ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកែសម្រួលផ្ទៃដីទំហំ ៣ ៤៤៨ ហិកតា ៧៧ អា ចេញពីតំបន់៣ បញ្ចូលមកតំបន់ ២ នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ និងប្រគល់ជូនប្រជាពលរដ្ឋ ១ ៦៥៨ គ្រួសារសម្រាប់ប្រើប្រាស់ និងអាស្រ័យផល។
យោងតាមអនុក្រឹត្យលេខ ១១១ អនក្រ.បក ចុះហត្ថលេខាដោយលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២៧ ខែឧសភាដោយឱ្យដឹងថា បានសម្រួលផ្ទៃដីទំហំ ៣ ៤៤៨ ហិកតា ៧៧ អា ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ចេញពីតំបន់៣ នៃបឹងទន្លេសាប ដែលកំណត់ដោយអនុក្រឹត្យលេខ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ បញ្ចូលមកតំបន់ ២ ប្រគល់ជូនប្រជាពលរដ្ឋចំនួន ១ ៦៥៨ គ្រួសារ ប្រើប្រាស់ និងអាស្រ័យផល។
អនុក្រឹត្យនេះបន្តថា ក្នុងនោះ ១.ឃុំកំពង់ពោធិ៍ ឃុំកំពង់លួង់ ឃុំអន្សាចំបក់ ឃុំអូរសណ្តាន់ ស្រុកក្រគរ ដីទំហំ ១ ១២២ ហិកតា ៤៥ អា ជូនប្រជាពលរដ្ឋចំនួន ៧០៦ គ្រួសារ។ ២.ឃុំកញួរ ឃុំរាំងទិល ឃុំស្យា ឃុំស្រែស្តុក ស្រុកកណ្តៀង ដីទំហំ ១ ១៦៩ ហិកតា ៧២ អា ជូនប្រជាពលរដ្ឋចំនួន ៥៨៥ គ្រួសារ។ និង ៣.ឃុំបឹងបត់កណ្តោល ឃុំមេទឹក និងឃុំអូរតាប៉ោង ស្រុកបាកាន ដីទំហំ ១ ១៥៦ ហិកតា ៦០ អា ជូនប្រជាពលរដ្ឋចំនួន ៣៦៧ គ្រួសារ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីថ្ងៃទី ២៧ ខែឧសភា ថ្លែងថាបឹងទន្លេសាបជាបឹងដ៏ធំមួយ ហើយជាបឹងដែលមានប្រភពត្រីច្រើន ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ថែរក្សា និងអភិរក្ស។ តំបន់បឹងទន្លេសាបចែកចេញជា៤តំបន់ ហើយតំបន់ទី៤ ជាតំបន់ដែលទាមទារឱ្យមានការអភិរក្សជាដាច់ខាត។
លោកបន្តថា តំបន់បឹងទន្លេសាបនេះ ចែកជា២កត្តាចាំបាច់ ដែលកត្តាទី១ ការអភិរក្ស និងកត្តាទី២ គឺត្រូវតែគិតដល់ផលប្រយោជន៍ប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងទន្លេសាបនោះ។ បញ្ហាបឹងទន្លេសាប ត្រូវគិតលើគោលការណ៍សំខាន់៣ ហើយគោលការណ៍ដែលត្រូវយកចិត្តទុកដាក់នោះ គឺគោលការណ៍ថ្លឹងថ្លែងជាមួយការអភិរក្ស និងគោលការណ៍រស់នៅរបស់ប្រជាពលរដ្ឋជាក់ស្តែង។
