កំពង់ធំៈ រដ្ឋបាលខេត្តកំពង់ធំ គ្រោងចុះអនុវត្តវិធានការរដ្ឋបាលតាមសហគមន៍នេសាទនៅទូទាំងខេត្ត ក្រោយថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ខាងមុខនេះ ដើម្បីប្រមូលទិន្នន័យឧបករណ៍នេសាទ ដែលកំពុងត្រូវបានប្រើប្រាស់និងរក្សាទុកនៅតាមគ្រួសារនីមួយៗឱ្យបានច្បាស់លាស់ ដើម្បីកំណត់ឱ្យបាននូវសហគមន៍នេសាទមួយគ្មានការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់។ នេះបើតាមមន្ត្រីខណ្ឌរដ្ឋបាលជលផល។
លោក ជិន ស៊ីថា ប្រធានខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា យោងតាមសេចក្ដីជូនដំណឹងស្ដីពី «ការដកហូតឧបករណ៍នេសាទល្មើសច្បាប់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ» ចុះថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២២ រដ្ឋបាលខេត្តបានតម្រូវឱ្យប្រជានេសាទទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន នាំយកឧបរណ៍ខុសច្បាប់ទាំងអស់ ដែលពួកគេកំពុងប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើសនេសាទ និងកំពុងរក្សាទុកដោយខុសច្បាប់ មកប្រគល់ឱ្យសមត្ថកិច្ច។
លោកបញ្ជាក់តាមសេចក្តីជូនដំណឹងថា ឧបករណ៍ខុសច្បាប់ទាំងនោះ រួមមានអួនអូសទឹកសាប ឧបករណ៍ឆក់ត្រី ម៉ាញ់ ឈិបយន្ត កន្ត្រកអូសលៀសដោយម៉ាស៊ីន និងឧបករណ៍នេសាទដែលបង្កើតថ្មី ឬឧបករណ៍នេសាទ ដែលគ្មានកំណត់ក្នុងប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងឧបករណ៍ល្មើសច្បាប់ដទៃទៀត។ ឧបករណ៍ទាំងនេះ ត្រូវយកមកប្រគល់ជូនសមត្ថកិច្ចឱ្យបានមុនថ្ងៃផុតកំណត់នៃឱសាទវាទ ជាកំហិត (៣១-០៥-២០២២)។
លោកថ្លែងថា៖ «ក្នុងសេចក្ដីជូនដំណឹងនោះរដ្ឋបាលខេត្តបានគូសបញ្ជាក់យ៉ាងច្បាស់ថា ក្នុងករណីមិនអនុវត្តតាម អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់នឹងចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន។ ឥឡូវនេះថ្ងៃផុតកំណត់ឱសានវាទបានចូលមកដល់ហើយ ប៉ុន្តែយើងពុំឃើញមានប្រជានេសាទណាម្នាក់នាំយកនូវប្រភេទឧបករណ៍ល្មើសច្បាប់ណាមួយមកប្រគល់ជូនសមត្ថកិច្ចយើងនោះទេ»។
លោក ស៊ីថា បន្តអំពាវនាវដល់ប្រជានេសាទក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ត្រូវពិនិត្យមើលជាថ្មី ចំពោះឧបករណ៍នេសាទរបស់ខ្លួនថា តើក្នុងចំណោមឧបករណ៍នេសាទទាំងនោះ មានឧបករណ៍ណាមួយ ដែលត្រូវបានចាត់ទុកជាឧបករណ៍នេសាទល្មើសច្បាប់ដែរឬទេ។ ក្នុងករណីពិនិត្យឃើញមានឧបករណ៍នេសាទល្មើសច្បាប់ប្រភេទណាមួយនោះ ត្រូវប្រញាប់នាំយកមកប្រគល់ឱ្យសមត្ថកិច្ចជំនាញ ដើម្បីរួចផុតពីការផាកពិន័យផ្សេងៗ ព្រោះបន្ទាប់ពីថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ខាងមុខនេះរួច កម្លាំងសមត្ថកិច្ចចម្រុះនៃរដ្ឋបាលខេត្តកំពងធំ នឹងចុះធ្វើរដ្ឋបាលនៅតាមសហគមន៍មូលដ្ឋាននីមួយៗ ដើម្បីប្រមូលទិន្នន័យអំពីឧបករណ៍នេសាទ។
