កោះកុងៈ អាជ្ញាធរខេត្តកោះកុងកំណត់យកទីតាំងសំខាន់ៗចំនួន ៤ សម្រាប់ដំឡើងផ្ទាំងប៉ាណូ ក្រោមប្រធានបទ “តំបន់គ្មានការប្រើប្រាស់ប្លាស្ទិក” សំដៅផ្សព្វផ្សាយជូនដល់សាធារណជនឱ្យមានការយល់ដឹងពីការទប់ស្កាត់ និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងភូមិសាស្ត្រខេត្តកោះកុង។ នេះបើតាមលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង។
លោក សុខ សុទ្ធី អភិបាលរង និងជាអ្នកនាំពាក្យខេត្តកោះកុងប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៥ ខែឧសភា ថា តាមរយៈកិច្ចប្រជុំនាថ្ងៃទី ២៤ ឧសភា រដ្ឋបាលខេត្តកោះកុង បានពិភាក្សាស្តីពីសំណើសុំទីតាំងរៀបចំដាក់ដំឡើងផ្ទាំងប៉ាណូ ក្រោមប្រធានបទ “តំបន់គ្មានការប្រើប្រាស់ប្លាស្ទិក”។ ជាលទ្ធផល កិច្ចប្រជុំបានសម្រេចឯកភាពកំណត់យកទីតាំងសម្រាប់ដំឡើងប៉ាណូចំនួន ៤ ទីតាំង រួមមាន ទីតាំងទី ១ នៅសហគមន៍អេកូទេសចរណ៍ជីផាត ទីតាំងទី ២ នៅសហគមន៍ទេសចរណ៍អារ៉ែង ទីតាំងទី ៣ នៅសហគមន៍ទេសចរណ៍តាតៃ និង ទីតាំងទី ៤ នៅវត្តប៉ាក់ខ្លង។
លោកអភិបាលរងឱ្យដឹងថា ការដំឡើងផ្ទាំងប៉ាណូនេះធ្វើឡើងដើម្បីឱ្យប្រជាពលរដ្ឋដូរឥរិយាបថពីការប្រើប្រាស់ប្លាស្ទិកមកប្រើប្រាស់របស់របរដែលមិនប៉ះពាល់ដល់បរិស្ថាន ឬអាចកែច្នៃប្រើប្រាស់ឡើងវិញបាន ជាពិសេសអប់រំកុំឱ្យមានការបោះចោលប្លាស្ទិកចូលទៅក្នុងទឹក ជាពិសេសទឹកសមុទ្រ។ ផ្ទាំងប៉ាណូមានទំហំជាង ១ ម៉ែត្រក្រឡា ហើយរូបភាពដែលបង្ហាញលើផ្ទាំងប៉ាណូនោះនឹងដាក់រូបក្នុងន័យបំផុសស្មារតីឱ្យពលរដ្ឋចាប់អារម្មណ៍ស្រឡាញ់ភាពស្រស់ស្អាតនៃការវេចខ្ចប់បែបធម្មជាតិ និងការកែច្នៃមួយចំនួនដែលមិនប៉ះពាល់ដល់បរិស្ថាន និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។ តួយ៉ាងដូចជា ខ្ចប់ ឬដាក់ម្ហូបដោយស្លឹកចេក ឬស្លឹកឈូកជាដើម។
លោកថ្លែងថា៖ «យើងអត់សរសេរអក្សរច្រើនទេគ្រាន់តែដាក់ថា កន្លែងដែលមិនប្រើប្រាស់ប្លាស្ទិក ហើយរូបថង់ប្លាស្ទិក យើងគូសខ្វែង។ ចំណែកសញ្ញាធិក គឺប្រើលើរូបដែលបង្ហាញថា មិនប៉ះពាល់បរិស្ថាន និងការប្រើប្រាស់របស់ដែលអាចកែច្នៃឡើងវិញបាន»។
