ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រកាសថា អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ចំនួន ៥ នាក់បន្ថែមទៀត ក្នុងចំណោម ៤០០ នាក់ ដែលត្រូវបានបញ្ឈប់ពីការងារ បានមកទទួលប្រាក់បំណាច់បញ្ចប់កិច្ចសន្យា រីឯខាងក្រសួងក៏កំពុងស្វែងរកឱកាសការងារថ្មីជូនដល់អ្នកទាំងនោះផងដែរ។
សេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យដឹងថា នៅថ្ងៃទី ២៥ ឧសភា ឆ្នាំ ២០២២ អតីតបុគ្គលិកចំនួន ៥ រូបបន្ថែមទៀត រួមមាន លោក ផាន់ សុធី លោក សៅ សម្បត្តិ លោកស្រី អ៊ុក សោភ័ណ លោក សេង វណ្ណារិទ្ធិ និង លោក រស់ សុភ័ក្រ ក្នុងចំណោមអតីតបុគ្គលិកដែលបានគោរពស្នើសុំអន្តរាគមន៍ បានមកទទួលយកដំណោះស្រាយ តាមរយៈការធ្វើលិខិតព្រមព្រៀងទទួលយកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារពីក្រុមហ៊ុនរួចហើយ។
សេចក្តីប្រកាសឱ្យដឹងថា៖ «ដូចនេះគិតមកដល់ថ្ងៃនេះមានអតីតបុគ្គលិកសរុបចំនួន ១៩២ រូប ក្នុងចំណោម ៣៧៣ រូប ដែលបានទទួលយកនូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ ដែលធ្វើឱ្យចំនួនអតីតបុគ្គលិកដែលមិនព្រមទទួលយកសំណងនៅសល់ត្រឹម ១៨១ រូប»។
សេចក្តីប្រកាសបន្តថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលប្រវត្តិរូបសង្ខេបពីអតីតបុគ្គលិកទាំងនោះ ហើយក៏បាននិងកំពុងជួយស្វែងរកឱកាសការងារថ្មីសម្រាប់បងប្អូនអតីតបុគ្គលិកផងដែរ។
បើតាមក្រសួងការងារ នាពេលកន្លងមក មានបងប្អូនអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ មួយចំនួនបានគោរពស្នើសុំឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ជួយអន្តរាគមន៍ឱ្យក្រុមហ៊ុនផ្តល់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារស្របតាមច្បាប់ស្តីពីការងារ ចំពោះបងប្អូនអតីតបុគ្គលិកដែល ត្រូវបានបញ្ឈប់ពីការងារ និងស្វែងរកឱកាសការងារថ្មី ដើម្បីទទួលបានប្រាក់ចំណូលទៀងទាត់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
ក្រសួងបន្តថា ដោយអនុវត្តតាមគោលការណ៍ណែនាំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មន្ត្រីជំនាញរបស់ក្រសួងការងារ បានធ្វើការពិនិត្យផ្ទៀងផ្ទាត់ការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយតំណាងក្រុមហ៊ុន ហើយពិនិត្យឃើញថា ការទូទាត់ចំនួន៤ចំណុច គឺបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការបញ្ឈប់ពីការងាររួម។
លោក ទេស រុក្ខាផល អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មការ សម្រាប់ដោះស្រាយកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញានៃក្រសួងការងារ(គ.ក.ប) ប្រាប់ភ្នំពេញប៉ុស្តិ៍ថា អតីតបុគ្គលិក ៥ នាក់នោះ បានមកស្តាប់ការធ្វើបទបង្ហាញ និងរូបមន្តគណនាពីរបៀបទូទាត់ ពីមន្រ្តីជំនាញ កាលពីសប្តាហ៍មុនមកម្ល៉េះ។ លុះនៅថ្ងៃទី ២៥ ខែឧសភា ទើបគាត់សម្រេចចិត្តទៅទទួលប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ។
