ភ្នំពេញៈ គិតត្រឹមថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានទទួលពាក្យស្នើសុំចូលរួមសង្កេតការណ៍បោះឆ្នោតប្រមាណ ១៦ ម៉ឺននាក់ ក្នុងនោះជាង៧ម៉ឺននាក់មកពីអង្គការ សមាគមជាង ៧០ អ្នកសង្កេតការណ៍មកពីគណបក្សនយោបាយទាំង ១៧ មានជាង៨ម៉ឺននាក់ និងភ្ញៀវពិសេសចំនួន ៣ ស្ថាប័ន សម្រាប់សង្កេតការណ៍ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២។
លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប. ប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ២៩ ឧសភា ថា កាលបរិច្ឆេទនៃការទទួលពាក្យអ្នកសង្កេតការណ៍បោះឆ្នោត ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី ២៨ ខែឧសភា ដោយទទួលបានអ្នកសង្កេតការណ៍បោះឆ្នោត ជាង ៧ ម៉ឺននាក់ និងភ្នាក់ងារគណបក្សនយោបាយមានជាង ៨ ម៉ឺននាក់។ ក្រៅពីនេះ ក៏មានការចូលរួមច្រើនទៀតពីស្ថាប័នព័ត៌មាន ដែលនេះបង្ហាញពីចំណុចល្អ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ ២០២២ ។
លោកបន្តថា ដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ នឹងមានការចូលរួមច្រើនពីភាគីពាក់ព័ន្ធ ដោយក្នុងនោះមានភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត អ្នកសារព័ត៌មាន និងមានភ្ញៀវពិសេស ពីប្រទេសជប៉ុន អូស្ត្រាលី និងសហភាពអឺរ៉ុប។
លោកថ្លែងថា៖ «អ៊ីចឹង យើងសង្ឃឹមថា ជាបន្តបន្ទាប់ទៀត មុនថ្ងៃទី ៣ ខែមិថុនា នឹងមានភ្ញៀវពិសេស សុំសង្កេតមើលការបោះឆ្នោត និងរាប់សន្លឹកឆ្នោត បន្តទៀត ប៉ុន្តែ អ្នកសង្កេតការណ៍បោះឆ្នោត បានបិទបញ្ចប់ហើយ»។
បើតាម លោកសោម សូរីដា គ.ជ.ប. បានចេញសេចក្ដីសម្រេច លេខ ១៧៩ គ.ជ.បស.ស.រ ចុះថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២២ អនុញ្ញាតជូនភ្ញៀវពិសេសសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២២ មុន ១ ថ្ងៃនៃការបោះឆ្នោត។ ភ្ញៀវពិសេស សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ គឺជាប្រតិភូនៃស្ថានទូត ឬស្ថានតំណាងបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលចូលរួមពិនិត្យមើលការបោះឆ្នោត មិនមែនក្នុងនាមជាអ្នកសង្កេតការណ៍។
ស្ថានទូត និងស្ថានតំណាងបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមានបំណងមកពិនិត្យមើលការបោះឆ្នោតនេះ ក្នុងរយៈពេលខ្លីត្រូវធ្វើលិខិតជូនដំណឹងមក គ.ជ.ប. ដោយភ្ជាប់មកជាមួយនូវបញ្ជីរាយនាមភ្ញៀវពិសេស និងអ្នកបកប្រែភាសា រួមទាំងរូបថតទំហំ ៤x៦ ចំនួន ១ សន្លឹកក្នុងម្នាក់ៗ។
ពាក់ព័ន្ធនឹងការបោះឆ្នោតនេះ នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២២ គណបក្សនយោបាយមួយចំនួន បានបើកយុទ្ធនាការឃោសនាធំនៅរាជធានីភ្នំពេញ ដើម្បទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។
លោក ឯម សុខសុវណ្ណ ប្រធាននាយកដ្ឋានកិច្ចការនយោបាយ នៃគណបក្សយុវជនកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៩ ឧសភាថា គណបក្សយុវជនកម្ពុជាបានរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតនេះ ជាយុទ្ធនាការឃោសនាទ្រង់ទាយធំ ដែលមានអ្នកចូលរួមចំនួន ២ ០០០ នាក់។
លោកបន្តថា ដោយមានការជួបជុំគ្នានៅទីស្នាក់ការកណ្តាលរបស់គណបក្សយុវជនកម្ពុជា ស្ថិតនៅភូមិទួលពង សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដឹកនាំដង្ហែ ដោយលោក ពេជ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃអាទិត្យទី ២៩ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ២:០០ នាទី រសៀល ដល់ម៉ោង ៩:០០ នាទី យប់។
លោក សុខ ប៉េងឡុង ប្រធាននាយកដ្ឋានព័ត៌មាន នៃគណបក្សកម្ពុជានិយម ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៩ ឧសភាថា គណបក្សបាន ជ្រើសរើសថ្ងៃអាទិត្យទី ២៩ ខែឧសភា ជាថ្ងៃហែក្បួនឃោសនាបោះឆ្នោត ហើយមានទីតាំងជួបជុំនៅខាងមុខផ្សារ PC សង្កាត់បឹងទំពន់ទី ២ នៅវេលាម៉ោង ៧:៣០ នាទីព្រឹក ដោយមានអ្នកចូលរួមប្រមាណជិត ១០០ នាក់។
ដោយឡែក គណបក្សភ្លើងទៀន នៅថ្ងៃទី ២៩ ខែឧសភា បានជួបជុំដង្ហែក្បួនឃោសនា នៅទូទាំង ១២ សង្កាត់ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងរចនាសម្ព័ន្ធគ្រប់លំដាប់ថ្នាក់របស់គណបក្សភ្លើងទៀន និងអ្នកគាំទ្ររាប់រយនាក់ផងដែរ។
ក្រៅពីហែក្បួន និងចុះចែកខិត្តប័ណ្ណ នៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង និងបាត់ដំបង នៅថ្ងៃទី ២៩ ខែឧសភា បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា គ.២៧ នៅវិមាន ៧ មករា នៃទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។
លោក ស ខេង វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្ស គ.២៧ ទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្តលះបង់ពេលវេលា ប្រាជ្ញាស្មារតី និងធនធាន រួបរួមសាមគ្គីគ្នាចុះទៅបំពេញការងារគណបក្ស គ.២៧ ទាំងក្រុមការងារគណបក្ស ក្រុមការងាររាជរដ្ឋាភិបាល និងកិច្ចការស្នូលនៅអគ្គនាយកដ្ឋាន និងអង្គភាពនានានៅក្រសួងមហាផ្ទៃ។
សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប. នៅថ្ងៃទី ២៨ ខែឧសភា ឱ្យដឹងថា សភាពការណ៍ទូទៅ នៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទី ៨ បានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។
បើតាម គ.ជ.ប. ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ មានរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃទី ២១ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២។ រាល់សកម្មភាពឃោសនាត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងសេចក្ដីណែនាំរបស់ គ.ជ.ប.៕