ភ្នំពេញៈ ក្រសួងសុខាភិបាលបាននិងកំពុងគិតគូរទៅលើការត្រៀមបម្រុងលើការការពារជំងឺអុតស្វា ឬ Monkeypox ដែលជាយុទ្ធសាស្ត្រសំខាន់ដូចដែលក្រសួងបានត្រៀមបម្រុងប្រយុទ្ធនឹងជំងឺកូវីដ ១៩ ដែរ ហើយក្នុងនោះអ្វីដែលជាចំណុចសំខាន់គឺការចាក់វ៉ាក់សាំង។ នេះបើតាមអ្នកនាំពាក្យសុខាភិបាល។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល លើកឡើងកាលពីសប្តាហ៍មុនថា ទាក់ទងនឹងជំងឺអុតស្វា ឬ Monkeypox នេះ ក្រសួងតែងតែគិតគូរជានិច្ចពីចំណុចសំខាន់ៗក្នុងការបង្ការ និងទប់ស្កាត់ជំងឺនេះ ដែលវិធានការបង្ការទាំងនោះក៏មានការចាក់វ៉ាក់សាំងផងដែរ។
លោកស្រីថ្លែងថា៖ «ក្រសួងសុខាភិបាលកំពុងតែគិតគូរ ដែលជាចំណុចសំខាន់នោះ គឺការបង្ការត្រៀមបម្រុងដែលជាយុទ្ធសាស្ត្រសំខាន់ គឺការចាក់វ៉ាក់សាំង ដូចដែលក្រសួងបានត្រៀមបម្រុងប្រយុទ្ធជាមួយនឹងជំងឺកូវីដ ១៩ ដែរ។ កម្ពុជាបានលុបបំបាត់នូវជំងឺមួយចំនួន ដូចជាជំងឺកញ្ជ្រិល បានដោយសារតែវ៉ាក់សាំង»។
មន្ត្រីនាំពាក្យរូបនេះបន្តថាសម្រាប់ជំងឺអុតស្វានេះក៏មានវ៉ាក់សាំងដែរ ហើយវ៉ាក់សាំង ដែលសម្រាប់ប្រើប្រាស់នេះគឺជាវ៉ាក់សាំងដែលអង្គការសុខភាពពិភពលោកក៏មានការគិតគូរពិចារណាសម្រាប់ប្រើប្រាស់លើជំងឺអុតស្វាយផង និងជំងឺអុតស្វាផង។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា៖ «ដោយសារតែវ៉ាក់សាំងអុតស្វាយ គឺការពារបានទាំងជំងឺអុតស្វានេះដែរ ហើយភាគច្រើនបុគ្គលដែលមានអាយុពី ៥០ ឆ្នាំឡើង។ កាលពីនៅកុមារ ពួកគាត់ទទួលបានថ្នាំបង្ការជំងឺអុតស្វាយរួចហើយនោះ។ អ៊ីចឹង! សរីរាង្គរបស់ពួកគាត់មានការការពាររួចហើយ ពីព្រោះវ៉ាក់សាំងនេះចាក់ម្តង គឺការពារមួយជីវិត។ ដូចនេះ វាមិនងាយនឹងរងនូវភាពធ្ងន់ធ្ងរ ដោយសារជំងឺនេះទេ»។
លោកស្រីបានបន្ថែមថា៖ «ដូចនេះហើយ បានជាអង្គការសុខភាពពិភពលោកបានណែនាំថា ជំងឺនេះ វាមិនងាយតែឆ្លងរាលដាលខ្លាំងដូចនឹងជំងឺកូវីដ ១៩ ឡើយ គឺវាមានបែបបទរបស់វា។ បើបុគ្គលមានការយល់ដឹង ហើយអនុវត្តនូវវិធានការការពារនេះឱ្យបានត្រឹមត្រូវ អ៊ីចឹងការចម្លងនេះនឹងមិនទៅលឿនដែរ»។
ជាមួយគ្នានេះ លោក គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ៣០ ខែឧសភាថា ទាក់ទងនឹងវិធានការបង្ការជំងឺអុតស្វានេះ លោកបានធ្វើការអប់រំដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត ស្របគ្នាទៅនឹងការអប់រំជំងឺកូវីដ ១៩ ដែរ។ មន្ទីរសុខាភិបាលខេត្តព្រះវិហារ និងអាជ្ញាធរពាក់ព័ន្ធនៅតែបន្តធ្វើការអប់រំពីជំងឺកូវីដ ១៩ ដដែល បើទោះបីជាស្ថានភាពជំងឺនេះនៅប្រទេសកម្ពុជាមានភាពល្អប្រសើរច្រើនក៏ដោយ។
