ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិកុមារ ដោយលោកបានអំពាវនាវទៅដល់គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបង្កើនសិទ្ធិអំណាចដល់កុមារ ជាពិសេសកុមារី និងសហគមន៍ ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរសំខាន់ៗដែលអាចដោះស្រាយឫសគល់នៃការរើសអើង ការផាត់ចេញពីសង្គម និងភាពរងគ្រោះ និងងាយរងគ្រោះរបស់កុមារ។
លោក ហ៊ុន សែន ដែលជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានលើកឡើងដូចនេះតាមរយៈសារលិខិតអបអរសាទរខួបលើកទី ៧៣ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី ២១ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ ២០២២។
រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ មានឆន្ទៈមោះមុត និងប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិកុមារ និងសូមលើកទឹកចិត្តដល់ជនរួមជាតិ ជាពិសេសកុមារខ្លួនឯងផ្ទាល់ត្រូវទទួលស្គាល់ថា កុមារគឺជាអ្នកដែលត្រូវបន្តវេនក្នុងការជួយស្តារ កសាង និងអភិវឌ្ឍសង្គមកម្ពុជា។ លោកនាយករដ្ឋមន្ត្រីលើកឡើងថា៖ «សូមកុំអស់សង្ឃឹម ប្រទេសកម្ពុជាយើងកំពុងតែត្រូវការមនុស្សដែលមានធនធាន រួមគ្នាបន្តវិនិយោគកុមារនៅថ្ងៃនេះនឹងបង្កើតបានធនធានមនុស្ស ដែលមានជំនាញប្រកបដោយសក្តានុពលនាពេលអនាគត សំដៅធ្វើឱ្យសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា»។
កម្ពុជាមិនបានរៀបចំប្រារព្ធមិទ្ទិញអបអរសាទរទិវាកុមាររយៈពេល ៣ ឆ្នាំជាប់គ្នា គឺឆ្នាំ ២០២០- ២០២១ និងឆ្នាំ ២០២២ តែទោះជាយ៉ាងណាក៏ដោយ ក្នុងនាមប្រមុខរាជរដ្ឋាភិបាលក៏មិនដែលបំភ្លេចថ្ងៃជាប្រវត្តិសាស្ត្ររបស់ពួកគាត់ដែរ។ លោក ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការ និងត្រូវបានពង្រឹងកាន់តែរឹងមាំថែមទៀត ដោយឈរលើជំហរសន្តិភាព គណនេយ្យភាព និងការទទួលខុសត្រូវ។ ក្នុងនាមជាសមាជិកភាពជាដៃគូសកល ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ កម្ពុជាបានបោះជំហានទៅមុខក្នុងឆន្ទៈបង្ហាញការប្តេជ្ញាចិត្តរួមគ្នា លុបបំបាត់អំពើហិង្សាលើកុមារ និងអំពើរំលោភបំពានគ្រប់រូបភាពមកលើកុមារសំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ។
លោកបញ្ជាក់ថា៖ «អាស្រ័យហេតុនេះហើយ ទើបកម្ពុជាបានក្លាយជាប្រទេស ក្នុងបណ្តាប្រទេសអាស៊ាន ដែលត្រូវបានជ្រើសរើសសម្រាប់ការអង្កេតសិក្សាស្រាវជ្រាវពីស្ថានភាពអំពើហិង្សាលើកុមារ ដែលមានលក្ខណៈវិទ្យាសាស្ត្រក្នុងការកំណត់ពីទំហំ វិសាលភាព ការផ្តល់ភ័ស្តុតាងជាក់លាក់នៃអំពើហិង្សាលើកុមារ ផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ ដែលកុមារបានជួបប្រទះរួមទាំងបញ្ហាប្រឈមនានា»។
នាពេលថ្មីៗនេះ កម្ពុជាក៏បានសម្រេចលទ្ធផលដ៏ធំៗជាច្រើន សម្រាប់កុមារកម្ពុជា ដែលរួមមានការអនុម័ត និងដាក់ឱ្យអនុវត្តផែនការប្រតិបត្តិការបង្ការទប់ស្កាត់ ការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញឆ្នាំ ២០២១-២០២៥ ផែនការអនុវត្តគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ ២០២១-២០-២៥ គោលនយោបាយស្ដីពីការចិញ្ចឹមកូនតាមរយៈឪពុកម្តាយធម៌ និងសាច់ញាតិ គោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារ តាមប្រព័ន្ធអនឡាញ និងសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារ។ល។
