ភ្នំពេញៈ បន្ទប់សម្រាប់ពិគ្រោះយោបល់រវាងមេធាវី ជាមួយកូនក្តី នៅតាមពន្ធនាគារទូទាំងប្រទេសកំពុងត្រូវបានមេធាវីប្រើប្រាស់យ៉ាងទូលំទូលាយបន្ទាប់ពីសាងសង់រួចរាល់កាលពីខែកញ្ញា ឆ្នាំ ២០២០ ដោយគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវចំណាយថវិកាជាង ១៦ ម៉ឺនដុល្លារលើការសាងសង់។
លោក មេធាវី ឡោ គីមហ្គិច បានឱ្យដឹងនៅថ្ងៃទី ២៦ ឧសភា ថា បន្ទាប់ពិគ្រោះយោបល់រវាងកូនក្តីជាមួយមេធាវីដែលខាងគណៈមេធាវីសាងសង់ និងដាក់ឱ្យប្រើប្រាស់កន្លងមកនេះបានបង្កភាពងាយស្រួលយ៉ាងខ្លាំងសម្រាប់មេធាវីពិភាក្សាជាមួយកូនក្តី។ បន្ទប់នេះអាចលាក់ការសម្ងាត់ពីរឿងកូនក្តីជាមួយមេធាវីដែលមិនអាចនរណាមួយស្តាប់បាន។
លោកប្រាប់ថា៖ «កាលពីមុនដែលអត់ទាន់មានបន្ទប់គឺមេធាវីទៅជួបកូនក្តីក្នុងចំណោមមនុស្សច្រើនអ៊ីចឹងអត់អាចពិគ្រោះយោបល់អីបានទេ។ ឥឡូវមានភាពងាយស្រួលមួយរយភាគរយហើយបន្ទាប់ពីគណៈមេធាវីរៀបចំឱ្យមានបន្ទប់នេះឡើង»។
លោកស្រី លឹម ច័ន្ទលីដា ប្រធានគណកម្មការសាងសង់បន្ទប់ នៃគណៈមេធាវី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៦ ឧសភា ថា ចាប់តាំងពីបន្ទប់សម្រាប់ពិគ្រោះយោបល់រវាងមេធាវី ជាមួយកូនក្តីសង់រួចរាល់កាលពីខែកញ្ញា ឆ្នាំ ២០២០ រហូតមកដល់បច្ចុប្បន្ននេះត្រូវបានមេធាវីគ្រប់រូបប្រើប្រាស់បានយ៉ាងពេញលេញ និងប្រើប្រាស់សិទ្ធិរបស់គាត់ពិភាក្សាជាមួយកូនក្តីបានយ៉ាងទូលំទូលាយ។ បន្ទប់មេធាវី ជួយសម្រួលការងារដល់មេធាវីបានច្រើនដូចជាចំណេញពេលវេលា ផ្តល់កិត្យានុភាព សេចក្តីថ្លៃថ្នូរដល់មេធាវីក្នុងការផ្តល់ប្រឹក្សាដល់កូនក្តីដោយរក្សាបាននូវការសម្ងាត់សម្រាប់ការងារមេធាវី ជាមួយនិងកូនក្តី។
លោកស្រីថ្លែងថា៖ «បន្ទប់មេធាវីនេះ បានផ្ដល់ផលប្រយោជន៍យ៉ាងសំខាន់ដល់មេធាវី ចៅក្រម ព្រះរាជអាជ្ញា និងកូនក្តី ជាប់ពន្ធនាគារក្នុងការការជួបពិគ្រោះយោបល់គ្នា និងទទួលបានការរក្សាការសម្ងាត់ ស្របតាមក្រមសីលធម៌ ប្រកបវិជ្ជាជវៈមេធាវី ជាពិសេសធ្វើឱ្យូកូនក្តី មានជំនឿ ជឿជាក់ ក្នុងការទទួលបានការពិគ្រោះយោបល់ និងផ្តល់ផលប្រយោជន៍របស់កូនក្តីស្របតាមច្បាប់»។
