ពោធិ៍សាត់ៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកែសម្រួលផ្ទៃដីទំហំ ៣ ៤៤៨ ហិកតា ៧៧ អា ចេញពីតំបន់ ៣ បញ្ចូលមកតំបន់ ២ នៃតំបន់បឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ និងប្រគល់ជូនប្រជាពលរដ្ឋ ១ ៦៥៨ គ្រួសារសម្រាប់ប្រើប្រាស់ និងអាស្រ័យផល។
យោងតាមអនុក្រឹត្យលេខ ១១១ អនក្រ.បក ចុះហត្ថលេខាដោយលោក នាយករដ្ឋមន្ត្រីកាលពីថ្ងៃទី ២៧ ខែឧសភា បានសម្រួលផ្ទៃដីទំហំ ៣ ៤៤៨ ហិកតា ៧៧ អា ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ចេញពីតំបន់ ៣ នៃបឹងទន្លេសាប ដែលកំណត់ដោយអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១១ បញ្ចូលមកតំបន់ ២ ប្រគល់ជូនប្រជាពលរដ្ឋចំនួន ១ ៦៥៨គ្រួសារប្រើប្រាស់ និងអាស្រ័យផល។
អនុក្រឹត្យនេះបន្តថា ផ្ទៃដីដែលនឹងត្រូវកាត់ឆ្វៀលនោះរួមមាន ១ នៅស្រុកក្រគរ ដីទំហំ ១ ១២២ ហិកតា ៤៥ អា ជូនប្រជាពលរដ្ឋចំនួន ៧០៦ គ្រួសារ។ ២ ស្រុកកណ្តៀង ដីទំហំ ១ ១៦៩ ហិកតា ៧២ អា ជូនប្រជាពលរដ្ឋចំនួន ៥៨៥ គ្រួសារ និង ៣ ស្រុកបាកាន ដីទំហំ ១ ១៥៦ ហិកតា ៦០ អា ជូនប្រជាពលរដ្ឋចំនួន ៣៦៧ គ្រួសារ។
លោក ហ៊ុន សែន គូសបញ្ជាក់នៅក្នុងអនុក្រឹត្យថា បឹងទន្លេសាបជាបឹងដ៏ធំមួយ ហើយជាបឹងដែលមានប្រភពត្រីច្រើន ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ថែរក្សា និងអភិរក្ស។ តំបន់បឹងទន្លេសាបចែកចេញជា ៤ តំបន់ ហើយតំបន់ទី ៤ ជាតំបន់ដែលទាមទារឱ្យមានការអភិរក្សជាដាច់ខាត។
លោកបន្តថា តំបន់បឹងទន្លេសាបនេះចែកជា ២ កត្តាចាំបាច់ ដែលកត្តាទី ១ ការអភិរក្ស និងកត្តាទី ២ គឺត្រូវតែគិតដល់ផលប្រយោជន៍ប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងទន្លេសាបនោះ។ បញ្ហាបឹងទន្លេសាបត្រូវគិតលើគោលការណ៍សំខាន់ ៣ ហើយគោលការណ៍ដែលត្រូវយកចិត្តទុកដាក់នោះ គឺគោលការណ៍ថ្លឹងថ្លែងជាមួយការអភិរក្ស និងគោលការណ៍រស់នៅរបស់ប្រជាពលរដ្ឋជាក់ស្តែង។ លោកនាយករដ្ឋមន្ត្រីបានណែនាំទៅដល់ខេត្តទាំង ៦ ដែលស្ថិតនៅជាប់នឹងបឹងទន្លេសាបត្រូវយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងទន្លេសាប។
ជាមួយគ្នានេះ លោកក៏បានណែនាំឱ្យពិនិត្យពិចារណាស្ថានភាពជាក់ស្តែងដោយកាត់ឆ្វៀលដីពីតំបន់ ២ និងតំបន់ ៣ ជូនទៅប្រជាពលរដ្ឋដែលរស់នៅជាក់ស្តែង និងឱ្យកែសម្រួលព្រំប្រទល់តំបន់ ២ និងតំបន់ ៣ ឡើងវិញ ទៅតាមស្ថានភាពជាក់ស្តែងនៃការអាស្រ័យផលរបស់ប្រជាពលរដ្ឋ។
លោកក៏បានណែនាំឱ្យលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំអាជ្ញាធរពាក់ព័ន្ធក្នុងការកែសម្រួលព្រំប្រទល់តំបន់ ២ និងតំបន់ ៣ នេះ ជាពិសេសបានណែនាំឱ្យរៀបចំជាបង្គោលធំៗនៅតាមព្រំប្រទល់ដែលត្រូវបែងចែកតំបន់បឹងទន្លេសាបនេះ។
