ភ្នំពេញៈ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនៅតែមានសង្ឃឹមថា កិច្ចប្រឹងប្រែងរបស់កម្ពុជានឹងចូលរួមចំណែកកសាងមូលដ្ឋានគ្រឹះ «ដ៏រឹងមាំ» ដើម្បីស្វែងរកសន្តិភាពដល់ប្រទេសមីយ៉ាន់ម៉ា ទោះបីវិបត្តិនៅប្រទេសនេះមានលក្ខណៈចាក់ស្រែះជ្រៅក៏ដោយ។
លោកបានសរសេរនៅលើហ្វេសប៊ុកក្រោយពីបញ្ចប់កិច្ចប្រជុំ ដើម្បីជូនព័ត៌មានលើកទី ២ ដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីបញ្ហាមីយ៉ាន់ម៉ា នាថ្ងៃទី ២៧ ខែឧសភា ដែលរហូតមកដល់ពេលនេះមានរយៈពេល ៥ ខែ បន្ទាប់ពីលោកបានជូនព័ត៌មានលើកដំបូងកាលពីដើមខែមករា។
លោក ប្រាក់ សុខុន ដែលជាប្រេសិតពិសេសរបស់ប្រធានអាស៊ានបានសរសេរថា ប្រទេសមីយ៉ាន់ម៉ានៅតែបន្តប្រឈមមុខនឹងបញ្ហាស្មុគស្មាញជាច្រើន ដូចជាវិបត្តិនយោបាយ និងសេដ្ឋកិច្ច ជំងឺរាតត្បាតកូវីដ ១៩ និងវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ ដោយលោកអះអាងថា៖ «យ៉ាងណាក្តី មិនមែនមានន័យថា អស់សង្ឃឹមនោះទេ ដរាបណាយើងទាំងអស់រួមទាំងអាស៊ាន និងសហគមន៍អន្តរជាតិបន្តប្រាស្រ័យទាក់ទងជាមួយមីយ៉ាន់ម៉ាប្រកបដោយការស្ថាបនាផ្ទុយពីនយោបាយឯកោនិយម»។
លោកបន្តថា៖ «កម្ពុជាទទួលស្គាល់ថា វិបត្តិមីយ៉ាន់ម៉ា គឺមានលក្ខណៈចាក់ស្រែះជ្រៅ។ ស្របពេលដែលយើងកំពុងប្រឹងប្រែងអស់ពីសមត្ថភាពក្នុងនាមជាប្រធានអាស៊ាន យើងនៅតែសង្ឃឹមថា កិច្ចប្រឹងប្រែងនោះនឹងចូលរួមចំណែកកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ ដើម្បីស្វែងរកសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់ប្រទេសមីយ៉ាន់ម៉ាទាំងមូល»។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ខណៈពេលដែលលោកទន្ទឹងរង់ចាំដំណើរទស្សនកិច្ចលើកទី២ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា នៅពេលដ៏ខ្លីខាងមុខនេះ លោកតែងតែគិតពីចំណុចសំខាន់ៗចំនួន ៥ គឺ ទី១ ការបញ្ឈប់អំពើហិង្សា ទី២ គឺការចូលរួមប្រាស្រ័យទាក់ទងគ្នាក្នុងន័យស្ថាបនា ទី៣ គឺយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ទី៤ គឺជំនួយមនុស្សធម៌ និងជាពិសេសចុងក្រោយ គឺសុទិដ្ឋិនិយម។
កាលពីខែមីនា ប្រេសិតពិសេសរូបនេះបានធ្វើទស្សនកិច្ចជាលើកដំបូងនៅប្រទេសមីយ៉ាន់ម៉ា ដោយបានជួបជាមួយឥស្សរជនសំខាន់ ៤ ក្រុមផ្សេងគ្នា នៅប្រទេសមីយ៉ាន់ម៉ាក្នុងនោះរួមមាន ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) តួអង្គក្រៅក្រុមប្រឹក្សារដ្ឋបាលរដ្ឋ អង្គទូត និងទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិ។
សេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេសកម្ពុជាចេញផ្សាយនាថ្ងៃទី ២៨ ខែឧសភា បញ្ជាក់ថា ជំនួបទាំងនេះបានផ្តល់ឱកាសដល់លោក ប្រាក់ សុខុន បានស្តាប់ ពិភាក្សា និងបញ្ជាក់អំពីការត្រៀមជួយជ្រោមជ្រែងដល់ប្រទេសមីយ៉ាន់ម៉ា តាមរយៈក្របខ័ណ្ឌអាស៊ាន ដើម្បីសម្រេចបានវឌ្ឍនភាពបន្ថែមទៀតក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច ឬហៅថា កុងសង់ស៊ីស។
