ភ្នំពេញៈ គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ចំនួន ១០ ក្នុងចំណោមគណបក្សនយោបាយចំនួន ១៧ នៅថ្ងៃទី ២៤ ខែឧសភា បានចុះហត្ថលេខា ប្តេជ្ញាចិត្ត ក្នុងការចេញដីកា ដើម្បីបង្ការ និងទប់ស្កាត់ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង និងដីកាលើកកម្ពស់ សហគ្រិននារីវ័យក្មេង នៅពេលដែលជាប់ឆ្នោត។ គណបក្សដែលចុះហត្ថលេខាលើការប្តេជ្ញាចិត្តនេះ រួមមាន គណបក្សឆន្ទៈខ្មែរ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សឯកភាពជាតិខ្មែរ គណបក្សកែទម្រង់កម្ពុជា គណបក្សខ្មែរតែមួយ គណបក្សកម្ពុជានិយម គណបក្សខ្មែររួបរួមជាតិ និងគណបក្សសញ្ជាតិកម្ពុជា។
តាមរយៈលិខិតប្តេជ្ញាចិត្តរបស់គណបក្សទាំង ១០ នេះបានបញ្ជាក់ថា គ្រឿងស្រវឹង បានធ្វើឱ្យមនុស្សស្លាប់ជាង ៣ លាននាក់នៅលើពិភពលោកជារៀងរាល់ឆ្នាំ និងបង្កឱ្យមានជំងឺជាង ២០០ មុខ ដូចជាលើសសម្ពាធឈាម ជំងឺបេះដូង ជំងឺថ្លើម រលាកលំពែង ដាច់សរសៃរឈាមខួរក្បាល បញ្ហាសរសៃប្រសាទ រួមទាំងគ្រោះថ្នាក់ចរាចរណ៍ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ និងសហគមន៍។
ដីកាបង្ការគ្រឿងស្រវឹងគួរដាក់បញ្ចូល ទី១ ដាក់កម្រិត ឬហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ទី២ ដាក់កម្រិតភាពងាយរកបាននៃគ្រឿងស្រវឹង និង ទី៣ កម្រិតអាយុនៃការប្រើប្រាស់គ្រឿងស្រវឹង។ លើសពីនេះទៀត យុវជនកម្ពុជាដែលមានវ័យក្រោម ៣៥ ឆ្នាំ មានចំនួនរហូតដល់ជិត ៧០% តែពួកគាត់នៅតែប្រឈមនឹងសិទ្ធិសេដ្ឋកិច្ច និងសិទ្ធិសង្គមរបស់ពួកគាត់ដែលតម្រូវឱ្យមានការប្តេជ្ញាចិត្តខាងនយោបាយបន្ថែមទៀត ក្នុងការធានាដល់ការចាប់ផ្តើម ក៏ដូចជា ការធ្វើប្រតិបត្តិការអាជីវកម្មរបស់នារីវ័យក្មេង។ ការប្រឈមទាំងនោះរួមមាន ការលើកទឹកចិត្តផ្នែកគោលនយោបាយ ការលើកទឹកចិត្តពីគ្រួសារ ការគាំទ្រពីសហគមន៍ ខ្វះព័ត៌មាន ខ្វះបទពិសោធ ព្រមទាំងភាពស្មុគស្មាញនៃការធ្វើឯកសារនៅថ្នាក់ឃុំ សង្កាត់សម្រាប់ចុះបញ្ជីអាជីវកម្មជាដើម។
យោងតាមរបាយការណ៍ឆ្នាំ ២០២១ គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានរកឃើញថា មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ២ ៦៧០ ករណីដែលបណ្ដាលឱ្យមានមនុស្សស្លាប់ចំនួន ១ ៤៩៧ នាក់ របួសចំនួន ៣ ៦១៥ នាក់ហើយគ្រោះថ្នាក់ដែលបណ្តាលមកពីការបើកបរក្រោមឥទ្ធិពលគ្រឿង-ស្រវឹងមានចំនួន ៤%។ ក្រៅពីនោះ នៅមានអំពើហិង្សាលើស្ត្រី និងកុមារជាកង្វល់ដ៏ធំផងដែរ ។
