បន្ទាយមានជ័យៈ ប្រជាកសិករនៅខេត្តបន្ទាយមានជ័យកំពុងបង្កើនការដាំដុះស្រូវពង្រោះយ៉ាងសស្រោកសស្រាំ បើទោះជាមានផលប៉ះពាល់ និងខូចខាតមួយចំនួន ដោយសារជំនន់ទឹកភ្លៀងនៅដើមរដូវវស្សានេះយ៉ាងណាក្តី។ គិតត្រឹមថ្ងៃទី ២៤ ខែឧសភា ការងារភ្ជួររាស់ដីស្រែសម្រេចបានប្រមាណ ៥០ ភាគរយខណៈការដាំដុះស្រូវពង្រោះសម្រេចបានប្រមាណ ៣៨ ភាគរយនៃផ្ទៃដីដាំដុះសរុប ២៥២ ៣០០ ម៉ឺនហិកតា។ នេះបើតាម លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ។
លោក វណ្ណាសេដ្ឋ បានថ្លែងថា ដោយសារមានភ្លៀងជោកជាំខ្លាំងកាលពីដើមរដូវវស្សាបានធ្វើឱ្យដំណាំស្រូវពង្រោះប្រមាណជាង ២ ០០០ ហិកតារបស់ប្រជាកសិករនៅឃុំរហាត់ទឹក ឃុំចំណោម និងឃុំអូរប្រាសាទនៃស្រុកមង្គលបុរី ជួបប្រឈមផលប៉ះពាល់ និងខូចខាតដោយជំនន់ទឹកភ្លៀង។ ប៉ុន្តែមកទល់ពេលនេះ ស្រូវពង្រោះទាំងនោះមិនមានការខូចខាតធ្ងន់ធ្ងរនោះទេ បន្ទាប់ពីមេឃបានរាំងភ្លៀង ៣-៤ ថ្ងៃកន្លងមកនេះ និងបន្ទាប់ពីក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបានជីកកាយប្រឡាយ និងអូរធម្មជាតិជាច្រើនកន្លែង ដើម្បីបើកមុខទឹកឱ្យហូរទៅកាន់បឹងទន្លេសាប។
លោកបញ្ជាក់ថា៖ «យោងតាមទិន្នន័យដែលក្រុមការងារយើងប្រមូលបានផ្ទៃដីស្រូវពង្រោះប្រមាណជាង ១០០ ហិកតា ក្នុងចំណោមជាង ២ ០០០ ហិកតារបស់ប្រជាកសិករនៅស្រុកមង្គលបុរីដែលរងការជន់លិចដោយជំនន់ទឹកភ្លៀងនៅដើមរដូវវស្សានេះបានរងការខូចខាតទាំងស្រុង។ ទោះយ៉ាងណា គិតត្រឹមថ្ងៃទី ២៤ ឧសភា ការងារបង្កបង្កើនផលស្រូវរដូវវស្សារបស់ប្រជាកសិករនៅទូទាំងខេត្តបន្ទាយមានជ័យ សម្រេចបានប្រមាណ ៣៨ ភាគរយ ស្មើនឹង ៩៥ ៨៧៤ ហិកតាលើផ្ទៃដីដាំដុះសរុប ២៥២ ៣០០ ហិកតា»។
លោក គៀត វ៉ាន់ម៉ៅ អាយុ ៥២ ឆ្នាំប្រជាកសិករនៅឃុំរហាត់ទឹក ស្រុកមង្គលបុរី ប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា ស្រូវពង្រោះរបស់គាត់ប្រមាណ ៥០ អា បានរងការខូចខាតទាំងស្រុង បន្ទាប់ពីមានភ្លៀងធ្លាក់ជោកជាំនៅដើមរដូវវស្សានេះ។ លោកថ្លែងថា៖ «ស្រូវពង្រោះលើផ្ទៃដី ១,៧ ហិកតារបស់ខ្ញុំ ដែលបានដាំដុះកាលពីដើមរដូវនោះ បានរងការខូចខាតអស់ប្រមាណ ៥០ អា។ នៅពេលនេះ ខ្ញុំបានភ្ជួររាស់ និងសាបព្រោះពូជស្រូវស្ដារផ្ទៃដីស្រូវដែលរងការខូចខាតនោះឡើងវិញហើយបើគ្មានផលប៉ះពាល់ពីកត្តាប្រែប្រួលអាកាសធាតុទេនោះ វាអាចនឹងផ្ដល់ផលនៅពាក់កណ្ដាលឬ ចុងខែកញ្ញាខាងមុខ»។
បើតាមលោក វ៉ាន់ម៉ៅ គ្រួសាររបស់គាត់មានផ្ទៃដីធ្វើស្រែចម្ការទំហំ ២ ហិកតា ប៉ុន្តែដីប្រមាណ ៣០ អា ត្រូវបានគាត់រៀបចំជាផ្ទះសំណាញ់សម្រាប់ដាំបន្លែសុវត្ថិភាព តាមលក្ខណៈបច្ចេកទេសទំនើបកម្មកសិកម្ម។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម ស្តីពីសភាពការណ៍នៃល្បឿនការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ ២០២២ នៅទូទាំងប្រទេស គិតត្រឹមថ្ងៃទី ១៨ ខែឧសភា សម្រេចបាន ចំនួន ៣៥៨ ០៤០ ហិកតា ស្មើនឹង ១៣,៦៧ ភាគរយនៃផែនការ ២៦១ ៩៥០០ ហិកតា ក្នុងនោះស្រូវស្រាលចំនួន ២៤៧ ៩៦២ ហិកតា ស្រូវកណ្ដាលចំនួន ៦០ ៨៣៧ ហិកតា ស្រូវធ្ងន់ចំនួន ៤៣ ៣៧៧ ហិកតា ស្រូវចម្ការចំនួន ៥០៨ ហិកតា ស្រូវទ្បើងទឹកចំនួន ៥៣ ៥៦ ហិកតា។
របាយការណ៍បន្តថា ក្នុងរដូវវស្សានេះ ការងារបង្កបង្កើនផល ដំណាំសាកវប្បកម្ម រួមមាន ពោតស ដំឡូងជ្វា បន្លែគ្រប់មុខ ម្ទេស ឪឡឹក ប្រជាកសិករអនុវត្ដបានចំនួន ១២ ៩១៣ ហិកតា ស្មើនឹង ២២,៣០ ភាគរយនៃផែនការ ៥៧ ៩០០ ហិកតា ខណៈដំណាំឧស្សាហកម្ម រួមមានពោតក្រហម ដំឡូងមី សណ្តែកបាយ សណ្តែកដី សណ្តែកសៀង ល្ង អំពៅ ក្រចៅ ឈូក អនុវត្ដបានចំនួន ២៨៤ ៣៥៦ ហិកតា ស្មើនឹង ៣៦,៥៤ ភាគរយ នៃផែនការ ៧៧៨ ៣០០ ហិកតា។
ក្រសួងកសិកម្មក៏បានបញ្ជាក់ផងដែរអំពីស្ថានភាពទូទៅនៃការអភិវឌ្ឍវិស័យកសិកម្មថា ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ផលិតផលស្រូវបានកើនឡើងពី ៨,២ លានតោន នៅឆ្នាំ ២០១០ ដល់ ១០,៨ លានតោននៅឆ្នាំ ២០១៩ (មានកំណើនជាមធ្យមប្រចាំឆ្នាំប្រមាណ ៣,១ ភាគរយ) ហើយនៅឆ្នាំ ២០២១ សម្រេចបាន ១២,២១ លានតោន៕