ព្រះសីហនុៈ ក្រុមការងារសិក្សាស្រាវជ្រាវ និងអភិរក្សធនធានជលផលនៃរដ្ឋបាលជលផល និងក្រុមការងារកម្មវិធីអភិរក្សធនធានតំបន់ឆ្នេរ និងសមុទ្ររបស់អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិប្រចាំកម្ពុជា (FFI- Cambodia Program) បានបង្ហាញក្ដីសង្ឃឹម និងមោទនភាព បន្ទាប់ពីបានរកឃើញទីតាំងសម្បុកពងកូនរបស់អណ្ដើកសមុទ្រដំបូងគេមួយនៅលើឆ្នេរខ្សាច់នៃដែនកោះមួយក្នុងខេត្តព្រះសីហនុ ។
យោងតាមរបាយការណ៍មួយរបស់នាយកដ្ឋានអភិរក្សធនធានជលផលដែលភ្នំពេញប៉ុស្តិ៍ ទទួលបាននៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២២ ទីតាំងថ្មីនៃសម្បុកពងកូនរបស់សត្វអណ្ដើកសមុទ្រនោះត្រូវបានរកឃើញកាលពីចុងខែមីនាឆ្នាំនេះ បន្ទាប់ពីបាត់ដានអស់ ១ ទសវត្សរ៍កន្លងមកនេះ។ នៅលើទីតាំងថ្មីនេះក្រុមអ្នកស្រាវជ្រាវនៃស្ថាប័នទាំង ២ បានរកឃើញពងរបស់ពួកវាចំនួន ៩៣ គ្រាប់ ក្នុងនោះញាស់បាន ៣៦ កូន ហើយបានវារចុះទៅក្នុងសមុទ្រដោយសុវត្ថិភាព។ «របកគំហើញថ្មីនេះបានបង្ហាញពីក្ដីសង្ឃឹមដ៏ធំមួយសម្រាប់ការងារអភិរក្សអណ្ដើកសមុទ្រនៅកម្ពុជា »។
បន្ថែមពីលើនេះ លោក អុក វិបុល ប្រធាននាយកដ្ឋានអភិរក្ស ធនធានជលផលនៃរដ្ឋបាលជលផលបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា អណ្ដើកសមុទ្រមានចំនួន ៥ ប្រភេទ រួមមាន Hawksbill, Green, Loggerhead, Leatherback និង Olive Ridley ហើយមាននៅសល់ចំនួនតិចតួចបំផុតនៅកម្ពុជា រីឯទីតាំងសម្បុកពងកូនរបស់វាមិនត្រូវបានរកឃើញទេចាប់តាំងពីឆ្នាំ ២០១២ មក ដោយសារនៅទីតាំងចាស់ដែលពួកវាធ្លាប់ធ្វើសម្បុកពងកូនពីមុន ត្រូវបានអភិវឌ្ឍជាតំបន់លម្ហែ កម្សាន្ត ឬក៏ត្រូវយាយីដោយក្រុមប្រជានេសាទសមុទ្រមួយចំនួន។
លោកបានបញ្ជាក់ថា៖ «ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ចំនួនសត្វអណ្ដើកសមុទ្រនៅកម្ពុជាមានការធ្លាក់ចុះស្ទើរតែផុតពូជទៅហើយ ដោយសារទីតាំងសម្បុកពងកូនរបស់វាកាលពីមុនមិនត្រូវបានរកឃើញមានវត្តមានឡើយ។ ការរកឃើញទីតាំងសម្បុកពងកូន ១ កន្លែងថ្មីនេះនឹងអាចឱ្យក្រុមការងារស្រាវជ្រាវយើងរកឃើញនូវទីតាំងថ្មីៗមួយចំនួនបន្ថែមទៀតរបស់ពួកវានាពេលអនាគត »។
បើតាមលោក វិបុល ចាប់តាំងពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០២២ នេះ អណ្ដើកសមុទ្រនៅកម្ពុជាត្រូវបានក្រុមអ្នកសិក្សាស្រាវជ្រាវនៃស្ថាប័នរដ្ឋបាលជលផល និង FFI-Cambodia Program រកឃើញ និងកត់ត្រាបាន ១៤០ ក្បាលក្នុងនោះប្រភេទ អណ្ដើក Green និង Hawksbill មានចំនួនច្រើនជាងគេ គឺ អណ្ដើក Hawksbill ចំនួន ៤៣ ក្បាល និង Green មានចំនួន ៩០ ក្បាល។ ពួកវាត្រូវបានដោះលែងចូលក្នុងសមុទ្រវិញដោយបានបំពាក់ស្លាកសញ្ញាសម្គាល់ចំនួន ៥៩ ក្បាលក្នុងនោះប្រភេទ Green បានបំពាក់បន្ទះឈីបសម្រាប់តាមដានសកម្មភាពចំនួន ៤៧ ក្បាល ខណៈប្រភេទ Hawksbill បំពាក់ស្លាកសម្គាល់បានចំនួន ១២ ក្បាល។