លោក ស៊ី មុយលី តំណាងគណបក្សឆន្ទៈខ្មែរថ្លែងនៅក្រោយចុះហត្ថលេខាថា នៅក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ គណបក្សរបស់លោកក៏បានស្នើទៅរដ្ឋមន្ត្រីក្រសួងព័ត៌មានឱ្យមានការបិទការផ្សព្វផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយនានា ពាក់ព័ន្ធនឹងគ្រឿងស្រវឹងនេះដែរ។
លោក ញឿន រ៉ាដែន តំណាងគណបក្សហ៊្វុនស៊ិនប៉ិច ក៏បានថ្លែងដែរថា ការចុះហត្ថលេខាក្នុងការបង្ការ និងទប់ស្កាត់ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង និងដីកាលើកកម្ពស់ សហគ្រិននារីវ័យក្មេងនៅក្រោយគណបក្សជាប់ឆ្នោតឃុំសង្កាត់នេះ ពិតជាមានសារៈសំខាន់ និងក៏ស្ថិតនៅក្នុងគោលនយោបាយ ៩ ចំណុចនៃការអភិវឌ្ឍភូមិឃុំសង្កាត់របស់គណបក្ស។
លោកថ្លែងថា៖ «អ៊ីចឹង យើងគិតថា សេចក្តីប្តេជ្ញាចិត្តនេះពិតជាមានសារៈសំខាន់ដល់គណបក្សនយោបាយទាំងអស់រួមគ្នាកាត់បន្ថយនូវការសេពគ្រឿងស្រវឹង និងហានិភ័យដែលកើតឡើងពីបញ្ហាគ្រឿងស្រវឹង»។
លោក ឆុន ចាន់ថន តំណាងគណបក្សយុវជនកម្ពុជាថ្លែងថា គណបក្សយុវជនកម្ពុជាតែងតែលើកឡើង ជាញឹកញយឱ្យមានការកាត់បន្ថយ និងទប់ស្កាត់ឱ្យមានប្រសិទ្ធភាពនូវការប្រើប្រាស់គ្រឿងស្រវឹង។ នៅពេលដែល គណបក្សយុវជនកម្ពុជាទទួលបាននូវតំណែងជាមេឃុំ ចៅសង្កាត់ ក៏ដូចជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសនឹងផ្សព្វផ្សាយឱ្យបានទូលំទូលាយពីហានិភ័យនៃការពិសាគ្រឿងស្រវឹង និងកម្រិតអាយុនៃការសេពគ្រឿងស្រវឹង។ «ជាមួយគ្នានេះក៏នឹងមានវិធានការ លុបបំបាត់អំពើពុករលួយដែលនាំឱ្យមានការផ្សព្វផ្សាយគ្រឿងស្រវឹងនេះដូចបច្ចុប្បន្នទៀតពីព្រោះយើងឃើញថា បញ្ហាគ្រឿងស្រវឹងនេះវាបង្កផលប៉ះពាល់ដល់សង្គមជាតិ និងប្រជាពលរដ្ឋរស់នៅដោយគ្មានសុខុមាលភាពទេ» ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលភីឌីភី ដែលជាអ្នករៀបចំឱ្យមានពិធីចុះហត្ថលេខានេះថ្លែងថា បញ្ហាគ្រឿងស្រវឹងបានបង្កមហន្តរាយជាច្រើនដល់សន្តិសុខសង្គម និងសុខភាពសាធារណៈ។ បើគណបក្សនយោបាយចង់ដោះស្រាយបញ្ហាសន្តិសុខសហគមន៍ គឺត្រូវចាប់ផ្តើមដោះស្រាយពីបញ្ហាដែលជាប់ពាក់ព័ន្ធនឹងគ្រឿងស្រវឹងជាមុនសិន។ «ថ្ងៃនេះជាថ្ងៃដ៏វិសេសវិសាល ដែលឯកឧត្តម លោក លោកស្រី ជាតំណាងគណបក្សបានផ្តល់កិត្តិយសចូលរួមចុះហត្ថលេខាលើបណ្ណប្តេជ្ញាចិត្តរបស់គណបក្សនយោបាយក្នុងការចេញដីកាដើម្បីបង្ការ និងទប់ស្កាត់ផលប៉ះពាល់នៃគ្រឿងស្រវឹង ព្រមទាំងលើកកម្ពស់សហគ្រិននារីវ័យក្មេងនៅពេលដែលគណបក្សខ្លួនជាប់នៅក្នុងឃុំ សង្កាត់ណាមួយ។ លោកបន្តថា ព្រោះបញ្ហានេះ វាបានធ្វើឱ្យស្ត្រីជាច្រើនរងទុក្ខគ្មានពេលស្រាកស្រាន្តធ្វើឱ្យកុមារដែលមានគ្រួសារប្រើប្រាស់ គ្រឿងស្រវឹង និងបង្កហិង្សាជាច្រើនមិនបានចូលសាលា ឬបោះបង់ការសិក្សា៕
វីដេអូ៖