ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួង-សង្គមកិច្ចបានអំពាវនាវដល់ស្ថាប័នទាំងរដ្ឋ និងឯកជនទាំងអស់ កុំមើលរំលងសមត្ថភាពជនមានពិការភាព និងលើកទឹកចិត្តឱ្យមានការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសម្រាប់ជនពិការនៅតាមទីសាធារណៈ ដើម្បីចូលរួមលើកកម្ពស់សិទ្ធិស្មើគ្នានៅក្នុងសង្គម។
នៅក្នុងវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលជាតិស្ដីពី «ហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួល» ជំនាន់ទី ២ កាលពីថ្ងៃទី ៣០ ខែឧសភា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការកម្ពុជាលោក ឯម ច័ន្ទមករាបានលើកឡើងពីសារៈសំខាន់នៃការធានាលក្ខណៈងាយស្រួលដល់ជនមានពិការភាព ដើម្បីជាការគោរពនូវសិទ្ធិស្មើគ្នារបស់មនុស្សផ្ដល់នូវយុត្តិធម៌ និងជួយដល់ជនមានពិការភាព បង្ហាញនូវទេពកោសល្យ និងឱកាសការងារ។ ជនមានពិការភាពបានបន្ថែមភាពចម្រុះដល់សហគមន៍ ហើយភាពចម្រុះនោះធ្វើឱ្យសហគមន៍កាន់តែសម្បូរបែប ព្រោះប្រសិនអាចធ្វើសមាហរណកម្មជនមានពិការភាពទៅក្នុងសហគមន៍ ពួកគេនឹងមានឱកាសបង្កើតមិត្តកាន់តែច្រើន ហើយមនុស្សកាន់តែច្រើន នឹងមានឱកាសស្គាល់ពួកគេ។
ប៉ុន្តែលោក ឯម ច័ន្ទមករា បញ្ជាក់ថា ការបរាជ័យក្នុងការធានាដល់ការបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព គឺនឹងធ្វើឱ្យមានការបាត់បង់ទេពកោសល្យ និងថាមពលការងារសំខាន់ៗរបស់ជនមានពិការភាព។
លោកថា៖ «ការបដិសេធរបស់សង្គមដោយមិនផ្តល់ឱកាសការងារ ការអប់រំ ឬសេវាកម្មផ្សេងៗ សម្រាប់ជនមានពិការភាព គឺមិនត្រឹមតែអយុត្តិធម៌ចំពោះជនមានពិការភាពប៉ុណ្ណោះទេ ប៉ុន្តែគឺជាការមើលរំលងនូវធនធានមនុស្ស និងធ្វើឱ្យសង្គមកាន់តែបាត់បង់ធនធានល្អថែមទៀតផង»។ ជនមានពិការភាពជាច្រើនមានជីវិតលំបាករួចទៅហើយ បើធៀបជាមួយមនុស្សសាមញ្ញទូទៅ ដូចនេះក្នុងនាមជាមនុស្សរស់នៅក្នុងសង្គម វាជាកាតព្វកិច្ចរបស់យើងក្នុងការជួយដល់អ្នកដែលត្រូវការជំនួយ។
លោកថា ការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ជនមានពិការភាពគឺជារឿងមួយសំខាន់ អ៊ីចឹងការកសាងនេះត្រូវមានជម្រាល ធ្នាក់ដៃ បន្ទប់ទឹក កន្លែងចតឡានគឺត្រូវសមស្របទៅនឹងបទដ្ឋានគតិយុត្តដែលក្រសួងបានដាក់ចេញឱ្យប្រើប្រាស់ ព្រោះបើយើងធ្វើមិនបានត្រឹមត្រូវទេ អាចបង្កគ្រោះថ្នាក់ដល់ជនពិការ។
បន្ថែមពីនេះ លោកបានអំពាវនាវដល់ក្រសួង-ស្ថាប័ន ក្រុមហ៊ុន វិស័យឯកជនទាំងអស់ស្នើសុំជំនួយឬពិភាក្សាជាមួយជនមានពិការភាព ដើម្បីជួយផ្តល់យោបល់ ដើម្បីអភិវឌ្ឍគម្រោងនាពេលខាងមុខ។
បើតាមលោក ឯម ច័ន្ទមករា ក្នុងរយៈពេលប៉ុនា្មនឆ្នាំចុងក្រោយនេះ វិស័យពិការភាព មានការលេចធ្លោជាខ្លាំងតាមរយៈសមិទ្ធផលជាច្រើនត្រូវបានបង្កើតឡើង ដូចជាការបង្កើតជម្រាល តាមអគារសាលាឃុំមួយចំនួន ការផ្តល់សេវាស្តារលទ្ធភាពពលកម្ម ការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ មុខរបរ និងការងារ ការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបម្រើសេវាជូនជនពិការក្នុងនោះមានដូចជាមជ្ឈមណ្ឌលជាតិជនពិការ មណ្ឌលស្តារនីតិសម្បទា និងមណ្ឌលព្យាបាលថែទាំអ្នកមានវិបលា្លស។
នាយិកាប្រតិបត្តិអង្គការជនពិការកម្ពុជា លោកស្រី ម៉ាក់ មូនីកា មានប្រសាសន៍ថា តាមរយៈកម្មវិធីនេះនឹងជាមធ្យោបាយមួយដែលរួមចំណែកក្នុងការផ្សព្វផ្សាយដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យមានការគិតគូរអំពីការបង្កលក្ខណៈងាយស្រួលដល់ជនពិការភាព។
លោកស្រីថា៖ «អ៊ីចឹងគ្រប់គ្រឹះស្ថានទាំងអស់រដ្ឋ និងឯកជនត្រូវគិតគូរអំពីការបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព ឧទាហរណ៍ មានការសាងសង់អគារថ្មី ថាតើអគារនោះត្រូវគិតគូរអ្វីខ្លះដល់ជនពិការ ដូចជានៅតាមទីធ្លាសាធារណៈ មន្ទីរពេទ្យ បន្ទប់ទឹក កន្លែងចំណតឡានជាដើម»។
យ៉ាងនេះលោកស្រីសង្កេតឃើញថា មួយរយៈពេលចុងក្រោយនេះវិស័យពិការភាពមានការរីកចម្រើនច្រើនបើប្រៀបធៀបពីមុន ដោយសារភាគីពាក់ព័ន្ធបានគិតគូរដល់ជនពិការ ទាក់ទងការផ្តល់ឱកាសការងារ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។
ពាក់ព័ន្ធវិស័យពិការភាពនេះរដ្ឋាភិបាលក៏បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ដោយបានគិតបញ្ជូលអំពីការបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាពរួមមាន ការកែលម្អ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងឧបករណ៍ផ្សេងៗ ការកែលម្អមធ្យោបាយដឹកជញ្ជូនសាធារណៈ និងការកែលម្អមធ្យោបាយទំនាក់ទំនង ចំណេះដឹង និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន រួមទាំងឧបករណ៍ និងសេវាកម្មផ្សេងៗទៀតសម្រាប់ជនមានពិការភាព៕