មណ្ឌលគិរីៈ តំណាងអយ្យការនៃសាលាដំបូងខេត្តមណ្ឌលគិរីកោះហៅប្រជាពលរដ្ឋជាជនជាតិដើមភាគតិចព្នង ១២ នាក់ ឱ្យចូលបំភ្លឺករណីប្រើហិង្សា បំពានបំផ្លាញអចលនវត្ថុអ្នកដទៃ ដែលប្រព្រឹត្តកាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ តាមបណ្តឹងរបស់ឈ្មោះ ញ៉ុង ឆាយ។
ពលរដ្ឋបានអះអាងថា ពួកគាត់រក្សាការពារដីអាស្រ័យផលជាក់ស្តែងមិនបានធ្វើសកម្មភាពដូចការប្តឹងចោទនោះទេ។
តាមដីកាកោះរបស់លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ចុះថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២ បានឱ្យដឹងថា មានពលរដ្ឋចំនួន ១២ នាក់នៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ត្រូវបានតុលាការកោះហៅឱ្យចូលបំភ្លឺនៅថ្ងៃផ្សេងៗគ្នា ចន្លោះពីថ្ងៃទី ២៥ ខែឧសភា ដល់ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២២ នេះ។
ដីកាដដែលបញ្ជាក់ថា ការកោះហៅនេះ គឺដើម្បីសាកសួរ និងបំភ្លឺពីដំណើររឿងពាក់ព័ន្ធនឹងករណីប្រើហិង្សារំលោភចូលកាន់កាប់ដី ស្រែកគំរាមកំហែង កាប់គាស់ ទម្លុះទម្លាយផ្ទះចាំចម្ការ វាយកម្ទេចគ្រឹះផ្ទះដែលធ្វើពីឥដ្ឋ និងស៊ីម៉ងត៍ ដែលជាកម្មសិទ្ធិរបស់ឈ្មោះ គីម សុខសាន្ត ប្រព្រឹត្តនៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ តាមបណ្តឹងរបស់ឈ្មោះ ញ៉ុង ឆាយ។
ដីកាដដែលបានឱ្យដឹងទៀតថា ក្នុងចំណោមពលរដ្ឋទាំង ១២ នាក់នោះ មាន ៤ នាក់ត្រូវចូលបំភ្លឺនៅថ្ងៃទី ២៥ ខែឧសភា ២ នាក់ត្រូវចូលបំភ្លឺនៅថ្ងៃទី ២៦ ខែឧសភា ៣ នាក់ត្រូវចូលបំភ្លឺនៅថ្ងៃទី ២៧ ខែឧសភា ២ នាក់ត្រូវចូលបំភ្លឺនៅថ្ងៃទី ៣០ ខែឧសភា និង ១ នាក់ ត្រូវចូលបំភ្លឺនៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២២ នេះ។
លោក កែម ចាន់រ័ត្ន ពលរដ្ឋនៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ថ្លែងនៅថ្ងៃទី ២៤ ខែឧសភាថា រូបលោកផ្ទាល់ និងប្រជាពលរដ្ឋដទៃទៀតនៅភូមិជាមួយគ្នាដែលត្រូវតុលាការកោះហៅឱ្យទៅបំភ្លឺនេះបានសម្ដែងការយល់ឃើញថា បុគ្គលឈ្មោះ ញ៉ុង ឆាយ បានចូលមករំលោភបំពានលើដីប្រជាពលរដ្ឋ ១០២ គ្រួសារ អាស្រ័យផលនៅលើផ្ទៃដីទំហំប្រមាណជាង ២០០ ហិកតា នៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ដោយដាក់បង្គោលរបង លួចសាងសង់ផ្ទះ ទើបប្រជាពលរដ្ឋធ្វើការតវ៉ា ហាមឃាត់ និងឱ្យបុគ្គលនោះរុះរើចេញវិញ ប៉ុន្តែបុគ្គលនោះមិនព្រម។
លោកបន្តថា ប្រជាពលរដ្ឋមិនបានធ្វើការរំលោភបំពានកាន់កាប់ដីធ្លី ស្រែកគំរាមកំហែង រុះរើផ្ទះសំបែង កម្ទេចទម្លុះទម្លាយអចលនវត្ថុ ដូចការចោទប្រកាន់តាមពាក្យប្តឹងរបស់លោក ញ៉ុង ឆាយ នោះទេ។ ប្រជាពលរដ្ឋគ្រាន់តែដកបង្គោលរបងចេញពីលើដី ដោយសារដីនោះជារបស់ប្រជាពលរដ្ឋប្រើប្រាស់អាស្រ័យផលជាក់ស្តែងយូរណាស់មកហើយ ម្យ៉ាងក៏ព្រោះតែដីនោះជាដីកំពុងមានបញ្ហាជម្លោះផងដែរ។ លោកបានចោទថា លោក ញ៉ុង ឆាយ បានប្រើអំណាចតុលាការបំពានសិទ្ធិពលរដ្ឋ បំបាក់ស្មារតី កុំឱ្យមានការតវ៉ាលើបញ្ហាដីធ្លីនេះទៀត។