លោក គួង ឡូ បានបញ្ជាក់ថា៖ «យើងនៅតែបន្តអប់រំពីជំងឺកូវីដ ១៩ ហើយស្របនឹងគ្នានេះដែរ ក៏យើងបន្ថែមនូវការអប់រំទាក់ទងជាមួយនឹងជំងឺអុតស្វាផងដែរ ដោយក្នុងនោះយើងផ្តោតលើវិធីសាស្ត្រចំនួន ៣ គឺទី ១ ការបិទខិត្តប័ណ្ណនានាដែលនិយាយពីការការពារខ្លួន។ ទី ២ ការចាក់មេក្រូ និងវិធីទី ៣ គឺការចុះអប់រំផ្ទាល់តែម្តងតាមរយៈបុគ្គលិកសុខាភិបាល និងក្រុមទ្រទ្រង់សុខភាពភូមិ»។
ទាក់ទងនឹងវ៉ាក់សាំងសម្រាប់ជំងឺអុតស្វានេះ លោកប្រធានមន្ទីរសុខាភិបាលក៏បានលើកឡើងស្រដៀងនឹងលោកស្រី ឱ វណ្ណឌីន ផងដែរ ដែលថា មកដល់ពេលនេះ វ៉ាក់សាំងសម្រាប់ជំងឺនេះមិនទាន់មានទេ។ ប៉ុន្តែបើតាមការលើកឡើងរបស់មន្ត្រីជំនាញនៃអង្គការសុខភាពពិភពលោក គឺគេអាចប្រើប្រាស់វ៉ាក់សាំងអុតស្វាយ ឬ Smallpox សម្រាប់ការពារជំងឺអុតស្វា ឬ Monkeypox នេះបានដែរ។
លោក គួង ឡូ បានប្រាប់ថា៖ «សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំគិតថាទៅថ្ងៃក្រោយប្រហែលជាគេអាចប្រើប្រាស់វ៉ាក់សាំងអុតស្វាយសម្រាប់ជំងឺអុតស្វាដែរ។ សម្រាប់អ្នកដែលធ្លាប់កើតជំងឺអុតស្វាយហើយ ក៏អាចការពារបានច្រើនដែរពីជំងឺអុតស្វានេះ ទាំងអ្នកដែលបានចាក់វ៉ាក់សាំងអុតស្វាយ និងអ្នកដែលធ្លាប់កើតជំងឺអុតស្វាយ»។
ទោះបីជាវ៉ាក់សាំងអុតស្វាយអាចការពារពីជំងឺអុតស្វាក៏ដោយ ប៉ុន្តែលោក គួង ឡូ នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និងការពារឱ្យបានត្រឹមត្រូវ កុំមានការធ្វេសប្រហែស ស្របពេលដែលក្រសួងជំនាញក៏កំពុងតែបន្តធ្វើការតាមដានជំងឺនេះជាប់ជាប្រចាំផងដែរ។
ក្រសួងសុខាភិបាលធ្លាប់បានណែនាំដល់ប្រជាពលរដ្ឋរួចហើយពីការបង្ការជំងឺនេះ ដោយត្រូវអនុវត្តអនាម័យខ្លួនប្រាណ និងរស់នៅស្អាត។ ធ្វើអនាម័យដៃស្អាតជាមួយសាប៊ូ ឬជែល អាល់កុល និងអនុវត្តការការពារការចម្លងតាមផ្លូវដង្ហើម។ ចំណុចនេះ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ដោយមានជំនឿថា ការរស់នៅស្អាត ហូបស្អាត ធ្វើឱ្យប្រជាពលរដ្ឋកាត់បន្ថយច្រើនពីការឆ្លង ឬកើតមានជំងឺតម្កាត់ផ្សេងៗ។
អង្គការសុខភាពពិភពលោកកាលពីថ្ងៃទី ២៩ ខែឧសភា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ២៦ ខែឧសភា ករណីឆ្លងសរុបនៃជំងឺអុតស្វានេះ មានចំនួន ២៥៧ នាក់ហើយដែលបានបញ្ជាក់ពីមន្ទីរពិសោធន៍។ ករណីសង្ស័យមានប្រហែលជា ១២០ នាក់ ហើយដែលត្រូវបានរាយការណ៍ទៅអង្គការសុខភាពពិភពលោកពីបណ្តាប្រទេសចំនួន ២៣ ប៉ុន្តែករណីស្លាប់ មិនទាន់មានការរាយការណ៍នៅឡើយ៕
វីដេអូ៖