ស្ទឹងត្រែងៈ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្ទឹងត្រែងសហការជាមួយការិយាល័យកសិកម្ម ក្រុងស្រុក និងភ្នាក់ងារពេទ្យសត្វភូមិបានចុះអន្តរាគមន៍ចាក់ថ្នាំការពារជំងឺសាទឹកសត្វគោក្របីបានចំនួន ៧ ៧៩៤ ក្បាល ចាប់ពីថ្ងៃទី ២៣ ខែមីនា ដល់ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២២ ស្របពេលដែលខេត្តផ្សេងៗទៀតកំពុងចុះពិនិត្យព្យាបាល និងចាក់វ៉ាក់សាំងជំងឺនេះផងដែរ។
លោក សៀង ម៉េងហ័ង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្ទឹងត្រែងបានឱ្យដឹងនៅថ្ងៃទី ៣០ ខែឧសភា ថា មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្ទឹងត្រែង សហការជាមួយការិយាល័យកសិកម្ម ក្រុង ស្រុក និងភ្នាក់ងារពេទ្យសត្វភូមិបានចុះចាក់ថ្នាំការពារជំងឺសាទឹកគោក្របីបានចំនួន ៧ ៧៩៤ ក្បាល គិតចាប់ពីថ្ងៃទី ២៣ ខែមីនា ដល់ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២២។
លោកបានបញ្ជាក់ថា ក្នុងអំឡុងពេលចាក់ថ្នាំការពារនេះនៅស្រុកសៀមប៉ាង ចាក់បានគោចំនួន ៧១៤ ក្បាល ក្របីចំនួន ១ ១២៦ ក្បាល, ស្រុកសេសានចាក់បានគោចំនួន ៤ ៦១៧ ក្បាលក្របីចំនួន ១១៦ ក្បាល, ស្រុកថាឡាបរឺវ៉ាត់ចាក់បានគោចំនួន ៣២៧ ក្បាល ក្របី ៣៧ ក្បាល, ស្រុកបុរីអូរស្វាយសែនជ័យ ចាក់បានគោចំនួន ៣២៧ ក្បាល ក្របី ២៨ ក្បាល និងក្រុងស្ទឹងត្រែងចាក់បានគោចំនួន ៤៦៧ ក្បាល ក្របី ៣៥ ក្បាល។
លោកប្រាប់ថា៖ «ស្ថានភាពជំងឺសត្វពុំទាន់មានបញ្ហាកើតឡើងដែលគួរឱ្យកត់សម្គាល់នោះទេ ប៉ុន្តែទោះបីយ៉ាងនេះក៏ដោយ មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរក៏ដូចជា មន្ត្រីការិយាល័យកសិកម្មក្រុង ស្រុកនៅតែយកចិត្តទុកដាក់តាមដានស្ថានភាពជំងឺសត្វជាប្រចាំ»។
លោក ឌី វិចិត្រ ប្រធានការិយាល័យកសិកម្មស្រុកសៀមប៉ាងថ្លែង នៅថ្ងៃទី ៣០ ខែឧសភាថា ចាប់ពីមានភ្លៀងធ្លាក់ក្នុងអំឡុងខែមីនា មន្ត្រីការិយាល័យកសិកម្មស្រុកសៀមប៉ាង និងភ្នាក់ងារពេទ្យសត្វភូមិបានចុះផ្សព្វផ្សាយជាបន្តបន្ទាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះជំងឺសាទឹក និងបានប្រាប់ឱ្យពួកគាត់យកគោក្របីមកចាក់វ៉ាក់សាំងការពារឱ្យបានគ្រប់ៗគ្នា។ លោកបន្តថាគិតមកដល់ថ្ងៃទី ៣០ ខែឧសភា ភ្នាក់ងារពេទ្យសត្វភូមិបានចាក់វ៉ាក់សាំងការពារជំងឺសាទឹកលើគោក្របីពលរដ្ឋបានជាច្រើនក្បាល បន្ទាប់ពីមានករណីងាប់តិចតួច។
លោកប្រាប់ថា មានពលរដ្ឋមួយចំនួនបានស្នើសុំថ្នាំវ៉ាក់សាំងយកទៅចាក់ដោយខ្លួនឯង ខណៈពលរដ្ឋមួយចំនួនទៀតមិនទាន់បានយកគោក្របីមកចាក់ ដោយសារតែលែងឱ្យដើរស៊ីស្មៅហើយចាប់មិនទាន់បាន។ ក្រៅពីជំងឺសាទឹកមិនមានជំងឺប្រឈមអ្វីផ្សេងៗទៀតកើតឡើងទេ។
