ភ្នំពេញៈ ក្រសួងសាធារណការនិងដឹកជញ្ជូនបាននិងកំពុងរៀបចំសិក្ខាសាលាវគ្គទី២ ដើម្បីចែករំលែកចំណេះដឹងក្នុងការកសាងសមត្ថភាព និងពង្រឹងស្ថាប័ន ដើម្បីរៀបចំក្របខ័ណ្ឌត្រួតពិនិត្យ និងវាយតម្លៃវិស័យភ័ស្តុភារកម្ម និងទិន្នន័យភ័ស្តុភារកម្មនៅកម្ពុជា និងកិច្ចសហការរវាងកម្ពុជា-ឡាវ-វៀតណាម។
សិក្ខាសាលានេះរៀបចំឡើងដោយអគ្គនាយកដ្ឋានភ័ស្តុភារកម្មតាមរយៈគម្រោងសហប្រតិបត្តិការបច្ចេកទេសនៃមូលនិធិសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ ២០២២ ដោយមានការចូលរួមផ្ទាល់និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីសិក្ខាកាមសរុប ប្រមាណ ៦០ នាក់។ ក្នុងនោះមានការចូលរួមពីតំណាងក្រសួងដឹកជញ្ជូនវៀតណាម តំណាងក្រសួងសាធារណការនិងដឹកជញ្ជូននៃប្រទេសឡាវ តំណាងវិទ្យាស្ថានមេគង្គ អ្នកជំនាញជាតិនិងអន្តរជាតិ ផ្នែកភ័ស្តុភារកម្មអគ្គនាយកដ្ឋានពាក់ព័ន្ធ ក្រោមឱវាទក្រសួងសាធារណការនិងដឹកជញ្ជូន កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ សមាគមភ័ស្តុភារកម្មកម្ពុជា និងសមាគមដឹកជញ្ជូនទំនិញផ្លូវគោកកម្ពុជាផងដែរ។
លោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភ័ស្តុភារកម្មក្រសួងសាធារណការ និងដឹកជញ្ជូនដែលបានធ្វើជាអធិបតីក្នុងពិធីបើកសិក្ខាសាលានេះបានគូសបញ្ជាក់ពីសារៈសំខាន់នៃសិក្ខាសាលាក្នុងការផ្តល់ជាចំណេះដឹងផ្នែកគ្រប់គ្រងនិងការរៀបចំទិន្នន័យស្ថិតិវិស័យភ័ស្តុភារកម្មទាំងនៅកម្ពុជា ឡាវនិងវៀតណាម ការពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំង៣ក្នុងការរួមគ្នាកសាងទិន្នន័យមូលដ្ឋានក្នុងវិស័យដឹកជញ្ជូននិងភ័ស្តុភារកម្ម។
លោកបន្តថា៖«ជាពិសេសការចែករំលែកចំណេះដឹងអនុវត្តនិងបទពិសោធរបស់អ្នកជំនាញ ការអន្តរជាតិផ្នែកភ័ស្តុភារកម្មមកពីទ្វីបអឺរ៉ុបនិងអាស៊ីដល់សិក្ខាកាមសម្រាប់រយៈពេល៣ថ្ងៃនេះ»។
ជាមួយគ្នានេះដែរ លោកបានថ្លែងអំណរគុណដល់សិក្ខាកាមទាំងអស់ដែលបានចូលរួមយ៉ាងផុសផុលក្នុងការជជែកពិភាក្សា ចែករំលែកបទពិសោធ និងចំណេះដឹងលើការងារប្រមូល ចងក្រង និងគ្រប់គ្រងទិន្នន័យដឹកជញ្ជូននិងភ័ស្តុភារកម្មទាំងការចូលរួមផ្ទាល់និងតាមប្រព័ន្ធវីដេអូពីចម្ងាយ។
ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជាលោក ស៊ិន ចន្ធី បានលើកឡើងថា ការរៀបចំសិក្ខាសាលានេះមានសារៈប្រយោជន៍ណាស់និងជាការចង់បានរបស់ខ្លួន ដើម្បីធ្វើឱ្យវិស័យភ័ស្តុភារកម្មនិងដឹកជញ្ជូនកាន់តែមានការប្រកួតប្រជែង ទាំងចំណេះដឹងផ្នែកទន់ និងផ្នែករឹង។
លោកបន្តថា នេះគឺជាគំនិតផ្តួចផ្តើមមួយដ៏ល្អដែលធ្វើឱ្យវិស័យរដ្ឋនិងឯកជន បានយល់ពីក្របខ័ណ្ឌកាន់តែប្រសើរក្នុងវិស័យភ័ស្តុភារកម្ម។ លោកបានបញ្ជាក់ថា ទោះបីវិស័យភ័ស្តុភារកម្មនៅកម្ពុជាមានភាពល្អប្រសើរក្តី ប៉ុន្តែក៏មានបញ្ហាប្រឈមមួយចំនួនដែលត្រូវការដោះស្រាយគឺបញ្ហារចនាសម្ព័ន្ធផ្នែករឹងនិងផ្នែកទន់។
វិស័យភ័ស្តុភារកម្មនៅកម្ពុជាគឺជាវិស័យក្តោបទាំងមូលទៅលើការដឹកជញ្ជូន ការរៀបចំឃ្លាំងស្តុកទំនិញ ការវេចខ្ចប់។ល។ ដើម្បីបញ្ជូនទំនិញពីអ្នកផលិតរហូតដល់អ្នកប្រើប្រាស់ឬរហូតដល់រោងចក្រ។
សិក្ខាសាលានេះរៀបចំឡើងបន្តពីសិក្ខាសាលាវគ្គទី១ដែលបានប្រព្រឹត្តទៅនៅខេត្តព្រះសីហនុកាលពីខែមេសា ឆ្នាំនេះ ក្នុងគោលបំណងដើម្បីកសាងនិងពង្រឹងសមត្ថភាពមន្រ្តីនិងស្ថាប័នពាក់ព័ន្ធទាំងវិស័យរដ្ឋនិងឯកជនអំពីការរៀបចំចងក្រងនិងប្រមូលទិន្នន័យស្ថិតិមូលដ្ឋាន ការរៀបចំក្របខ័ណ្ឌ ត្រួតពិនិត្យ និងវាយតម្លៃវិស័យភ័ស្តុភារកម្មនិងទិន្នន័យភ័ស្តុភារកម្មក្នុងប្រទេសកម្ពុជា។
សិក្ខាសាលានេះផ្តោតជាសំខាន់លើខ្លឹមសារៈសំខាន់ៗជាអាទិ៍រួមមាន សន្ទស្សន៍នៃការអនុវត្តភ័ស្តុភារកម្មសកល ការវាស់ស្ទង់ និងតាមដានការអនុវត្តភ័ស្តុភារកម្មតាមច្រករបៀងដឹកជញ្ជូន ការព្យាករ និងរៀបចំដំណោះស្រាយគំរូ សម្រាប់លំហូរទំនិញ/កុងតឺន័រ និងតម្លៃផ្សេងៗក្នុងវិស័យភ័ស្តុភារកម្ម និងការអនុវត្តជាក់ស្តែងលើលំហាត់ដែលដាក់ឱ្យសិក្ខាកាមពិភាក្សាជាក្រុម រួមទាំងករណីសិក្សាមួយចំនួនក្នុងបណ្តាប្រទេសនៃតំបន់អាស៊ី៕