ភ្នំពេញៈ កាលពី​ថ្ងៃទី​ ២៤ ខែឧសភា ក្រសួង​សុខាភិបាល​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បញ្ឈប់​ការទិញ​ឱសថ ផលិតផល​បំប៉ន​សុខភាព តាម​ប្រព័ន្ធ​អនឡាញ ដោយហេតុ​បារម្ភ​អំពី​ផលប៉ះពាល់​ដល់​សុខភាព​សាធារណៈ ដែល​អាចជា​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី​ ២៤ ខែឧសភា បាន​ថ្លែង នៅក្នុង​សិក្ខាសាលា​ស្តីពី​ការអនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព ដើម្បី​ផ្លាស់ប្តូរ​បទពិសោធ និង​ពង្រឹង​សមត្ថភាព មន្ត្រី​ភ្នាក់ងារ​ត្រួតពិនិត្យ​ឱសថ​ក្នុងការ​បង្ការ ទប់ស្កាត់ ស្រាវជ្រាវ និង ចាត់វិធានការ​ផ្លូវច្បាប់​ការប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​។

លោកស្រី​ថ្លែងថា​៖ «​បច្ចុប្បន្ននេះ ក្រសួង​សុខាភិបាល​សង្កេត​ឃើញ​មានការ​ចរាចរ​នៅលើ​ទីផ្សារ​នូវ​ផលិតផល​ឱសថ​គ្មាន​លេខ​បញ្ជិកា ក៏ដូចជា​ការផ្សព្វផ្សាយ​លក់​ឱសថ តាម​ប្រព័ន្ធ​អនឡាញ ដែលជា​បញ្ហា​មួយ​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​ផលប៉ះពាល់​សុខភាព ព្រោះ​ក្នុងចំណោម​ឱសថ​ទាំងនោះ មាន​មួយចំនួន​ជា​ឱសថ​គ្មាន​ប្រភព​ច្បាស់លាស់ មិនមាន​ចុះ​បញ្ជិកា​ត្រឹមត្រូវ​ពី​ក្រសួង ហើយ​អាចជា​ឱសថ​ក្លែងក្លាយ ឬ​អន់​គុណភាព​ផងដែរ​»​។

លោកស្រី ឱ វណ្ណឌីន បាន​ថ្លែងថា ក្រសួង​សុខាភិបាល​បាន​ធ្វើការ​អំពាវនាវ​ដល់​គ្រប់កន្លែង​លក់​ឱសថ​ទាំងអស់​ត្រូវ​លក់​តែ​ឱសថ​ណា ដែលមាន​លេខ​ទិដ្ឋាការ ឬ​បញ្ជិកា​ពី​ក្រសួង​សុខាភិបាល ដើម្បី​ចូលរួម​ការប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​ប្រជាពលរដ្ឋ​ត្រូវ​បញ្ឈប់​ការទិញ​ឱសថ ផលិតផល​បំប៉ន​សុខភាព តាម​ប្រព័ន្ធ​អនឡាញ ហើយ​ត្រូវ​ទិញ​ផលិតផល​ទាំងនេះ​តែ​ពី​ឱសថស្ថាន​ស្របច្បាប់ ដោយ​ត្រូវ​ពិនិត្យមើល​នូវ​លតាបត្រ​ទិដ្ឋាការ ឬ​បញ្ជិកា នៅលើ​សម្បក​វេចខ្ចប់​ឱសថ​ត្រឹមត្រូវ ដែល​ក្រសួង​យើង​តែង​តែង​ជូន​ព័ត៌មាន​ជា​ហូរហែ​កន្លងមក​ផងដែរ​»​។

ជាមួយ​គ្នានេះដែរ លោកស្រី​ក៏បាន​ស្នើឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ដែលមាន​ជំងឺ ឬ​បញ្ហា​សុខភាព​ផ្សេងៗ​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដែលមាន​ជំនាញ​ត្រឹមត្រូវ ដើម្បី​ទទួលបាន​វេជ្ជបញ្ជា​សម្រាប់​តម្រូវ​ការទិញ​ឱសថ​ប្រើប្រាស់ ដោយ​មិនត្រូវ​ប្រើប្រាស់​ឱសថ​ដោយ​គ្មាន​វេជ្ជបញ្ជា​ឡើយ​។

លោកស្រី ឱ វណ្ណឌីន ថ្លែងថា​៖ «​ការប្រើប្រាស់​ឱសថ​ដែលមាន​វេជ្ជបញ្ជា​ត្រឹមត្រូវ សំដៅ​បង្ការ​កុំឱ្យ​កើតមាន​ភាពស៊ាំ​របស់​មេរោគ​ទៅនឹង​ឱសថ ក៏ដូចជា​គ្រោះថ្នាក់​ជាយ​ថាហេតុ​នានា ដែល​កើតឡើង​ដោយ​ការ​ប្រើប្រាស់​ឱសថ​»​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​បាន​ឱ្យដឹងថា សិក្ខាសាលា​នេះ​ជា​សិក្ខាសាលា​លើក​ទី​ ២ បន្ទាប់ពី​បានរៀបចំ​នៅ​ខេត្ត​កែប​កាលពី​សប្តាហ៍​មុន ដោយ​សិក្ខាសាលា​នេះ​មាន​ការចូលរួម​ធ្វើ​បទបង្ហាញ​ពី​មន្ត្រីនគរបាល​យុត្តិធម៌​នៃ​ក្រសួង​សុខាភិបាល ក្រសួង​មហាផ្ទៃ មន្ត្រី​សាលាដំបូង អង្គការ​ពាក់ព័ន្ធ​រួម​នឹង​មន្ត្រី​ភ្នាក់ងារ​ត្រួតពិនិត្យ​ឱសថ​នៃ​មន្ទីរ​សុខាភិបាល ខេត្ត​ចំនួន​ ១៥ ​ផងដែរ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្ត​ទៀតថា ក្រសួង​សុខាភិបាល​សង្ឃឹម​ថា ប្រជាពលរដ្ឋ អាជ្ញាធរ​ពាក់ព័ន្ធ និង​ដៃគូ​ទាំងអស់​នឹងចូលរួម​ជាមួយ​នឹង​ក្រសួង​សុខាភិបាល​ក្នុង​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​ទាំងអស់គ្នា​សំដៅ​លើកកម្ពស់ សុខុមាលភាព​សាធារណៈ ក៏ដូចជា​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ផងដែរ​។

គួរ​រំឭក​ផងដែរ​ថា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ធ្លាប់បាន​ធ្វើការ​ប្រកាស​រួមគ្នា​មួយ​កាលពី​ឆ្នាំ​ ២០១៥ ស្តីពី​ការគ្រប់គ្រង​គុណភាព សេវាកម្ម និង​វិធានការ​លុបបំបាត់​ផលិតផល​សុខាភិបាល​ខុសច្បាប់ និង​សេវា​សុខាភិបាល​ឯកជន​ខុសច្បាប់ ដើម្បី​សុខភាព និង​សុវត្ថិភាព​សង្គម​។

ប្រកាស​រួម​នេះ​បាន​លើកឡើង​ថា ក្រសួង​ត្រូវ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នានា និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជួយ​អប់រំ​ប្រជាពលរដ្ឋ​ឱ្យបាន​យល់​ពី​ផលប៉ះពាល់​ និង​ភាពងាយ​រងគ្រោះ​ដល់​សុខភាព​សាធារណៈ​ដែល​បណ្តាលមកពី​ការប្រើប្រាស់​ផលិតផល​សុខាភិបាល និង​សេវា​សុខាភិបាល​គ្មាន​ការអនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​៕

វីដេអូ៖