លោកថ្លែងថា៖ «ក្រៅពីជំងឺសាទឹកអត់មានជំងឺអីផ្សេងទៀត កើតឡើងគួរឱ្យបារម្ភទេ មានតែសាទឹក ហើមពោះហ្នឹងហើយ ដែលប្រឈមយើងជួយមិនទាន់ក្រៅពីនេះ ជំងឺផ្សេងទៀតដូចជាដុំពកស្បែកគោអីគឺស្ងាត់វិញអស់ហើយចំណែកអុតក្តាមអីមានមួយៗទេ»។
ដោយឡែក លោក លឹម សៀងហេង អភិបាលក្រុងបាវិតបានថ្លែងនៅថ្ងៃទី ៣០ ខែឧសភាថា បន្ទាប់ពីទទួលព័ត៌មានអំពីសត្វគោក្របីងាប់ ដោយសារជំងឺសាទឹកមួយចំនួន មន្ត្រីកសិកម្មក្រុងបានចុះទៅពិនិត្យ និងធ្វើការចាក់ថ្នាំបង្ការដល់ទីកន្លែង។ លោកបានឱ្យដឹងថា មានសត្វគោក្របីចំនួន ៣៨ ក្បាលបានកើតជំងឺសាទឹក ក្នុងនោះ ២៣ ក្បាលនៅក្នុងសង្កាត់បាវិត ងាប់អស់ ៧ ក្បាល រីឯ ១៥ ក្បាលទៀត កើតឡើងនៅសង្កាត់ប្រាសាទ ងាប់អស់ ៣ ក្បាល ។
លោកថ្លែងថា៖ «អាជ្ញាធរក្រុងបាវិតបន្តត្រៀមថ្នាំបង្ការសម្រាប់គោក្របីចំនួន ១ ៥០០ ក្បាលទៀត ហេតុនេះបើពលរដ្ឋមានគោក្របីនៅមិនទាន់បានចាក់ថ្នាំបង្ការអាចទាក់ទងទៅអាជ្ញាធរក្រុងបាវិត និងពេទ្យសត្វក្រុងបាវិតបាន»។
លោក ប៉ែន ចាន់ធី ប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀងថ្លែងនៅថ្ងៃទី ៣០ ខែឧសភាថា លោកបានចុះទៅមូលដ្ឋានភូមិកោះក្បានខាងជើង ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដើម្បីតាមដានស្ថានភាពសត្វឈឺជាក់ស្តែងដោយមានគោ-ក្របីចំនួន ១៦ ក្បាលកំពុងព្យាបាល។
ចំណែកចំនួនសត្វដែលបានចាក់វ៉ាក់សាំងមានច្រើន ប៉ុន្តែនៅមិនទាន់បានបូកសរុបទេ។ ការចុះទៅមូលដ្ឋាននោះមន្ត្រីជំនាញបានផ្តល់ថ្នាំវ៉ាក់សាំងការពារមួយចំនួនទៅដល់ភ្នាក់ងារសត្វភូមិចាក់បន្ត និងមានចែកជូនថ្នាំសម្លាប់មេរោគដល់ពលរដ្ឋយកទៅបាញ់សម្លាប់មេរោគតាមផ្ទះរៀងៗខ្លួនផងដែរ។
លោកថ្លែងថា៖ «យើងបានប្រជុំផ្សព្វផ្សាយ ហើយចែកថ្នាំសម្រាប់ឱ្យគាត់បាញ់តាមផ្ទះ យើងគ្រាន់តែបាញ់ជាគំរូ ១២ ផ្ទះអ៊ីចឹងទៅ ក្រៅពីហ្នឹងនៅសល់ប៉ុន្មានឱ្យគាត់យកទៅបាញ់ខ្លួនឯង ទៅ បាញ់តាមទ្រុងហ្នឹងណា អាហ្នឹងជាថ្នាំសម្លាប់មេរោគ មិនមែនថ្នាំព្យាបាលទេ។ ខ្ញុំបានជូនម្ជុលស៊ីរ៉ាំង ថ្នាំមួយចំនួនឱ្យពេទ្យសត្វភូមិដើរចាក់បន្តទៀត ដើម្បីជួយព្យាបាលសត្វរបស់ពលរដ្ឋ» ។
លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តសៀមរាបថ្លែងនៅថ្ងៃទី ៣០ ខែឧសភា ថា ស្ថានភាពសត្វឈឺជំងឺសាទឹកនៅខេត្តនេះមិនមានអ្វីគួរឱ្យកត់សម្គាល់ទេ ដោយសារកន្លងមកមានការចាក់វ៉ាក់សាំងការពារបានគ្រប់គ្រាន់ដោយប្រជាពលរដ្ឋចូលរួមសហការបានល្អ។ ចំណែកជំងឺផ្សេងៗទៀត ដូចជា ដុំពកស្បែកគោ និងជំងឺអុតក្តាមជាដើម កើតឡើងមួយៗនៅដោយកន្លែង ប៉ុន្តែពលរដ្ឋមានភាពឆ្លាតវៃ យល់ដឹងជាងមុនច្រើន ហើយថែមទាំងចេះចាក់ថ្នាំ និងធ្វើការព្យាបាលដោយខ្លួនឯងបានទៀតផង។ លោកបញ្ជាក់ថា បើមានការខ្វះខាតថ្នាំព្យាបាល ឬថ្នាំវ៉ាក់សាំង មន្ត្រីជំនាញកសិកម្មនឹងផ្តល់ជូនភ្លាម៕