
កំណាត់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ។ វ៉ន ដារ៉ា
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមសហការបញ្ឈប់ចូលទៅបើកបរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មុនពេលប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ ពីព្រោះការរដ្ឋានស្ថាបនាផ្លូវនេះ កំពុងធ្វើនៅឡើយដែលអាចមានលទ្ធភាពមានគ្រោះថ្នាក់ខ្ពស់។
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីថ្ងៃទី ៣១ ខែឧសភានេះថា បច្ចុប្បន្នការស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រេចបាន ៩២ ភាគរយហើយ។ ក្រុមការងារស្ថាបនា កំពុងខិតខំដើម្បីធ្វើយ៉ាងម៉េចឱ្យការស្ថាបនាផ្លូវនេះបានរួចរាល់មុនពេលវេលាកំណត់ ដើម្បីផ្ដល់លទ្ធភាពដល់ប្រជាពលរដ្ឋអាចប្រើប្រាស់សាកល្បងបានក្នុងឆ្នាំនេះ។
លោកថ្លែងថា៖ «ខ្ញុំសូមអំពាវនាវដែរ ដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមសហការទាំងអស់គ្នា ផ្លូវនេះគង់តែបានប្រើទេ។ ហើយយើងក៏គ្រោងស្នើសុំគោលការណ៍ដើម្បីធ្វើយ៉ាងម៉េចឱ្យប្រជាពលរដ្ឋយើងអាចប្រើប្រាស់ផ្លូវនេះ សាកល្បងដោយឥតគិតថ្លៃដើម្បីឱ្យពលរដ្ឋយើងបានយល់ពីផ្លូវល្បឿនលឿនមុនពេលឈានទៅដាក់ឱ្យប្រើប្រាស់ជាផ្លូវការណ៍។ គម្រោងឱ្យប្រើប្រាស់ផ្លូវនេះសាកល្បង គឺក្រោយពេលបញ្ចប់ការដ្ឋានសាងសង់ទាំងស្រុងឆ្នាំនេះ អាចនៅត្រីមាសទី៣ ឆ្នាំនេះ»។
លោកបានឱ្យដឹងថា បច្ចុប្បន្នក្រុមការងារស្ថាបនាផ្លូវកំពុងបន្តបំពាក់សម្ភារ បរិក្ខាផ្សេងៗ ពិសេសត្រួតពិនិត្យមើលត្រង់ចំណុចស្ពាន និងចំណុចផ្លូវប្រសព្វ ផ្លូវបំបែកជាដើម ដែលជាចំណុចលំបាកជាងគេចំពោះការធ្វើការដ្ឋានផ្លូវថ្នល់។
លោកបញ្ជាក់ថា៖ «ជារួមឥឡូវនេះយើងមិនទាន់អនុញ្ញាតឱ្យមានការធ្វើចរាចរណ៍ជាសាធារណៈនៅលើផ្លូវនេះនៅឡើយទេ ទាល់តែមានការអនុញ្ញាតពិសេស ឬមានករណីពិសេសចាំបាច់ណាមួយទើបយើងអនុញ្ញាតឱ្យប្រើប្រាស់បាន។ ពីព្រោះកាលណាផ្លូវនៅកំពុងធ្វើការដ្ឋាននៅឡើយបែបនេះ វាអាចមានលទ្ធភាពគ្រោះថ្នាក់ខ្ពស់។ កន្លែងខ្លះវាអត់ទាន់មានរបាំង កន្លែងខ្លះនៅមានការរដ្ឋានត្រូវឆ្លងកាត់ឆ្វេង-ស្ដាំ អ៊ីចឹងឥឡូវមិនទាន់អនុញ្ញាតឱ្យប្រើប្រាស់ជាសាធារណៈទេ»។
លោក សុទ្ធាយុត្តិ បានឱ្យដឹងថាកន្លងមកមានករណីប្រើប្រាស់ផ្លូវនេះខ្លះៗ គឺជាករណីចាំបាច់ឬគោលការពិសេស ដូចជាករណីខ្លះមានគណៈប្រតិភូ ជិះឆ្លងកាត់ទៅមកជាដើម។