លោកបញ្ជាក់ថា៖ «ក្នុងករណីរកឃើញគ្រួសារណាមួយ បន្តរក្សាទុក ឬប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់ប្រភេទណាមួយនោះ កម្លាំងសមត្ថកិច្ចយើងនឹងចាប់រឹបអូស ហើយផាកពិន័យទៅតាមនីតិវិធីនៃច្បាប់ស្ដីពីជលផល ឬត្រូវបង្កសំណុំរឿងបញ្ជូនទៅតុលាការ ដោយគ្មានការលើកលែងនោះឡើយ»។
លោកបន្ថែមថា៖ «សមត្ថកិច្ចយើងមិនចង់បង្កការលំបាកដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រកបមុខរបរនេសាទនោះទេ ប៉ុន្តែយើងគ្មានជម្រើស ក្រៅពីការអនុវត្តនីតិវិធីទៅតាមផ្លូវច្បាប់នោះឡើយ»។
បើតាមលោក ជិន ស៊ីថា ឃុំផាត់សណ្ដាយ នៃស្រុកកំពង់ស្វាយ និងឃុំពាមបាង នៃស្រុកស្ទោង គឺជាគោលដៅដំបូង ដែលក្រុមអនុគណៈកម្មការស្រាវជ្រាវ បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលខេត្តកំពង់ធំ គ្រោងចុះធ្វើរដ្ឋបាលប្រមូលទិន្នន័យឧបករណ៍នេសាទ។ ប្រជាពលរដ្ឋនៅភូមិសាស្ត្រនៃឃុំទាំង ២ នេះ ភាគច្រើនរស់នៅលើផ្ទះបណ្ដែតទឹក និងប្រកបមុខរបរនេសាទដើម្បីចិញ្ចឹមជីវិត។ ជាញឹកញាប់បទល្មើសនេសាទ ក៏ត្រូវបានគេរកឃើញមានក្នុងភូមិសាស្ត្រនៃឃុំទាំង២នេះផងដែរ។ ប៉ុន្តែអាជ្ញាធរមូលដ្ឋានបានអះអាងថា អ្នកប្រព្រឹត្តបទល្មើសភាគច្រើន គឺជាអ្នកនេសាទចល័តដែលមកពីបណ្ដាខេត្តផ្សេងៗ។
លោក ហេង មនោ មេឃុំផាត់សណ្ដាយប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ប្រជាពលរដ្ឋនៅទូទាំងឃុំផាត់សណ្ដាយ មានចំនួន ១ ២៥៨ គ្រួសារ ហើយស្ទើរតែទាំងអស់សុទ្ធតែជាអ្នករស់នៅលើផ្ទះបណ្ដែតទឹកក្នុងរដូវវស្សា និងជាអ្នកប្រកបមុខរបរនេសាទ ដើម្បីជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ដោយសារពួកគាត់ភាគច្រើនគ្មានដីស្រែធ្វើកសិកម្មដាំដុះក្នុងរដូវប្រាំង និងគ្មានមុខរបរអ្វីផ្សេងក្រៅពីមុខរបរនេសាទ ប្រជាពលរដ្ឋទាំងនោះភាគច្រើនពុំមានជីវភាពធូរធារនោះទេ ប៉ុន្តែពួកគាត់ក៏មិនប្រព្រឹត្តបទល្មើសនេសាទនោះដែរ។
លោកថ្លែងថា៖ «ពិតណាស់ កន្លងមកបទល្មើសនេសាទ បានកើតឡើងនៅក្នុងភូមិសាស្ត្រឃុំផាត់សណ្ដាយរបស់យើងខ្ញុំ។ ប៉ុន្តែជនប្រព្រឹត្តបទល្មើសដែលសមត្ថកិច្ចជំនាញចាប់បាន គឺជាអ្នកនេសាទចល័ត ដែលមកពីខេត្តពោធិ៍សាត់ កណ្ដាល ព្រៃវែង និងខេត្តកំពង់ឆ្នាំ»។
លោកមេឃុំបន្តថា៖ «រីឯឧបករណ៍នេសាទល្មើសច្បាប់ ដូចជា អួនអូសទឹកសាប ម៉ាញ់ ឈិបយន្ត កន្ត្រកអូសលៀសដោយម៉ាស៊ីន យ៉ាំងកាវនោះ គឺប្រជាពលរដ្ឋក្នុងឃុំយើងខ្ញុំគ្មាននោះទេ ប៉ុន្តែមានឧបករណ៍ឆក់ត្រី។ ព្រោះកន្លងមកសមត្ថកិច្ចយើងធ្លាប់ចាប់រឹបអូសបាន ២-៣ គ្រឿងដែរ ប៉ុន្តែបច្ចុប្បន្ន ខ្ញុំជឿជាក់ថា គ្មាននោះទេ»។
ទន្ទឹមនឹងនេះលោកនិយាយថា អាជ្ញាធរខេត្តកំពុងសហការជាមួយក្រសួងនិងស្ថាប័នពាក់ព័ន្ធ រួមនឹងវិស័យឯកជននិងអង្គការជាដៃគូមួយចំនួន ដើម្បីរកមធ្យោបាយអភិវឌ្ឍតំបន់ផាត់សណ្ដាយ ទៅជាតំបន់អេកូទេសចរណ៍ ដើម្បីបង្កើតការងារនិងបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍នេសាទនៅតំបន់នេះ តាមរយៈការផ្ដល់សេវាទូកទេសចរណ៍ដឹកអ្នកទេសចរទស្សនាកម្សាន្ត និងស្វែងយល់ពីប្រពៃណី ទំនៀមទម្លាប់ របស់ប្រជាជន នៃទីប្រជុំជនភូមិផ្ទះបណ្ដែតទឹក៕
វីដេអូ៖