ភ្នំពេញៈ ស្ថានទូតអូស្ត្រាលី សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន បើកសម្ពោធ «កម្មវិធីភាពជាដៃគូ ដើម្បីហេដ្ឋារចនាសម្ព័ន្ធ (P4I)» ដែលនឹងពន្លឿនការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាព ដើម្បីជំរុញការអភិវឌ្ឍឱ្យមានបរិយាបន្ន និងភាពធន់នៅកម្ពុជា។
P4I របស់រដ្ឋាភិបាលអូស្ត្រាលី គឺជាផ្នែកមួយនៃកញ្ចប់ជំនួយរួមលើការជំរុញឱ្យមានការស្តារឡើងវិញ នៅក្នុងតំបន់ពីជំងឺកូវីដ ១៩ តាមរយៈការអភិឌ្ឍប្រកបដោយបរិយាបន្ន និងនិរន្តរភាព
P4I ផ្តល់ជំនួយជាង ១២០ លានដុល្លារអូស្ត្រាលី (ជាង ៨៦ លានដុល្លារអាមេរិក) ដើម្បីសហការជាមួយប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ថៃ ទីម័រខាងកើត និងវៀតណាម ព្រមទាំងអាស៊ាន នៅក្នុងវិស័យដឹកជញ្ជូន ថាមពល ភស្តុភាកម្ម និងទូរគមនាគមន៍។
លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជាថ្លែងក្នុងពិធីសម្ពោធនេះនាថ្ងៃទី ៣១ ខែឧសភាថា គំនិតផ្តួច P4I នេះ នឹងពង្រឹងបន្ថែម លើទំនាក់ទំនងរយៈពេល៧០ឆ្នាំកម្ពុជា-អូស្ត្រាលី និងពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាព ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងភាពធន់នៅកម្ពុជា។
លោកថ្លែងថា៖ «អូស្ត្រាលីមានកេរ្តិ៍ឈ្មោះដ៏យូរអង្វែង និងគួរឱ្យជឿជាក់ ក្នុងការផ្តល់ជំនួយ ទៅដល់ការអភិវឌ្ឍន៍ហេដ្ឋារច្ចនាសម្ព័ន្ធ ដែលមានគុណភាព នៅក្នុងតំបន់ និងក្នុងប្រទេសកម្ពុជា»។
លោក Kang ថ្លែងថា កម្ពុជាក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការទាញយកជំនាញ និងបទពិសោធផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់អូស្ត្រាលី ដើម្បីឆ្លើយតប ទៅនឹងតម្រូវការជាច្រើនបែប ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដើម្បីជំរុញឱ្យមានការស្តារសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់ពីវិបត្តិជំងឺកូវីដ ១៩។
លោកបញ្ជាក់ថា៖ «យើងនឹងរង់ចាំមើលនូវផលប្រយោជន៍របស់ភាពជាដៃគូ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធថ្មីមួយនេះ នៅក្នុងប្រទេសកម្ពុជា»។
លោក Kang សរសេរនៅលើ Twitter បន្ទាប់ពីពិធីនេះថា៖«កម្មវិធី P4I ប្រចាំតំបន់ក្រោមជំនួយជាង ១២០ លានដុល្លារអូស្ត្រាលីនេះ កំពុងតែដំណើរការលើការស្ដារវិស័យសំណល់រាវ ការធ្វើនិយ័តកម្មទូរគមនាគមន៍ ការអនុវត្តច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន និងការធ្វើឱ្យប្រសើរឡើង នូវស្តង់ដារផ្លូវនៅកម្ពុជា»។
ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី ៣១ ខែឧសភាថា នៅកម្ពុជា P4I កំពុងធ្វើការ «យ៉ាងសកម្ម» ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីធ្វើឱ្យប្រសើរឡើង នូវការផ្តល់ថវិកា និងការស្តារថ្លៃចំណាយនៅក្នុងវិស័យសំណល់រាវ ការពង្រឹង ការគ្រប់គ្រងការវិនិយោគសាធារណៈ និងការបង្កើននូវសមត្ថភាព របស់ក្រសួងសេដ្ឋកិច្ច ដើម្បីទាក់ទាញការវិនិយោគ ពីវិស័យឯកជនដែលមានគុណភាព ក្នុងវិស័យហេដ្ឋារចនា សម្ព័ន្ធតាមរយៈភាពជាដៃគូរវាងរដ្ឋាភិបាលនិងឯកជន។
P4I ក៏កំពុងធ្វើកិច្ចពិភាក្សាជាមួយក្រសួងសាធារណការ ក្នុងការធ្វើបច្ចុប្បន្នភាពស្តង់ដារផ្លូវ និងរៀបចំយុទ្ធសាស្ត្រថ្នាក់ជាតិគ្រប់គ្រងសំណល់រាវ ហើយក៏កំពុងតែធ្វើការជាមួយនឹង និយតករទូរគមនាគមន៍កម្ពុជា ក្រសួងរ៉ែនិងថាមពល និងក្រសួងស្ថាប័នផ្សេងៗទៀត ដើម្បីពង្រីក កិច្ចសហការរបស់ប្រទេសអូស្ត្រាលី ជាមួយប្រទេសកម្ពុជា នៅក្នុងវិស័យ ទូរគមនាគមន៍ និងវិស័យថាមពល។
សេចក្តីប្រកាសព័ត៌មានដដែលបានដកស្រង់សំដី លោក ផែង សុវិជ្ជានោ រដ្ឋលេខាធិការ ក្រសួងសាធារណការ ដែលថ្លែងក្នុងពិធីនេះថា ប្រទេសមួយៗ តែងជួបប្រទះនូវបញ្ហា នៃកំណើនចំនួនប្រជាជន ការកើនឡើងនៃនគគររូបនីយកម្ម និងហានិភ័យនៃបម្រែបម្រួល អាកាសធាតុមួយចំនួន ដែលទាមទារឱ្យមានដំណោះស្រាយ។
នៅក្នុងឆ្នាំដែលប្រទេសកម្ពុជា ធ្វើជាប្រធានអាស៊ាន កម្ពុជាកំពុងតែផ្តោតសំខាន់ទៅលើការពង្រឹងនូវតំណភ្ជាប់តាមព្រំដែន ដើម្បីពង្រីកទីផ្សារ និងពង្រឹងវិស័យពាណិជ្ជកម្ម។
លោកថ្លែងថា៖«ដើម្បីអនុវត្តសកម្មភាពនេះ យើងត្រូវការការវិនិយោគ និងការអភិវឌ្ឍជាច្រើន នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។ យើងស្វាគមន៍ជំនួយរបស់ប្រទេសអូស្ត្រាលី ដើម្បីកសាង សមត្ថភាពរបស់ប្រទេសកម្ពុជាដើម្បីរៀបចំ និងអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលមានបរិយាបន្ន និងភាពធន់សម្រាប់ផលប្រយោជន៍របស់ប្រជាជនកម្ពុជា»។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា P4I ផ្តល់នូវលទ្ធភាពបានរហ័សក្នុងការទទួលបាននូវអ្នកបច្ចេកទេសដែលមានសមត្ថភាពខ្ពស់មកពីប្រទេសអូស្ត្រាលី ក្នុងតំបន់ និងជុំវិញ ពិភពលោក ដើម្បីធ្វើឱ្យប្រសើរនូវការ រៀបចំការផ្តល់ថវិកា និងការធ្វើអភិបាលកិច្ច ទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
កម្មវិធីនេះ ក៏ផ្តល់ជំនួយទៅដល់ការបង្កើតភាពជាដៃគូថ្មីៗ រវាងស្ថាប័នរដ្ឋ ដែលពាក់ព័ន្ធនឹងកិច្ចការហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា និងអូស្ត្រាលី ដើម្បីចែករំលែក ចំណេះដឹង និងពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងប្រជាជននៃប្រទេសទាំង ២៕