លោក ប្រាក់ សុខុន ថ្លែងប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា តួអង្គទាំងអស់បានលើកឡើងដូចៗគ្នាអំពីសេចក្តីប្រាថ្នាចង់ឱ្យប្រទេសមីយ៉ាន់ម៉ាវិលទៅរកភាពប្រក្រតីឡើងវិញ និងចង់បានដំណោះស្រាយចំពោះបញ្ហាមនុស្សធម៌នៅលើមូលដ្ឋាន ដែលជាផលប្រយោជន៍សម្រាប់ប្រជាជនមីយ៉ាន់ម៉ា។ លោកលើកឡើងថា៖ «តួអង្គនយោបាយផ្សេងៗគ្នានៅប្រទេសមីយ៉ាន់ម៉ា គួរប្រកាន់ជំហរបើកចំហបន្ថែមទៀតសម្រាប់ការសន្ទនាក្នុងន័យស្ថាបនា ដើម្បីកសាងការយោគយល់គ្នា ជំនឿ និងទំនុកចិត្តទៅវិញទៅមក ដែលអំណោយផលដល់ដំណើរការសន្តិភាពប្រកបដោយបរិយាប័ន្ន និងអាចទុកចិត្តបាននៅមីយ៉ាន់ម៉ា»។
លោករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួន និងការប្តេជ្ញាចិត្តរបស់កម្ពុជាធ្វើជាអ្នកស្តាប់យ៉ាងយកចិត្តទុកដាក់ និងជាអ្នកសម្របសម្រួលដ៏ស្មោះត្រង់សម្រាប់មីយ៉ាន់ម៉ា ហើយអាទិភាពជាបន្ទាន់គឺត្រូវដាក់ចេញនូវអ្វីដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់កាលពីដើមខែឧសភា ជាពិសេសការខិតខំប្រឹងប្រែងក្នុងការផ្តល់ជំនួយមនុស្សធម៌ឱ្យបានទាន់ពេលវេលាទៅដល់អ្នកដែលត្រូវការជំនួយបំផុតគ្មានការរើសអើង។
លោក ប្រាក់ សុខុន បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិថា ពេលនេះ លោកកំពុងរៀបចំដំណើរទស្សនកិច្ចជាលើកទី ២ នាពេលខាងមុខ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជំរុញឱ្យមានវឌ្ឍនភាពបន្ថែមទៀតក្នុងការអនុវត្តកុងសង់ស៊ីស ៥ ចំណុច។ លោក សង្ឃឹមថានឹងអាចជួបភាគីពាក់ព័ន្ធឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន បន្ថែមលើអ្នកដែលបានជួបរួចហើយក្នុងដំណើរទស្សនកិច្ចលើកដំបូង។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាពថ្លែងថា ការចង់បានយ៉ាងខ្លាំងពីភាគីដែលកំពុងតស៊ូប្រឆាំងនឹងរដ្ឋាភិបាលបច្ចុប្បន្នមីយ៉ាន់ម៉ានោះគឺការដោះលែងលោកស្រី អ៊ុងសាន ស៊ូជី អតីតមេដឹកនាំស៊ីវិលមីយ៉ាន់ម៉ា និងការកំណត់អំពីជោគវាសនានៃអ្នកដឹកនាំរបស់ពួកគេឱ្យបានប្រាកដប្រជា។
លោកបន្តថា បើកាលណានៅតែមានការឃុំឃាំងលោកស្រី អ៊ុងសាន ស៊ូជី និងនៅតែមានការរឹតត្បិតសេរីភាពនយោបាយរបស់ពួកគេទៅអនាគត ដំណើរការនៃការសន្ទនាប្រហែលជាមានឧបសគ្គច្រើន ហើយការឈានទៅដល់បទឈប់បាញ់ក៏មានការលំបាកដែរ ប្រសិនបើបទឈប់បាញ់នេះ ផ្តល់ផលប្រយោជន៍ទៅដល់ក្រុមយោធាមីយ៉ាន់ម៉ាច្រើនជាង តែប្រសិនបើវាផ្តល់ផលប្រយោជន៍ទាំងសងខាងដោយស្មើគ្នា ប្រហែលជាភាគីទាំង ២ អាចទទួលយកបទឈប់បាញ់នេះ។
លោក យង់ គិមអេង ថ្លែងថា៖ «ប៉ុន្តែរឿងដែលសំខាន់ថា ការទទួល ឬមិនទទួល [បទឈប់បាញ់] លទ្ធផលយ៉ាងណា គឺវាស្ថិតនៅលើការសម្រេចរបស់ភាគីទាំងអស់របស់មីយ៉ាន់ម៉ា ហើយក៏វាស្ថិតនៅលើភាពប៉ិនប្រសប់នៃការសម្របសម្រួលរបស់អាស៊ាន ក៏ដូចជាសហគមន៍អន្តរជាតិផងដែរ»៕