ភ្នំពេញៈ គណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចបង្កើតគណៈកម្មការគ្រប់គ្រងលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។
លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៣១ ខែឧសភាថា គណៈកម្មការនេះត្រូវបានបង្កើតជាអនុគណៈកម្មការចំនួន ៣ ទៀត គឺទី ១-អនុគណៈកម្មការសម្របសម្រួល ទី ២- អនុគណៈកម្មការបច្ចេកទេស និងអនុគណៈកម្មការផ្សព្វផ្សាយលទ្ធផលបឋម។
លោកបន្តថា លទ្ធផលបឋមនឹងត្រូវបញ្ជូនមកពីគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ក្រោយពីបញ្ចប់ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលឆ្នោត បន្ទាប់ពីទទួលបានពីគ្រប់ការិយាល័យបោះឆ្នោតចំណុះឱ្យឃុំសង្កាត់រៀបចំការបោះឆ្នោតរៀងៗខ្លួន ឱ្យមក គ.ជ.ប ដើម្បីផ្សព្វផ្សាយ។
បើតាម លោក សោម សូរីដា ក្រោយពីទទួលបានលទ្ធផលបឋមពីគណៈកម្មការឃុំសង្កាត់ទាំង ១៦៥២ គណៈកម្មការគ្រប់គ្រងលទ្ធផលបឋមនឹងត្រួតពិនិត្យផ្ទៀងផ្ទាត់ឡើងវិញមុននឹងផ្សព្វផ្សាយតាមទូរទស្សន៍ជាតិ វិទ្យុជាតិ និងបណ្តាញសង្គមរបស់ គ.ជ.ប នៅល្ងាចថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ រហូតដល់ម៉ោង ១១:៣០ នាទីថ្ងៃត្រង់ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២២។
លោកថ្លែងថា៖ «នៅក្នុងការគ្រប់គ្រងលទ្ធផលបឋមនេះគឺគណៈកម្មការបានបង្កើតឱ្យមានអនុគណៈកម្មការ ៣ ទៀត។ នេះ គឺជាកិច្ចការដែលគណៈកម្មការគ្រប់គ្រងលទ្ធផលបឋមត្រូវអនុវត្តនៅក្នុងថ្ងៃបោះឆ្នោត គិតត្រឹមល្ងាចថ្ងៃទី ៥ ខែមិថុនារហូតដល់ម៉ោង ១១:៣០ នាទី ថ្ងៃត្រង់ថ្ងៃទី ៦ ខែមិថុនា»។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព (PDP-Center) ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៣១ ខែឧសភាថា ជាទូទៅការគ្រប់គ្រង និងប្រកាសលទ្ធផលបោះឆ្នោតបឋម របស់ គ.ជ.ប មានលក្ខណៈលឿន ប៉ុន្តែក្នុងនោះក៏មានភាពរអាក់រអួលខ្លះដែរ ពាក់ព័ន្ធនឹងបញ្ហាបច្ចេកទេស។
ទោះជាយ៉ាងណា លោកថា កាលពីឆ្នាំ ២០១៣ មានបញ្ហាបច្ចេកទេសក្នុងការផ្សព្វផ្សាយលទ្ធផលឆ្នោតបឋមនេះ ដោយ គ.ជ.ប បានពន្យារពេលនៃការផ្សព្វផ្សាយ ប៉ុន្តែការប្រកាសលទ្ធផលបោះឆ្នោតនៅឆ្នាំបន្តបន្ទាប់ទៀត មិនមានអ្វីជាបញ្ហាច្រើននោះទេ។
លោកបានថ្លែងថា៖ «ជាទូទៅយើងអាចទទួលយកបាន ប៉ុន្តែការប្រកាសលទ្ធផលបឋមរបស់ គ.ជ.ប នេះនៅតែមានភាពយឺតយ៉ាវជាងគណបក្សនយោបាយខ្លះទៀត»។
ពាក់ព័ន្ធនឹងការបោះឆ្នោតនាថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ដែលត្រូវបញ្ចប់នៅម៉ោង ៤:០០ នាទីល្ងាចនោះ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នឹងបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ និងគណបក្សនយោបាយ ដើម្បីសរុបព្រឹត្តិការណ៍ទូទៅនៃការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់អាណត្តិនេះ និងការប្រកាសផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតនៅ គ.ជ.ប ផងដែរ៕