង​អច្ឆរិយ​ភាព​ទន្លេ​មេគង្គ​ សហការ​ជា​មួយ​វិទ្យាស្ថាន​ស្រាវជ្រាវ ​និង​អភិ​វឌ្ឍន៍​ជលផល​ទឹកសាប​ (IFREDI)​ លែង​ចូល​ក្នុង​ទន្លេ​វិញ​ បន្ទាប់​ពី​វា​បាន​ជាប់​សន្ទូច​របស់​ប្រជា​នេសាទ​នៅ​ឃុំ​កោះ​ព្រះ ស្រុក​សៀម​បូក​ ខេ​ត្ត​ស្ទឹង​ត្រែង​ កាលពី​ល្ងាច​ថ្ងៃទី ​២២ ​ខែ ឧសភា ​ឆ្នាំ​ ២០២២​។ នេះ​បើតាម​សម្ដី​លោក​ ស្រី​ សម​វិចិត្រ​ នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្ត​ស្ទឹង​ត្រែង​។​​

លោក​ថ្លែង​ថា​ ត្រី​បបែល​យក្ស​នោះ ​មាន​ទម្ងន់​១៤៣​គីឡូក្រាម​ និង​ទទឹង​ដងខ្លួន​ ១៧១​ សង់​ទី​ម៉ែត្រ​ និង​បណ្តោយ​ដង​ខ្លួន​ ១៨១​ សង់​ទីម៉ែត្រ​ និង​ប្រវែង​ដងខ្លួន​សរុប (​ពី​ចុង​ច្រមុះ​ដល់​ចុង​កន្ទុយ​)​ ៣៦៥​សង់​ទីម៉ែត្រ​។ ​ វា​ត្រូវបាន​លែង​ចូល​ទៅក្នុង​ទន្លេ​មេគង្គ​វិញ​ នៅ​ព្រឹក​ថ្ងៃទី​ ២៣​ ខែ ឧសភា​ ឆ្នាំ​ ២០២២ ​បន្ទាប់​ពី​ក្រុម​មន្ត្រី​ជំនាញ​នៃ​កម្មវិធី​អច្ឆរិយ​ភាព​ទន្លេ​មេគង្គ​ និង​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៃ ​IFREDI ​បាន​ដោះ​ផ្លែ​សន្ទូច​ចេញ​ពី​មាត់​របស់​វា ​និង​ បាន​កឹ​ប​ស្លាក​សញ្ញា​សម្គាល់​ និង​បន្ទះ​ឈី​ប សម្រាប់​តាម​ដាន​ពី​សកម្មភាព​របស់​វា​រួច​មក​។

លោក​ថ្លែងថា​៖«​បបែល​យ​ក្ស​ទឹកសាប​នេះ​ ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​ និង​ជិត​ផុត​ពូជ​។​ ជាទូទៅ​វា​រស់នៅ​ក្នុង​អន្លុង់​ទឹក​ជ្រៅ ដូច​ពពួក​ផ្សោត​ទឹកសាប​ទន្លេ​មេគង្គ​ផងដែរ​»​។

បើតាម​លោក​ សម​វិចិត្រ​ កោះ​ព្រះ ជា​តំបន់​អភិរក្ស​ត្រី​មេ​ពូជ​ដ៏​កម្រ​ ដូចជា​ត្រី​ត្រសក់​ ត្រី​រាជ​ ត្រី​គល់រាំង​ និង​ជា​តំបន់​អន្លុង់ទឹក​ជ្រៅ ដែល​មាន​សត្វ​ផ្សោត​រស់នៅ​ផងដែរ ។​ តំបន់​នេះ​ត្រូវ​បាន​ការពារ​យ៉ាង​តឹងរឹង​ដោយ​ក្រុម​ឆ្មាំ​ទន្លេ នៃ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ស្ទឹង​ត្រែង ប្រជា​សហគមន៍​នេសាទ​ រួម​ទាំង​អាជ្ញាធរ​មូល​ដ្ឋាន​​។​

យ៉ាង​ណា​ក៏ដោយ​ លោក​ ផេង​ បឿន​ ប្រធាន​សហគមន៍​នេសាទ​កោះ​ព្រះ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ​វត្តមាន​សត្វ​បបែល​យក្ស​ទឹក​សាប​ ជាប់​សន្ទូច​អ្នកនេសាទ​ ម្ដង​ហើយ​ម្ដង​ទៀត​នេះ​ បាន​បង្ក​ឲ្យ​មាន​ក្ដី​ព្រួយ​កង្វល់ និង​បង្ហាញថា​សត្វ​ដ៏​កម្រ​និង​ជិត​ផុត​ពូជ​នេះ​កំពុង​ជួប​ប្រឈម​នូវ​ការ​គំរាម​កំហែង​យ៉ាង​ខ្លាំង​ពី​ប្រជា​នេសាទ​។​