លោកនាយករដ្ឋមន្ត្រីបានណែនាំទៅដល់ខេត្តទាំង៦ដែលស្ថិតនៅជាប់នឹងបឹងទន្លេសាប ត្រូវយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងទន្លេសាប។ ជាមួយគ្នានេះ លោកក៏បានណែនាំឱ្យពិនិត្យពិចារណាស្ថានភាពជាក់ស្តែង ដោយកាត់ឆ្វៀលដីពីតំបន់២ និងតំបន់៣ ជូនទៅប្រជាពលរដ្ឋដែលរស់នៅជាក់ស្តែង និងឱ្យកែសម្រួលព្រំប្រទល់តំបន់២ និងតំបន់៣ឡើងវិញ ទៅតាមស្ថានភាពជាក់ស្តែងនៃការអាស្រ័យផលរបស់ប្រជាពលរដ្ឋ។
លោកក៏បានណែនាំឱ្យលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដឹកនាំអាជ្ញាធរពាក់ព័ន្ធក្នុងការកែសម្រួលព្រំប្រទល់តំបន់២ និងតំបន់៣នេះជាពិសេសបានណែនាំឱ្យរៀបចំជាបង្គោលធំៗនៅតាមព្រំប្រទល់ដែលត្រូវបែងចែកតំបន់បឹងទន្លេសាបនេះ។
លោកថ្លែងថា៖«ទីតាំងដែលបងប្អូនប្រជាពលរដ្ឋអាស្រ័យផលរាប់សិបឆ្នាំមកហើយនោះ គឺត្រូវរក្សា និងចេញកម្មសិទ្ធិជូនពួកគាត់ ហើយ រាជរដ្ឋាភិបាលកម្ពុជាប្រឆាំងដាច់ខាតចំពោះអ្នកមានអំណាច និងអ្នកមានលុយ ហើយទៅជ្រកក្រោមរូបភាព ជាពលរដ្ឋ ហើយបានកាប់ទន្ទ្រានដីដែលត្រូវបានហាមឃាត់នៅបឹងទន្លេសាប។ ភូមិឋាន និងតាំងទីលំនៅរបស់ប្រជាពលរដ្ឋ ដែលមានតាំងពីយូរលង់ណាស់មកហើយនោះ មិនអាចរុះរើចេញបាននោះឡើយ ដូច្នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក្រសួងធនធានទឹក ក្រសួងកសិកម្ម និងអាជ្ញាធរខេត្ត ត្រូវធ្វើការពិនិត្យមើលថា តើកន្លែងណាគោករាក់ ហើយត្រូវបូមស្តារឡើងវិញ»។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ផ្ទៃដីដែលកាត់ឆ្វៀល គឺសំដៅអ្នកអាស្រ័យផលយូរឆ្នាំ មិនរាប់អ្នកទើបទៅកាន់កាប់ត្រឹមតែ២ ឬ៣ឆ្នាំនោះទេ។ លោកក៏បានសុំឱ្យបងប្អូនប្រជាពលរដ្ឋដែលត្រូវបានកាត់ឆ្វៀលដីជូនហើយនោះ សូមកុំបន្តកាប់ទន្ទ្រានដីដែលត្រូវបានអភិរក្សបន្តទៅទៀត។ ដីដែលកាត់ឆ្វៀលជូនប្រជាពលរដ្ឋ គឺជាដីដែលពលរដ្ឋអាស្រ័យផលយ៉ាងតិចបំផុត១០ឆ្នាំ ឬដីដែលមិនមែនជាដីលិចទឹក ដែលអាចឱ្យប្រកបមុខរបរកសិកម្មបានយ៉ាងងាយស្រួល។
ជាមួយគ្នានេះ លោក ហ៊ុន សែន បានបញ្ជាឱ្យអភិបាលខេត្ត អភិបាលស្រុក មេឃុំ ត្រូវតែទទួលខុសត្រូវ និងយកចិត្តទុកដាក់ទៅលើពលរដ្ឋរបស់ខ្លួន ដែលរស់នៅ និងអាស្រ័យផលលើដីជុំវិញបឹងទន្លេសាបនេះ ដោយសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋ នឹងចូលរួមអនុវត្តនូវកិច្ចការងារនេះប្រកបដោយលទ្ធផលល្អ និងមានប្រសិទ្ធភាព ដើម្បីផលប្រយោជន៍ប្រជាជន៕