លោកថា៖ «ទីតាំងដែលបងប្អូនប្រជាពលរដ្ឋអាស្រ័យផលរាប់សិបឆ្នាំមកហើយនោះគឺត្រូវរក្សា និងចេញកម្មសិទ្ធិជូនពួកគាត់ហើយ រាជរដ្ឋាភិបាលកម្ពុជាប្រឆាំងដាច់ខាតចំពោះអ្នកមានអំណាច និងអ្នកមានលុយ ហើយទៅជ្រកក្រោមរូបភាពជាពលរដ្ឋ ហើយបានកាប់ទន្ទ្រានដីដែលត្រូវបានហាមឃាត់នៅបឹងទន្លេសាប។ ភូមិឋាន តាំងទីលំនៅរបស់ប្រជាពលរដ្ឋ ដែលមានតាំងពីយូរលង់ណាស់មកហើយនោះ មិនអាចរុះរើចេញបាននោះឡើយ ដូច្នេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក្រសួងធនធានទឹក ក្រសួងកសិកម្ម និងអាជ្ញាធរខេត្តត្រូវធ្វើការពិនិត្យមើលថា តើកន្លែងណាគោករាក់ ហើយត្រូវបូមស្តារឡើងវិញ»។
លោកបញ្ជាក់ថា ផ្ទៃដីដែលកាត់ឆ្វៀលគឺសំដៅអ្នកអាស្រ័យផលយូរឆ្នាំ មិនរាប់អ្នកទើបទៅកាន់កាប់ត្រឹមតែ ២ ឬ ៣ ឆ្នាំនោះទេ។ លោកក៏បានសុំឱ្យបងប្អូនប្រជាពលរដ្ឋដែលត្រូវបានកាត់ឆ្វៀលដីជូនហើយនោះ សូមកុំបន្តកាប់ទន្ទ្រានដីដែលត្រូវបានអភិរក្សបន្តទៅទៀត។ ដីដែលកាត់ឆ្វៀលជូនប្រជាពលរដ្ឋ គឺជាដីដែលពលរដ្ឋអាស្រ័យផល យ៉ាងតិចបំផុត ១០ ឆ្នាំ ឬដីដែលមិនមែនជាដីលិចទឹកដែលអាចឱ្យប្រកបមុខរបរកសិកម្មបានយ៉ាងងាយស្រួល។
បន្ទាប់ពីរាជរដ្ឋាភិបាលចេញអនុក្រឹត្យនេះ លោក ជា សុផារ៉ា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំអំពីដីនៅជុំវិញបឹងទន្លេសាបនៅសាលប្រជុំខេត្តពោធិ៍សាត់ ដើម្បីប្រមូលធាតុចូលបន្ថែមជុំវិញរឿងនេះ កាលពីថ្ងៃទី ២៨ ខែឧសភា។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្ស អង្គការលីកាដូ លោក អំ សំអាត បានគាំទ្រចំពោះការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលធ្លាប់រស់នៅ និងអាស្រ័យផលជាយូរឆ្នាំ និងការផ្តល់បណ្ណកម្មសិទ្ធិ ដើម្បីឱ្យពលរដ្ឋបានរស់នៅ និងបង្កបង្កើនផលវិញ។
ប៉ុន្តែលោកសម្តែងការព្រួយបារម្ភថា ដីដែលកាត់ឆ្វៀលនោះបានទៅលើអ្នកមានលុយ មានអំណាច មិនបានទៅលើពលរដ្ឋពិតប្រាកដ ខណៈលោកជំរុញអាជ្ញាធរធ្វើរឿងនេះ ប្រកបដោយតម្លាភាព និងយុត្តិធម៌។
លោកថា៖ «បានន័យថា ដីនោះត្រូវបានទៅលើប្រជាពលរដ្ឋដែលធ្លាប់កាន់កាប់ និងអាស្រ័យផលពិតប្រាកដ គឺមិនត្រូវឱ្យមានឈ្មួញ ឬអ្នកមានអំណាច ឬអ្នកមានលុយទទួលបានដីដែលរាជរដ្ឋាភិបាលប្រគល់ជូនពលរដ្ឋនោះទេ»។
លោកបានបន្តថា ជាពិសេសអាជ្ញាធរមូលដ្ឋានត្រូវទប់ស្កាត់ការទន្ទ្រាន ឬការកាន់កាប់ដីព្រៃលិចទឹកបន្ថែម ទោះបីប្រជាពលរដ្ឋក៏ដោយ ឬអ្នកមានលុយមានអំណាចក៏ដោយ ព្រោះកន្លងមក អ្នកមានដីកាន់កាប់ច្រើនៗរាប់រយរាប់ពាន់ហិកតា ច្រើនតែជាអ្នកមានអំណាច។
លោកបានបញ្ជាក់ថា៖ «ទន្ទឹមនឹងនោះ ដើម្បីរក្សាបឹងទន្លេសាបត្រូវតែមានការទប់ស្កាត់នូវការនេសាទខុសច្បាប់ឱ្យមានប្រសិទ្ធភាពកុំចាំតែប្រមុខរាជរដ្ឋាភិបាលស្រែក ទើបអាជ្ញាធរមូលដ្ឋានប្រឹងប្រែងធ្វើការនោះទេ ពីព្រោះវាជាកាតព្វកិច្ចរបស់អាជ្ញាធរមូលដ្ឋាន»។
ជាមួយគ្នានេះ លោក ហ៊ុន សែន បានបញ្ជាឱ្យអភិបាលខេត្ត អភិបាលស្រុក និងមេឃុំ ត្រូវតែទទួលខុសត្រូវ និងយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋរបស់ខ្លួន ដែលរស់នៅ និងអាស្រ័យផលនៅលើដីជុំវិញបឹងទន្លេសាបនេះ ដោយលោកសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋនឹងចូលរួមអនុវត្តនូវកិច្ចការងារនេះប្រកបដោយលទ្ធផលល្អ និងមានប្រសិទ្ធភាព ដើម្បីផលប្រយោជន៍ប្រជាជន៕