ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ថ្លែងថា ការបង្កើតការិយាល័យទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) នៅកម្ពុជារយៈពេល ១០ ឆ្នាំមកនេះបានបង្ហាញពីការប្តេជ្ញាចិត្ត និងភាពជាដៃគូដ៏យូរអង្វែងជាមួយកម្ពុជា ដោយលោកចាត់ទុក SDC ជាម្ចាស់ជំនួយដ៏សំខាន់ដែលបានជួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងវិស័យផ្សេងទៀត។
លោកលើកឡើងដូច្នេះនាឱកាសខួប ១០ ឆ្នាំនៃការបង្កើតការិយាល័យ SDC នៅកម្ពុជា និងការដាក់ឱ្យដំណើរការកម្មវិធីកិច្ចសហប្រតិបត្តិការស្វ៊ីសនៅតំបន់មេគង្គ ឆ្នាំ ២០២២-២០២៥ នាថ្ងៃទី ២៧ ខែឧសភា នៅរាជធានីភ្នំពេញ។
លោកថ្លែងថា ការបង្កើតការិយាល័យ SDC នៅកម្ពុជារយៈពេល ១០ ឆ្នាំមកនេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្ត និងភាពជាដៃគូដ៏យូរអង្វែងជាមួយកម្ពុជា។ លោកកោតសរសើរចំពោះប្រទេសស្វ៊ីស និងប្រជាជនស្វ៊ីសចំពោះការគាំទ្រ «ដ៏សប្បុរស» ដល់កម្ពុជាលើគ្រប់វិស័យ រួមទាំង វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។
លោក អ៊ិត សំហេង ថ្លែងថា៖ «SDC គឺជាម្ចាស់ជំនួយដ៏សំខាន់មួយ ដែលបានជួយដល់ប្រទេសកម្ពុជា តាមរយៈគម្រោងផ្សេងៗ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច អភិបាលកិច្ច ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានធម្មជាតិជាដើម»។
បើតាមលោករដ្ឋមន្ត្រី ក្រសួងការងារបានទទួលការគាំទ្រពី SDC លើគម្រោងជាច្រើន រួមទាំងឧបករណ៍បរិក្ខារ បច្ចេកទេស និងហិរញ្ញវត្ថុ។ ក្នុងនោះមានគម្រោងអភិវឌ្ឍន៍ជំនាញដំណាក់កាលទី ១ និងដំណាក់កាលទី ២ កម្មវិធី«មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា»។ ដំណាក់កាលទី ១ និងដំណាក់កាលទី ២ គាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) តាមអនឡាញ និងកំពុងគាំទ្រដល់ការអភិវឌ្ឍច្បាប់ TVET ជាដើម។
លោកថា ប្រទេសស្វ៊ីស និង SDC បានផ្តល់ជំនួយយ៉ាងច្រើនលើផ្នែកឧបករណ៍បរិក្ខារ បច្ចេកទេស និងហិរញ្ញវត្ថុដល់កម្ពុជាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងបាននាំយកបទពិសោធ ចំណេះដឹង និងបច្ចេកទេសនានាមកជួយដល់កម្ពុជា។
លោករដ្ឋមន្ត្រីថ្លែងថា៖ «SDC បាននិងកំពុងធ្វើការជាមួយដៃគូនានាជាច្រើន រួមទាំងរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត សម្រាប់ការគាំទ្រប្រទេសកម្ពុជាឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាព និងរួមបញ្ចូលយុទ្ធសាស្ត្ររយៈពេល ៤ ឆ្នាំ ស្របតាមផែនការយុទ្ធសាស្ត្រជាអាទិភាពរបស់កម្ពុជា និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជា»។
លោក អ៊ិត សំហេង បានបន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុក ការអភិវឌ្ឍប្រព័ន្ធ TVET ជាអាទិភាពខ្ពស់បំផុតក្នុងការគ្រប់ក្របខ័ណ្ឌគោលនយោបាយជាតិ។ រដ្ឋាភិបាលក៏បានធ្វើការវិនិយោគយ៉ាងសន្ធឹកសន្ធាប់លើវិស័យនេះ ដើម្បីខិតខំរត់តាមឱ្យទាន់មហិច្ឆតាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការប្រែប្រួលយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងទីផ្សារការងារ ព្រមទាំងដើម្បីរត់តាមឱ្យទាន់ក្តីរំពឹងកាន់តែខ្ពស់របស់ប្រជាពលរដ្ឋក្នុងការមានការងារធ្វើល្អ និងកម្រិតជីវភាពកាន់តែប្រសើរឡើង។
លោកស្រី Helene Budliger Artieda ឯកអគ្គរដ្ឋទូតស្វ៊ីសប្រចាំប្រទេសថៃ កម្ពុជា និងឡាវ បានធ្វើការកោតសរសើរចំពោះភាពជាដៃគូយូរអង្វែងរបស់ខ្លួនជាមួយរាជរដ្ឋាភិបាលកម្ពុជា វិស័យឯកជន អង្គការអន្តរជាតិ និងសង្គមស៊ីវិល។
លោកស្រីត្រូវបានស្រង់សម្តីដោយក្រសួងការងារថា៖ «ពួកយើងនៅទីនេះ គឺ ដើម្បីរួមចំណែកដល់អនាគតនៃប្រទេសដ៏ស្រស់ស្អាតនេះ និងប្រជាជនទាំងក្មេង និងចាស់។ ប្រទេសស្វ៊ីសចូលរួមធ្វើការនៅក្នុងបរិបទតំបន់ផងដែរ ក្នុងគោលបំណងពង្រឹងឡើងវិញនូវយន្តការ និងស្ថាប័នក្នុងតំបន់ ដូចជា អាស៊ានជាដើម»។
លោកស្រីលើកឡើងថា ក្នុងឆ្នាំនេះ ប្រទេសកម្ពុជាទទួលបន្ទុក «យ៉ាងសំខាន់» ក្នុងនាមជាប្រធានអាស៊ាន ដោយកម្ពុជានឹងដើរតួជាអ្នកដោះស្រាយបញ្ហាប្រឈមមួយចំនួននៅក្នុងតំបន់។ ប្រទេសស្វ៊ីស រង់ចាំធ្វើការជាមួយកម្ពុជា ក្នុងនាមជាដៃគូ សន្ទនាតាមវិស័យជាមួយអាស៊ាន។
ក្នុងជំនួបជាមួយលោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី ២៧ ខែឧសភា លោកស្រី Helene Budliger Artieda បានពិភាក្សាអំពីភាពជាប្រធានអាស៊ានរបស់កម្ពុជា ភាពជាដៃគូអាស៊ាន-ស្វ៊ីស ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ា និងបញ្ហាតំបន់ផ្សេងទៀត។ លោកស្រីបានសរសេរលើ Twitter បន្ទាប់ពីជំនួបថា៖ «[យើង] រង់ចាំធ្វើការពង្រឹងទំនាក់ទំនងរបស់យើងក្នុងក្របខ័ណ្ឌអាស៊ាន គឺភាពជាដៃគូអាស៊ាន-ស្វ៊ីស»៕