លោក​បឿន​បាន​និយាយ​ថា​​៖ «​មុន​ដំបូង​យើង​មាន​អារម្មណ៍​អរ​សប្បាយ​ ដោយ​ឃើញ​មាន​វត្តមាន​បបែល​យក្ស​ទឹកសាប​ដ៏​កម្រ​និង​ជិត​ផុត​ពូ​ចនេះ​ នៅ​ក្នុង​ដង​ទន្លេ​មេគង្គ​នៃ​ភូមិសាស្ត្រ​ប្រទេស​កម្ពុជា​យើង​ ប៉ុន្តែ​នៅពេល​ឃើញ​វា​ជាប់​សន្ទូច​អ្នក​នេសាទ​យើង​ទៀត​នោះ ធ្វើ​ឲ្យ​យើង​គិតថា​ពួកវា​កំពុង​ជួប​ ប្រឈម​នូវ​បញ្ហា​មួយ​ចំនួន​ ដែល​រួម​ប​ញ្ជូ​ល​ទាំង​បញ្ហា​កង្វះ​ចំណី​អាហារ​ ផង​ដែរ​»​។

បើតាម​លោក​ បឿន បបែល​យក្ស​ទឹកសា​ប​នៅក្នុង​តំបន់​ការពារ​និង​អភិរក្ស​កោះ​ព្រះ​នោះ មាន​២​ប្រភេទ​ គឺ​បបែល​យក្ស​សម្បុរ​ខ្មៅ ដែល​អ្នកភូមិ​ហៅថា​ បបែល​ក្របី​ និ​ង​បបែល​យក្ស​សម្បុរ​ក្រហម ដែល​អ្នក​ភូមិ​និយម​ហៅ​ថា​ បបែល​គោ​។ ​ពួកវា​បាន​បង្ហាញ​ខ្លួន​នៅ​ទីនោះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ គ្មាន​នរណាម្នាក់​បានដឹង​ពី​ចំនួន​ពិតប្រាកដ​របស់​វា​នោះទេ ។​ ពេល​ខ្លះ​វា​មាន​ច​រឹត​ស្លូតបូត ប៉ុន្តែ​ពេលខ្លះ​វា​មាន​ការ​វាយ​ប្រហារ​មក​លើ​ទូក​ប្រជា​នេសាទ​ផង​ដែរ ​នៅពេល​ប្រើ​សន្ទូច​ស្ទូច​ចាប់​វា​។​

នេះ​គឺជា​លើក​ទី​២​ ហើយ ​ដែល​បបែល​យក្ស​ទឹកសាប​ត្រូវបាន​ប្រជា​នេសាទ​ក្នុង​តំបន់​អភិរក្ស​ខាងលើ​នេះ​ចាប់បាន​។ ​កាលពី​ថ្ងៃទី​ ៥​ ឧសភា ​កន្លង​ទៅ​ថ្មីៗ​នេះ ​ត្រី​បបែល​យក្ស​មួយ​ក្បាល​មាន​ទម្ងន់​ជិត ១៨០​ គីឡូក្រា​ម​ ក៏​បាន​ធ្វើការ​ដោះលែង​ទៅវិញ​ផងដែរ​ បន្ទាប់​ពី​ជាប់​សន្ទូច​អ្នក​នេសាទ​ម្នាក់​។​ ហើយ​ត្រី​បបែល​យក្ស​ទាំង​២​នេះ​ជា​ត្រី​បបែល​ញី ដែល​បាន​បង្ហាញ​ឱ្យឃើញ​ពី ត្រី​បបែល​ជា​ត្រី​មេ​ពូជ មាន​វត្ត​មាន​នៅ​ទន្លេ​មេគង្គ​លើ​នៃ​ប្រទេស​កម្ពុជា​។​

លោក ​សម​វិចិត្រ​ បាន​បញ្ជាក់​ថា​៖ «​បបែល​យក្ស​ទឹកសាប​ទាំង​ ២​ នោះ​ជាប់​សន្ទូច​ដែល​គេ​ស្ទូច ​និង​បង្កៃ ​មិនមែន​ជាប់​សន្ទូចរ​នង​នោះទេ​»​។ ​លោក​បាន​បន្ថែម​ថា​ កុំថា​ឡើយ​ឧបករណ៍​នេសាទ​ខុស​ច្បាប់ សូម្បី​តែ​ការ​រាយ​មង​និង​សន្ទូច​រនង​ នៅ​ក្នុង​តំបន់​អភិរក្ស​ត្រី​មេ​ពូជ និង​អន្លង់​ផ្សោត គឺ​ត្រូ​វ​បាន​ហាម​ឃាត់ ​និង​ចាត់​ទុក​ជា​អំពើ​ល្មើសច្បាប់​»​៕​

វីដេអូ៖