លោកថ្លែងថា៖ «ខ្ញុំយល់ឃើញថា បុគ្គលឈ្មោះ ញ៉ុងឆាយ ហ្នឹងកំពុងរំលោភបំពានលើសិទ្ធិរបស់ប្រជាពលរដ្ឋ ដោយប្រើអំណាចប្រព័ន្ធតុលាការមកគំរាមកំហែងប្រជាពលរដ្ឋ ដើម្បីកុំឱ្យមានការតវ៉ាលើដីធ្លីដែលពួកគាត់អាស្រ័យផលជាក់ស្តែង»។
លោក ម្លូស តេន ពលរដ្ឋម្នាក់ទៀតដែលតុលាការកោះហៅបានអះអាងនៅថ្ងៃទី ២៤ ខែឧសភាថា លោកគ្រាន់តែជាពលរដ្ឋម្នាក់ដែលចូលទៅហាមឃាត់កុំឱ្យប្រជាពលរដ្ឋធ្វើការរុះរើលើដីមានទំនាស់នោះតែប៉ុណ្ណោះ មិនមែនជាអ្នកចូលរួមរុះរើនោះទេ។
លោកថ្លែងថា៖ «ខ្ញុំជួយហាមឃាត់ ខ្ញុំថាកុំអាលរើ ចាំមើលអាជ្ញាធរសិនបើគាត់ឱ្យយើងរើ ចាំយើងរើ បើគាត់ថាមិនឱ្យរើទេ យើងមិនបាច់រើទេ ព្រោះគេអាចប្តឹងយើងចូលបទព្រហ្មទណ្ឌបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ បែរជាបងប្អូនថាខ្ញុំគប់គិតជាមួយអាជ្ញាធរលួចដីពលរដ្ឋលក់ទៅវិញ អ៊ីចឹងខ្ញុំខ្ជិលមាត់ គេធ្វើម៉េចធ្វើទៅ បើគេហៅបំភ្លឺទៅបំភ្លឺតាមហ្នឹងទៅ»។
លោក ញ៉ុង ឆាយ ជាអ្នកប្តឹងក្នុងករណីដីធ្លីនេះបានថ្លែងនៅថ្ងៃទី ២៤ ខែឧសភាថា ពលរដ្ឋជាង ១០ នាក់ បានទៅកាប់បំផ្លាញទ្រព្យសម្បត្តិលើដីរបស់លោកដែលបានទិញតាំងពីឆ្នាំ ២០០៧ ដោយធ្វើការរុះរើផ្ទះ រុះរើរបង ប្រើអំពើហិង្សាលើកម្មកររបស់លោក និងហាមឃាត់លោកមិនឱ្យគ្រប់គ្រង ធ្វើការអភិវឌ្ឍនៅលើដីនោះ។
លោកថ្លែងថា៖ «ខ្ញុំបានទិញដីហ្នឹងពីប្រជាពលរដ្ឋខ្លះ ពីឪពុកគាត់ខ្លះពីបងប្អូនគាត់ខ្លះ ដែលបានលក់ឱ្យខ្ញុំកាលពីឆ្នាំ ២០០៧ ហើយខ្ញុំមានឯកសារស៊ីញ៉េទទួលស្គាល់ដោយអាជ្ញាធរស្រុកគ្រប់គ្រាន់។ មុននឹងដាក់ពាក្យបណ្តឹង ខ្ញុំបានហៅគាត់ដើម្បីទៅផ្ទៀងផ្ទាត់គ្នាអំពីឯកសារ ប៉ុន្តែគាត់ថា គាត់អត់មានឯកសារ ហើយគាត់នៅតែហាមឃាត់ខ្ញុំ មិនឱ្យគ្រប់គ្រង និងបំផ្លាញទ្រព្យសម្បត្តិខ្ញុំទៀត»។
លោក ញ៉ុង ឆាយ បញ្ជាក់ថា ដីដែលលោកបានកាន់កាប់មានចំនួន ១២៦ ហិកតា នៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ចំពោះបញ្ហាដីធ្លីនេះលោកមិនបានទៅបំពានព័ទ្ធរបងយកដីរបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិចនោះទេ គឺលោកកាន់កាប់ដោយពឹងផ្អែកលើឯកសារផ្លូវច្បាប់ត្រឹមត្រូវដែលបានទិញពីប្រជាពលរដ្ឋ។
លោក សៀក មុន្នី អភិបាលស្រុកអូររាំងថ្លែងនៅថ្ងៃទី ២៤ ខែឧសភាថា ចំពោះបញ្ហាដីធ្លីនេះលោកធ្លាប់បានហៅប្រជាពលរដ្ឋទាំងសងខាងមកសម្រុះសម្រួលគ្នា ដោះស្រាយដោយសន្តិវិធី ប៉ុន្តែ ប្រជាពលរដ្ឋដែលបានធ្វើការតវ៉ាមិនចូលខ្លួនមកជជែកដោះស្រាយ ឬបង្ហាញឯកសារណាមួយដល់អាជ្ញាធរឡើយ។
លោកថា៖ «កន្លងមកខ្ញុំធ្លាប់បានហៅឈ្មោះប៉ុន្មាននាក់ហ្នឹង មកដោះស្រាយ ប៉ុន្តែគាត់អត់បានមកចូលរួមដោះស្រាយ គាត់ចេះតែគេចរហូត អ៊ីចឹងយើងមិនដឹងថា ដោះស្រាយដោយរបៀបម៉េច»។
លោក ចឹក សុឃីម មន្ត្រីសមាគមអាដហុកប្រចាំខេត្តមណ្ឌលគិរីថ្លែងថា សមាគមកំពុងស្រាវជ្រាវ លោកនឹងទៅជួបជាមួយប្រជាពលរដ្ឋដែលត្រូវបានតុលាការកោះហៅឱ្យចូលបំភ្លឺ ដើម្បីសាកសួរព័ត៌មានបន្ថែមផងដែរ៕