លោកស្រីបន្តថា កាលពីមិនទាន់មានបន្ទប់នេះគឺពេលមេធាវីជួបកូនក្តីក្នុងពន្ធនាគារម្ដងៗគ្មាន បន្ទប់ជជែកគ្នាដើម្បីរក្សាការសម្ងាត់ជាឯកជន ឡើយ។ កូនក្តីហាក់ដូចជាមិនហ៊ាននិយាយ ឬ មិនចង់បង្ហាញអំពីភាពអាថ៌កំបាំងរបស់ខ្លួននៅបរិវេណ (ពន្ធនាគារ) នោះទេដែលធ្វើឱ្យមេធាវី ពិបាកក្នុងការសិក្សាលើសំណុំរឿងរបស់កូនក្តី។ ហេតុដូច្នេះហើយបានជា លោក សួន វិសាល អតីតប្រធានគណៈមេធាវីលោកផ្តួចផ្តើមថា ត្រូវតែបង្កើតឱ្យមានបន្ទប់មេធាវីមួយៗនៅតាមបណ្តាពន្ធនាគារទូទាំងប្រទេសឡើងដើម្បីសម្រួលដល់កិច្ចការមួយចំនួនដល់មេធាវីក្នុងការជួបពិភាក្សាជាមួយកូនក្តី។
លោកស្រីបន្តទៀតថា លោក សួន វិសាលយល់ថា ពេលដែលមេធាវីចូលទៅជួបសម្ភាសជាមួយកូនក្តីម្តងៗនៅតាមបណ្តាពន្ធនាគារនៅទូទាំងប្រទេសគឺពន្ធនាគារមួយចំនួនអត់មានបន្ទប់សម្រាប់មេធាវីជួបជាមួយកូនក្តីទេ។ ដូច្នេះពេលមេធាវីសម្ភាសជាមួយកូនក្តីម្តងៗមិនត្រូវបានរក្សាការសម្ងាត់ដោយស្របទៅតាមក្រមសិលធម៌ និងលក្ខនតិករបស់គណៈមេធាវីឡើយ។ ដោយឃើញស្ថានភាពបែបនេះហើយទើបលោក សួន វិសាល ចាប់ផ្តើមរៃអង្គាសថវិកាពីសប្បុរសជនដែលជាមេធាវី និងមួយចំនួនជាចៅក្រម ព្រះរាជអាជ្ញាក៏បានចូលរួមឧបត្ថម្ភជាថវិការដែរ។
លោកស្រីបញ្ជាក់ថា បន្ទប់ពិគ្រោះយោបល់នេះមានទំហំ ៥ គុណ ៦ ម៉ែត្រត្រូវចំណាយអស់ថវិកា ១៦៥ ៥៥៤ ដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឧបត្ថម្ភចំនួន ៧ ម៉ឺនដុល្លារ និងសប្បុរសជនជាមេធាវី ចំនួន ៩៥ ៥៥៤ ដុល្លារ។ រីឯសម្ភារដែលបំពាក់ក្នុងបន្ទប់មេធាវី មាន តុមួយ កៅអីប្រាំ ម៉ាស៊ីនត្រជាក់ ១ កង្ហារ ១ និងបន្ទប់ទឹក។
លោកស្រីបន្ថែមថា បន្ទប់មេធាវីសង់នៅតាមពន្ធនាគារទូទាំងប្រទេសមាន ២៦ បន្ទប់ ហើយបន្ទប់ដែលមានស្រាប់ត្រូវជួសជុលមាន ៣ បន្ទប់ គឺខេត្តកំពង់ចាម កំពង់ឆ្នាំ និងខេត្តព្រះសីហនុ។ ដោយឡែកនៅពន្ធនាគារព្រៃសត្រូវសង់ច្រើនជាងនៅពន្ធនាគារតាមខេត្តដែល (ម.១) មាន ៣ បន្ទប់ និង (ម.២) មាន ១ បន្ទប់ និងពន្ធនាគារ PJ មាន ៤ បន្ទប់។
បើតាមលោកស្រី ច័ន្ទលីដា ការសាងសង់បន្ទប់មេធាវីនេះ គណៈមេធាវីទទួលបានការគាំទ្រ សាទរពីមេធាវី អគ្គពន្ធនាគារ តុលាការ និងប្រមុខរដ្ឋាភិបាល យ៉ាងខ្លាំងដោយសារតែកន្លងមកពន្ធនាគារមួយចំនួនពុំទាន់មានបន្ទប់មេធាវីសម្រាប់ការផ្តល់ប្រឹក្សាសម្រាប់កូនក្តីនៅឡើយទេ។ ហេតុនេះពេលដែលគណៈមេធាវីសាងសង់បន្ទប់នេះ ឡើងគឺពិតជាមានការសាទរ និងមានមោទនភាពសម្រាប់មេធាវីយ៉ាងខ្លាំង៕