បើតាមលោកអភិបាលរងខេត្តកោះកុង ការដាក់ផ្ទាំងប៉ាណូនេះមិនមែនធ្វើឡើងតែ ៤ ទីតាំងនេះទេ ទៅថ្ងៃមុខនឹងមានការរៀបចំដាក់តាំងបន្ថែមទៀត ក្នុងមូលដ្ឋានតាមដែលអាចធ្វើទៅបាន ព្រោះថវិកាក្នុងការទ្រទ្រង់ការដាក់តាំងនេះជាការផ្តល់ឱ្យដោយក្រសួងបរិស្ថាន។
លោកអភិបាលរងខេត្តមិនបានបញ្ជាក់ថា ផ្ទាំងប៉ាណូផ្សព្វផ្សាយទាំងនោះនឹងត្រូវដំឡើងពេលណានោះទេ ប៉ុន្តែលោកបញ្ជាក់ថាបានជំរុញឱ្យមន្ទីរបរិស្ថានសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការដំឡើងប៉ាណូផ្សព្វផ្សាយនេះដល់សាធារណជនឱ្យបានលឿន។ ភ្នំពេញ-ប៉ុស្តិ៍ មិនអាចទាក់ទងសុំការបំភ្លឺពីលោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុងបានទេនៅថ្ងៃទី ២៥ ឧសភា។
លោក ហេង យ៉ុនគូរ៉ា នាយកប្រតិបត្តិអង្គការកែច្នៃ និងអនាម័យសហគមន៍ថ្លែងនៅថ្ងៃទី ២៥ ឧសភា ថា ការដំឡើងផ្ទាំងប៉ាណូផ្សព្វផ្សាយនេះគឺជារឿងល្អ ដើម្បីពញ្ញាក់ស្មារតីភ្ញៀវទេសចរឱ្យបានយល់ដឹងកាន់តែច្រើន ដើម្បីជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ជាពិសេសនៅតាមទន្លេ និងសមុទ្រ។
លោកបានថ្លែងថា៖ «យើងដាក់ការអប់រំច្រើនប៉ុនណានឹងធ្វើឱ្យប្រជាជន និងអ្នកទេសចរ គាត់អាចជ្រាបយល់ដឹងច្រើនទៅតាមនោះ។ ពេលដឹងថាវាប៉ះពាល់សុខភាពគាត់ គាត់អាចបន្ថយអ៊ីចឹងទៅ។ ជាពិសេសអាជីវករលក់បាយ លក់អីហ្នឹងពេលគាត់ដឹងទៅ គាត់បន្ថយការប្រើប្រាស់ស្នោទៅប្រើកញ្ចប់ធ្វើពីចំបើង ស្លឹកចេក កាកអំពៅ ដើមចេកអ៊ីចឹងទៅ។ អាហ្នឹងក៏ល្អដែរ ព្រោះប្រើហើយបោះចោលទៅវារលាយ»។
លោក យ៉ុនគូរ៉ា បានបញ្ជាក់ដែរថា ការដាក់ផ្ទាំងផ្សព្វផ្សាយតែមួយមុខមិនគ្រប់គ្រាន់ទេ ព្រោះពេលប្រជាជនខ្លះបានឃើញហើយ មិនបានចាប់អារម្មណ ក៏មាន។ ហេតុនេះគួរតែមានការបញ្ជ្រាបការយល់ដឹងបន្ថែមទៀត តាមរយៈការប្រជុំប្រាប់ណែនាំ បង្ហាញពន្យល់បន្ថែមពីគុណសម្បត្តិ និងផលប៉ះពាល់នៃប្លាស្ទិក។
លោកបានថ្លែងថា៖ «ជួនកាលគ្រាន់តែឃើញ តែមិនយល់ ទាល់តែយើងបញ្ជ្រាបថែមទៀត បញ្ជ្រាបទៅតាមអាជីវករ ដោយកោះហៅគាត់មកប្រជុំហៅអ្នកអាជីវករមកប្រាប់ ពិគ្រោះគ្នា ពិភាក្សាគ្នា ថា វាប៉ះពាល់អីខ្លះ? អ៊ីចឹងទៅ វាជារឿងមួយធ្វើឱ្យគាត់យល់ជ្រាបកាន់តែច្រើន»៕