លោកថ្លែងថា៖ «យើងមិនអនុញ្ញាតឱ្យប្រើប្រាស់ផ្លូវនេះទេ បើមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង អ្នកបើកបរជាអ្នកទទួលខុសត្រូវលើការគ្រោះថ្នាក់»។
លោកបញ្ជាក់ថា បច្ចុប្បន្នក្រសួងមិនទាន់អនុញ្ញាតឱ្យប្រើប្រាស់ផ្លូវនេះ ដូច្នេះនៅតាមផ្លូវគឺមានរបាំង ឬប៉ារ៉ាស់បិទផ្លូវ។ ប៉ុន្ដែមានករណីខ្លះដោយសារផ្លូវមិនទាន់ធ្វើរបងបិទនៅតាមសងខាងផ្លូវចប់សព្វគ្រប់ទើបពលរដ្ឋខ្លះចេះតែបំពានឡើងមកបើកបរលើផ្លូវនេះ គឺអាចមានករណីបែបនេះកើតឡើង។ ប៉ុន្តែករណីពលរដ្ឋនៅតែទទូចចូលទៅបើបបរលើផ្លូវនេះ បើមានគ្រោះថ្នាក់ចរាចរណ៍ ពលរដ្ឋជាអ្នកទទួលខុសត្រូវខ្លួនឯងទាំងបញ្ហាបុគ្គល បញ្ហាទ្រព្យសម្បត្ដិសាធារណៈ។
បុរសជាមន្ដ្រីយាមប៉ារ៉ាស់បិទផ្លូវ នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុមួយនាក់ បានថ្លែងសុំមិនបញ្ចេញឈ្មោះថា ទោះផ្លូវនេះមានបារ៉ាស់បិទផ្លូវជាច្រើនកន្លែង (៧-៨) កន្លែង ក៏នៅតែមានពលរដ្ឋមួយចំនួនមកស្នើសុំប្រើប្រាស់ផ្លូវបានជាបន្តបន្ទាប់។ លោកថា៖ «មកពីចេះតែមានអ្នកមកសុំបើកបរលើផ្លូវនេះ ទើបបង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សរាល់ថ្ងៃលើផ្លូវនេះ»។
ពលរដ្ឋម្នាក់ឈ្មោះលោក រ៉េន រុណ បានឱ្យដឹងថា ពេលថ្មីៗនេះក្រោយឮព័ត៌មានថា ផ្លូវល្បឿនលឿនមានការអនុញ្ញាតឱ្យប្រើប្រាស់ និងឃើញពលរដ្ឋមួយចំនួនបង្ហោះរូបថតនៅលើបណ្ដាញសង្គម ក្រោយពេលចូលទៅប្រើប្រាស់ផ្លូវល្បឿនលឿនដំបូងនៅកម្ពុជានេះ ពេលត្រឡប់មកពីខេត្ដព្រះសីហនុ លោកក៏សាកល្បងចូលទៅស្នើសុំមន្ដ្រីយាមប៉ារ៉ាស់ចូលទៅបើកបរលើផ្លូវនេះដោយឆ្លងកាត់ប៉ារ៉ាស់ជាច្រើនកន្លែង។
លោកប្រាប់ថា៖ «ពេលចូលទៅបើកបរលើផ្លូវនេះដំបូងអ្នកយាមប៉ារ៉ាស់ហាមឃាត់មិនឱ្យចូលទៅទេ ប៉ុន្ដែពួខ្ញុំបន្តសុំ និងបង់ប្រាក់ខ្លះទើបបានចូលទៅបើកបរលើផ្លូវនេះ។ អ្នកយាមប៉ារ៉ាស់ក៏ប្រាប់ដែរថា ពេលក្រោយកុំឱ្យមកតាមផ្លូវនេះទៀតបើគ្មានការអនុញ្ញាតពីថ្នាក់លើ»។
លោក រុណ បានឱ្យដឹងថា ពេលកុំពុងបើកបរលើផ្លូវល្បឿនលឿននេះ លោកក៏ឃើញមានយានយន្តទំនើបៗមួយចំនួនបើកបរលើផ្លូវនេះដែរ។ ប៉ុន្ដែការបើកបរលើផ្លូវនេះប្រឈមគ្រោះថ្នាក់ខ្លាំងដោយសារផ្លូវថ្មី និងមានការដ្ឋានស្ថាបនាផ្លូវកំពុងធ្វើការងារនៅលើផ្លូវនេះជាហូរហែ។
