ភ្នំពេញៈ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានឱ្យដឹងនៅថ្ងៃទី ២៦ ខែឧសភា ថា អ្នកជំងឺអុតស្វា ឬ Monkeypox ក៏អាចបណ្តាលឱ្យស្លាប់ផងដែរ ដោយសារការវិវត្តនៃដំបៅពងទឹក នៅលើរាងកាយរបស់អ្នកជំងឺដែលអាចវិវត្តជារោគនិងប៉ះពាល់ដល់សរីរាង្គផ្សេងៗទៀតនៅក្នុងខ្លួនរបស់មនុស្ស។
លោកស្រីបានឱ្យដឹងថា កម្ពុជាមិនទាន់មានករណីជំងឺអុតស្វានេះទេ ប៉ុន្តែគ្រប់គ្នាក៏មិនត្រូវមានការធ្វេសប្រហែសនោះដែរ ដោយសារប្រជាពលរដ្ឋដឹងហើយថា ទាំងអស់គ្នារស់នៅជាមួយនឹងមេរោគច្រើន រស់នៅជាមួយនឹងវត្តមាននៃពពួកបាក់តេរី វីរុស ដែលនៅជាមួយនឹងបរិស្ថានច្រើន ជាពិសេសសត្វ។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា ៖ «ជំងឺអុតស្វា អាចបណ្តាលឱ្យស្លាប់បាន ដែលក្នុងចំណោមអ្នកជំងឺចំនួន១០នាក់ មានស្លាប់០១នាក់ ដោយសារការវិវត្តនៃដំបៅពងទឹក អាចវិវត្តទៅជាក្លាយរោគនិងប៉ះពាល់ដល់សរីរាង្គផ្សេងៗទៀតនៅក្នុងខ្លួនរបស់មនុស្ស នៅពេលដែលមានការប្រហែសឬមិនយកចិត្តទុកដាក់ ដែលអាចធ្វើឱ្យអ្នកជំងឺស្លាប់»។
ជាមួយគ្នានេះដែរ លោកស្រី នៅតែបន្តធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ត្រូវតែចូលរួមទាំងអស់គ្នាក្នុងការបង្ការជំងឺនេះ ទោះបីជាកម្ពុជាមិនទាន់មានជំងឺអុតស្វានេះក៏ដោយ ព្រោះវាមិនអាចមើលឃើញជាមុនបានទេ។
លោកស្រីបញ្ជាក់ថា ៖ «លទ្ធភាពនៃការឆ្លង អាចកើតមានគ្រប់ពេលវេលា ហើយយើងដឹងហើយថា កន្លងមកនេះការឆ្លងគឺមានតាមរយៈការប៉ះពាល់ជាមួយនឹងសត្វ ជាពិសេសសត្វស្វា សត្វដែលបំបៅកូនដោយទឹកដោះ ពពួកថវិកសត្វ ដែលវាមានផ្ទុកនូវវីរុសប្រភេទហ្នឹង។ កាលណា យើងប៉ះពាល់ជាមួយវា វានឹងឆ្លងមកយើង ហើយគ្រប់គ្នាត្រូវស្វែងយល់ពីរោគសញ្ញានៃជំងឺនេះឱ្យច្បាស់ផងដែរ»។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ជំងឺនេះ បើអ្នកជំងឺយកចិត្តទុកដាក់ថែទាំ ព្យាបាល វានឹងជាសះស្បើយក្នុងរយៈពេលពី២ទៅ៣សប្តាហ៍ ហើយជាពិសេសដំបៅនឹងជាបាត់ទៅវិញដែរ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើង តាមរយៈសេចក្តីណែនាំពីវិធានការការពារជាមុននូវការចម្លងជំងឺអុតស្វា ថា ប្រជាពលរដ្ឋគ្រប់រូបត្រូវអនុវត្តអនាម័យខ្លួនប្រាណនិងរស់នៅស្អាត ដោយធ្វើអនាម័យដៃជាមួយសាប៊ូឬជែល អាល់កុល និងអនុវត្តការការពារការចម្លងតាមផ្លូវដង្ហើម។
លោកបានបញ្ជាក់ថា ៖ «ត្រូវចៀសវាង ការប៉ះពាល់ដោយផ្ទាល់ ជាមួយអ្នកដែលមានជំងឺនេះ ឬបុគ្គលដែលសង្ស័យរួមទាំងការរួមភេទ ជាពិសេសការប៉ះពាល់ស្បែក ឬកន្លែងដែលមានចេញពងទឹកបែកជាដើម រហូតដល់ជំងឺបានជាសះស្បើយ»។
លោករដ្ឋមន្រ្តី ក៏បានណែនាំឱ្យគ្រប់មន្រ្តីពេទ្យ នៅតាមមូលដ្ឋានសុខាភិបាលទាំងរដ្ឋនិងឯកជន ត្រូវលើកកម្ពស់ការយល់ដឹងនិងការអប់រំអ្នកកំដរអ្នកជំងឺ ព្រមទាំងបុគ្គលិកសុខាភិបាល ត្រូវធ្វើជាចាំបាច់ដើម្បីទប់ស្កាត់និងបញ្ឈប់ការចម្លងបានទាន់ពេលវេលា។
ជាពិសេសបុគ្គលិកសុខាភិបាល ត្រូវតែអនុវត្តវិធានការការផ្ទាល់ខ្លួនយ៉ាងម៉ឺងម៉ាត់ និងមានការប្រុងប្រយ័ត្ន ដោយមានការគ្រប់គ្រងការចម្លងមេរោគឆ្លងនៅក្នុងមន្ទីរពេទ្យឱ្យបានត្រឹមត្រូវ៕