លោកបានលើកឡើងទៀតថា កិច្ចការពារកុមារ សុវត្ថិភាពរបស់កុមារ ការអនុវត្តសិទ្ធិកុមារគ្រប់ជ្រុងជ្រោយ គឺត្រូវធ្វើឡើងដោយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ព្រោះរឿងកុមារជាការងារពហុវិស័យដែលត្រូវបំពេញរួមគ្នា។ ដូច្នេះសម្រាប់ថវិកាជាតិរបស់យើងបានផ្តល់ជូននៅគ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ។ លោក ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖ «ខ្ញុំសូមស្នើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់បន្តពង្រឹងយន្តការសម្របសម្រួលក្នុងការបង្ការទប់ស្កាត់អន្តរាគមន៍ និងការឆ្លើយតបលើករណីកុមារ ដើម្បីលើកកម្ពស់ និងផ្តល់សេវាយុត្តិធម៌សង្គម ដោយធានាឱ្យមានសមភាពរវាងកុមារា និងកុមារី»។
ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីក៏បានស្នើឱ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គប្បីបន្តការលើកកម្ពស់សេវាសង្គម ជាពិសេសការផ្តល់ប្រឹក្សាយោបល់ការស្តារនីតិសម្បទា និងសមាហរណកម្មចំពោះកុមាររងគ្រោះ និងងាយរងគ្រោះដោយផ្តល់អាទិភាពជាចម្បងដល់កុមារី កុមារជាជនជាតិដើមភាគតិច និងកុមារមានពិការភាព។ លោកក៏បានឱ្យក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ គប្បីបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងក្រោមជាតិ ដោយប្រើប្រាស់យន្តការដែលមានស្រាប់ លើកកម្ពស់ការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារសំដៅធ្វើឱ្យសម្រេចនូវយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា។
លោក ហ៊ុន សែន បន្ថែមថា៖ «គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តជំរុញការរៀបចំ និងអនុវត្ត ប្រព័ន្ធកិច្ចការពារកុមារឱ្យមានលក្ខណៈប្រទាក់ក្រឡាជាពហុវិស័យនៅក្នុងសហគមន៍ ជាពិសេស ការជួយដល់កុមារគ្រប់វិស័យ»។
កាលពីពេលថ្មីៗកន្លងទៅនេះ គណៈកម្មការការពារកុមារថ្នាក់ជាតិនៃក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ (ក.ជ.ក) បានចេញលិខិតថ្កោលទោស និងស្នើឱ្យដាក់ទោសធ្ងន់ធ្ងរដល់ស្រី្តម្នាក់ដែលបានប្រើអំពើហិង្សាលើកុមារីអាយុ ៥ ឆ្នាំ ដែលជាអ្នកបម្រើតាមផ្ទះក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក.ជ.ក លើកឡើងថា៖ «អំពើនេះបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិកុមារ ជាពិសេស សិទ្ធិទទួលបាននូវកិច្ចការពារដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន និងមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»។ លើសពីនេះ ក.ជ.ក ដែលជាស្ថាប័នសម្របសម្រួលលើការងារសិទ្ធិកុមារបានអំពាវនាវដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាពិសេសតុលាការដាក់ទោសជនសង្ស័យឱ្យបានតឹងរ៉ឹងបំផុត ដើម្បីកុំឱ្យអំពើដ៏អាក្រក់នេះកើតមានក្នុងសង្គមជាតិបន្តទៀត។
ជាលទ្ធផល សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារ ស្ត្រីដែលប្រើហិង្សាលើកុមារីអាយុ ៥ ឆ្នាំនេះកាលពីថ្ងៃទី ២៧ ខែឧសភា ក្រោមការចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស៕