លោកបានបញ្ជាក់ថា៖ «អណ្តើកសមុទ្រ គឺជាប្រភេទធនធានជលផលដ៏មានសារៈសំខាន់បំផុត ហើយក៏ត្រូវបានចាត់ថ្នាក់ថា កំពុងរងគ្រោះថ្នាក់ក្នុងប្រទេសកម្ពុជាតាមរយៈអនុក្រឹត្យលេខ ១២៣ អនក្រ.បក ចុះថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០០៩។ បញ្ជីក្រហម អង្គការ IUCN ស្តីពីប្រភេទរងគ្រោះថ្នាក់ក៏បានចាត់ទុកអណ្ដើកសមុទ្រថាជាប្រភេទរងការគំរាមកំហែងដែលឈានទៅផុតពូជ ជាពិសេស អណ្ដើក Hawksbill ហើយប្រភេទសត្វអណ្ដើកសមុទ្រទាំងអស់នេះសុទ្ធតែត្រូវបានចុះក្នុងឧបសម្ព័ន្ធIនៃអនុសញ្ញាសាយតេស ដែលហាមឃាត់ការធ្វើពាណិជ្ជកម្មជាអន្តរជាតិ»។
លោកបានបន្តថា ដោយសារអណ្ដើកសមុទ្រកំពុងទទួលរងគ្រោះថ្នាក់យ៉ាងនេះ ទើបការគ្រប់គ្រង និងអភិរក្សត្រូវបានយកចិត្តទុកដាក់បំផុតទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ។ នៅកម្ពុជាប្រភេទអណ្តើកសមុទ្រត្រូវបានហាមការចាប់ ការលក់ ការទិញ ការដឹកជញ្ជូន ការប្រមូលផល ការកែច្នៃ និងការធ្វើសន្និធិនូវប្រភេទធនធានជលផល លើកលែងតែក្នុងគោលបំណងសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រដែលត្រូវមានការអនុញ្ញាតពីប្រធានរដ្ឋបាលជលផល។ ក្នុងករណីធ្វើនេសាទបានដោយចៃដន្យអ្នកនេសាទត្រូវមានកាតព្វកិច្ចដោះលែងជាបន្ទាន់ទៅក្នុងទឹកធម្មជាតិវិញ ដោយគ្មានលក្ខខណ្ឌ និងមិនត្រូវធ្វើឱ្យមានរបួសស្នាម ឬសម្លាប់ឡើយ ហើយត្រូវផ្ដល់ព័ត៌មានដល់សមត្ថកិច្ចជលផល ឬត្រូវអនុវត្តតាមការណែនាំរបស់មន្ត្រីរដ្ឋបាលជលផល។
បច្ចុប្បន្នប្រជាសហគមន៍នេសាទក្នុងខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាបានស្ម័គ្រចិត្តចូលរួមក្នុងការថែទាំឃ្លាំមើលសម្បុកពងកូននៃអណ្ដើកសមុទ្រទាំងនេះ ដើម្បីឱ្យសត្វអណ្ដើកសមុទ្រដ៏កម្រ និងជិតផុតពូជទាំងនេះសម្បូរឡើងវិញ។
លោក ផែល រ៉ា អនុប្រធានទី ១ នៃសហគមន៍នេសាទភូមិដើមថ្កូវ សង្កាត់- ក្រុងកោះរ៉ុង ខេត្តព្រះសីហនុបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ដោយមានកិច្ចគាំទ្រពីរដ្ឋបាលជលផល និង FFI-Cambodia Program សហគមន៍របស់លោកបានក្លាយជាសហគមន៍គំរូក្នុងកិច្ចការពារធនធានសមុទ្រ និងថែទាំទីតាំងសម្បុកពងកូនរបស់សត្វអណ្ដើកសមុទ្រផងដែរ។
លោកថ្លែងថា៖ «ប្រជាសហគមន៍យើងមានការយល់ដឹងគ្រប់គ្នាអំពីកិច្ចការពារប្រភេទសត្វដែលជិតផុតពូជដូចជាអណ្ដើកសមុទ្រដោយបានឃ្លាំមើលថែទាំសម្បុកពងកូនរបស់វារហូតដល់វាញាស់ហើយកឹបស្លាកសម្គាល់មុនពេលលែងវាចូលទៅក្នុងតំបន់អភិរក្សស្មៅសមុទ្រនៃសហគមន៍របស់យើង»។
បើតាមលោក ផែល រ៉ា រដូវពងកូនរបស់អណ្ដើកសមុទ្រគឺចាប់ផ្ដើមនៅចន្លោះខែវិច្ឆិកាដល់ខែមេសា។ កាលពីឆ្នាំ ២០២១ សហគមន៍របស់លោកបានប្រទះឃើញហើយកត់ត្រាបានចំនួន ១០ ក្បាល ដោយចាប់វាបំពាក់ស្លាកសម្គាល់នៅមុនពេលដោះលែងឱ្យវាចូលទៅក្នុងសមុទ្រវិញ៕