លោកថ្លែងថា៖ «គាត់មកស្តាប់បទបង្ហាញ ហើយគាត់គិតថា ការទូទាត់នោះត្រឹមត្រូវតាមរូបមន្តដោយច្បាប់ ហើយគាត់មើលឃើញថា ការទូទាត់ប្រសើរជាងច្បាប់ ទើបគាត់សម្រេចចិត្តទទួលយកដោយស្ម័គ្រចិត្ត គ្មាននរណាទៅបង្ខំគាត់កើតទេ ព្រោះគេត្រូវចុះហត្ថលេខារៀងខ្លួន»។
លោកបន្តថា សម្រាប់ក្រសួងការងារ ស្វាគមន៍ចំពោះអតីតបុគ្គលិក ដែលនៅសេសសល់មកស្តាប់រូបមន្តនៃការគណនា និងការពន្យល់បន្ថែម។ រីឯក្រុមហ៊ុនណាហ្គាវើលដ៍នៅបើកចំហចំពោះការមកទទួលប្រាក់បំណាច់។
លោកបញ្ជាក់ថា៖ «កន្លងមកភាគច្រើនដែលនៅសេសសល់មិនទាន់ទទួលយកកញ្ចប់ថវិកានោះ ដោយសារគាត់មិនចង់ស្តាប់ការពន្យល់ ហើយគេប្រាប់ថាទូទាត់មិនត្រូវ។ យើងសួរថា មិនត្រូវយ៉ាងម៉េច គាត់ថាអត់ដឹង នេះដែលជាបញ្ហា។ អ្នកខ្លះគាត់អត់ដឹងថាបានថវិកាប៉ុន្មានទេ ប៉ុន្តែមានគេប្រាប់គាត់ថា ការទូទាត់នោះមិនត្រូវទេ ត្រូវបានច្រើន គាត់រំពឹងថាបានច្រើន»។
ទោះយ៉ាងណា លោក ទេស រុក្ខាផល ឱ្យដឹងថា ការទូទាត់ប្រាក់បំណាច់នោះ អាស្រ័យទៅលើកិច្ចសន្យាការងារដោយផ្អែកទៅតាមផ្នែកនៃបុគ្គលនីមួយៗ និងអតីតភាពការងារ របស់គាត់។ លោកបង្ហើបថា អតីតបុគ្គលិកខ្លះក៏ទទួលបានប្រាក់បំណាច់ខ្ទង់ម៉ឺនដុល្លារឯណោះ។
លោក ស៊ឹង សែនករុណា មន្ត្រីអង្កេតផ្នែកសិទ្ធិមនុស្ស នៃសមាគម អាដហុក ថ្លែងថា ការទទួលយកប្រាក់បំណាច់នោះគឺជាការសម្រេចចិត្តរបស់ក្រុមកូដករ។ លោកថា៖ «វាមិនមែនជាអ្វីចម្លែកនោះទេចំពោះការទទួលយក ព្រោះការដោះស្រាយនីមួយៗ អ្នកព្រមទទួលយកក៏យកទៅ ហើយអ្នកចង់បន្តទាមទារ គឺជាសិទ្ធិរបស់ពួកគាត់»។
លោកបន្ថែមថា មូលហេតុដំណោះស្រាយ រវាងភាគីក្រុមហ៊ុន និងអតីតបុគ្គលិក នៅបន្តជាប់គាំង ដោយសារភាគីទាំង ២ មិនទាន់សម្បទានឱ្យគ្នាទៅវិញទៅមក។ លោកជំរុញដល់ក្រសួងការងារដែលសម្របសម្រួលក្នុងកិច្ចការងារនេះគួរបង្កើនប្រសិទ្ធភាពក្នុងការដោះស្រាយ។
សូមជម្រាបថា កិច្ចប្រជុំរកដំណោះស្រាយវិវាទការងារ រួមនៅក្រុមហ៊ុនណាហ្គាវើលដ៍ លើកទី១១ ដែលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី ១៨ ខែឧសភា នៅតែមិនទាន់ទទួលលទ្ធផលវិជ្ជមាន ដោយសារភាគីទាំង ២ នៅរក្សាជំហររៀងខ្លួន ដោយមិនទាន់ឈានដល់ចំណុចសម្បទានឱ្យគ្នានៅឡើយ។
ក្នុងនោះភាគីសហជីព និងអតីតបុគ្គលិក ស្នើឱ្យក្រុមហ៊ុនទទួលយកពួកគេ ដែលត្រូវបានបញ្ឈប់ពីការងារចូលធ្វើការវិញ។ រីឯក្រុមហ៊ុននៅរក្សាជំហរ មិនអាចទទួលយកបានទេ ដោយសារចំនួនបុគ្គលិកដែលកំពុងបំពេញការងារ នៅតែលើសពីចំនួនតម្រូវការជាក់ស្តែង៕