ភ្នំពេញៈ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពនៅព្រឹកថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២២ បានប្រារព្ធទិវាអន្តរជាតិរំឭកគោរពវិញ្ញាណក្ខន្ធកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិដែលបានពលីជីវិតក្នុងបុព្វហេតុសន្តិភាពក្នុងបេសកកម្មចំនួន ៧២ គិតចាប់ពី ឆ្នាំ ១៩៤៨ មក។
នៅក្នុងពិធីដែលប្រារព្ធនៅខេត្តកំពង់ស្ពឺ លោក សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិនិងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានថ្លែងថា ជារៀងរាល់ឆ្នាំនាថ្ងៃទី២៩ ខែឧសភា មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព សហការជាមួយតំណាងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជានិងតំណាងស្ថានទូតនានាដែលមាននិវេសនដ្ឋាននៅកម្ពុជាតែងតែចូលរួមប្រារព្ធគោរពវិញ្ញាណក្ខន្ធដើម្បីរំឭកគុណូបការៈ ដល់វីរយុទ្ធជន-យុទ្ធនារី នៃកងរក្សាសន្តិភាពដែលបានធ្វើពលីកម្ម លះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុសន្តិភាព ហើយបានកត់ត្រាទុកជាប្រវត្តិសាស្ត្រនៃមនុស្សជាតិទាំងនៅទីបញ្ជាការធំរបស់អង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉កនិងក្នុងបណ្តាប្រទេសដែលជាសមាជិករបស់អង្គការសហប្រជាជាតិ។
លោកថ្លែងថា៖«យោងតាមរបាយការណ៍របស់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ១៩៤៨មក មានយុទ្ធជន យុទ្ធនារីចំនួន៤២០០នាក់បានពលីដើម្បីបុព្វហេតុសន្តិភាពក្នុងបេសកកម្ម
រក្សាសន្តិភាពអង្គការសហប្រជាជាតិក្នុងនោះក៏មាននាយទាហានកម្ពុជាយើងចំនួន ១០ នាក់ផងដែរ»។
នៅក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ទិវានេះគឺជាព្រឹត្តិការណ៍ដើម្បីគោរពវិញ្ញាណក្ខន្ធយុទ្ធជននិងយុទ្ធនារីទាំងឡាយដែលបានពលីជីវិតក្នុងការបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅលើពិភពលោក ជាយុទ្ធជន និងយុទ្ធនារី មកពីប្រទេសនជិតឆ្ងាយ ដើម្បីជួយរក្សា និងស្តារសន្តិភាពជូនប្រជាជននៃប្រទេសទីទៃ។
លោកបានបញ្ជាក់ថា៖« ទិវានេះ ក៏ជាឱកាសមួយ ដើម្បីផ្តល់កិតិ្តយសដល់យុទ្ធជន និងយុទ្ធនារីកម្ពុជា ចំនួន ៨ ៣០២ នាក់ ដែលបានបញ្ចប់និងកំពុងបំពេញបេសកកម្ម នៅតាមប្រទេសមានជម្លោះ ក៏ដូចជារំឭកដល់វិញ្ញាណក្ខន្ធនាយទាហានកម្ពុជាចំនួន ១០ នាក់ ក្នុងចំណោមកម្លាំងរក្សាសន្តិភាពចំនួន ៤ ២០០ នាក់ដែលបានបាត់បង់ជីវិតក្នុងការបំពេញកាតព្វកិច្ច មនុស្សធម៌ សន្តិភាព និងមិត្តភាពអន្តរជាតិ ក្រោមទង់អង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ ១៩៤៨ មក»។
ការប្រារព្ធទិវាអន្តរជាតិរំឭកគោរពវិញ្ញាណក្ខន្ធកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិដែលបានពលីជីវិតក្នុងបុព្វហេតុសន្តិភាពសម្រាប់ឆ្នាំនេះ អង្គការសហប្រជាជាតិ នឹងប្រារព្ធឡើងនៅថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២២ ក្រោមប្រធានបទ «មនុស្ស សន្តិភាព វឌ្ឍនភាព ដែលជាអំណាចនៃភាពជាដៃគូ»។ នេះបើតាមប្រសាសន៍របស់អ្នកស្រី Paulin Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា។
អ្នកស្រីបានថ្លែងថា៖ «ការលះបង់របស់ពួកគាត់បានបង្ហាញពីស្មារតីបង្រួបបង្រួមជាតិ បើទោះបីកំពុងបំពេញភារកិច្ចក្នុងបេសកកម្មដែលប្រឈមនឹងហានិភ័យខ្ពស់យ៉ាងណាក៏ដោយគឺពួកគាត់ធ្វើដើម្បីផ្តល់ សន្តិសុខជូនប្រទេសដែលងាយរងគ្រោះ»៕