បើតាមក្រសួងសាធារណការ «ការសាងសង់បណ្តាញផ្លូវល្បឿនលឿន ជាកត្តាដ៏ធំជាងគេសម្រាប់ពង្រឹងសមត្ថភាពបណ្តាញផ្លូវនៅកម្ពុជាព្រោះ ផ្លូវល្បឿនលឿន អាចបម្រើសេវាកម្មដឹកជញ្ជូនល្អជាងផ្លូវធម្មតា និងត្រូវបានគេចាត់ទុកជាមូលដ្ឋានសម្រាប់វិស័យឧស្សាហកម្មទំនើបៗ និងសកម្មភាពដឹកជញ្ជូនធន់ធ្ងន់ផងដែរ។
ក្រសួងឱ្យដឹងថា ផ្លូវល្បឿនលឿន គឺជាផ្លូវសម្រាប់យានយន្តធ្វើចរាចរណ៍ មានបរិក្ខារបែងចែកទ្រូងផ្លូវជាពីរចំណែកខុសទិសគ្នាឬចែកជាគន្លងផ្លូវ គ្មានកន្លែងផ្លូវប្រសព្វលើផ្ទៃរាបមួយ ឬត្រូវមានផ្លូវប្រសព្វតិចបំផុតក្នុងករណីចាំបាច់ និងបំពាក់គ្រប់គ្រាន់នូវបរិក្ខារផ្លូវថ្នល់ ដើម្បីធានាលំហូរចរាចរណ៍ សុវត្ថិភាព និងដើម្បីបន្ថយពេលវេលាធ្វើដំណើរ និងមានកន្លែងកំណត់សម្រាប់ឱ្យយានយន្តចេញនិងចូលផ្លូវល្បឿនលឿន។
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាខ្សែផ្លូវថ្មីទាំងស្រុង ដែលមានប្រវែងសរុបប្រហែល ១៩០,៦៣៣ គីឡូម៉ែត្រ។ ផ្លូវនេះត្រូវសាងសង់ជា ៤ គន្លង តួផ្លូវមានទទឹង ២៤ ម៉ែត្រ ក្រាល AC មានសួនច្បារខណ្ឌកណ្តាល ចេញពីភ្នំពេញនៅចំណុចផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ មានផ្លូវបំបែកប្តូរទិស (Inter-Change) ភ្ជាប់មកផ្លូវជាតិលេខ ៤ ចំនួន ៧ កន្លែង មានស្ពានវែង-មធ្យម ៥៦ កន្លែង ប្រវែង ៤.៤១៧ ម៉ែត្រ ស្ពានខ្លី ៣៣ កន្លែង ប្រវែង ៧៥០ ម៉ែត្រ ស្ពានរំលង ៣២១ កន្លែង កន្លែងឈប់សម្រាក ៣ កន្លែង និងហេដ្ឋារចនាសម្ព័ន្ធសំណង់សេវាគាំទ្រជាច្រើនទៀត។ ការវិនិយោគលើ គម្រោងផ្លូវល្បឿនលឿននេះត្រូវអនុវត្តតាមទម្រង់សាងសង់-ប្រតិបត្តិ-ផ្ទេរ (BOT) ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៨ ខែ។
គម្រោងសាងសង់ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តព្រះសីហនុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សម្បទានកាលពីថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៨ ក្រោមអធិបតីភាព លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ ប្រជាមានិតចិន។ បច្ចុប្បន្នគម្រោងនេះ ឈានដល់ដំណាក់កាលបង្កើត គណៈកម្មការសម្រាប់ការដោះស្រាយផលប៉ះពាល់ ដែលមានសមាសភាពចូលរួមពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន៕