ភ្នំពេញៈ រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បញ្ជាក់ថា ទិសដៅរបស់ក្រសួងអប់រំ គឺត្រូវបង្កើតវិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេសឱ្យបាន១ ក្នុងមួយខេត្ត និងត្រូវទាមទារឱ្យយុវជនម្នាក់ត្រូវមានជំនាញ ១ យ៉ាងតិច ខណៈត្រឹមឆ្នាំសិក្សា ២០២១-២០២២ នេះ គ្រឹះស្ថានអប់រំបច្ចេកទេសនៅទូទាំងប្រទេសមានចំនួន ១៨ មានជំនាញចំនួន ១០ និងមានសិស្សកំពុងសិក្សាចំនួន៣ ២៧៨ នាក់។
លោក ហង់ជួន ណារ៉ុន ថ្លែងបែបនេះពេលធ្វើជាអធិបតី ក្នុងពិធីប្រគល់-ទទួលកុំព្យូទ័រយួរដៃចំនួន ៥០ គ្រឿង ដែលជាជំនួយឧបត្ថម្ភរបស់អង្គការក្រុមការងារកម្ពុជា ដើម្បីការអប់រំ (CTEP)សហការជាមួយនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈនៃក្រសួងអប់រំ ប្រគល់ជូនវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន ក្នុងការអនុវត្តគម្រោងលើកកម្ពស់ការអប់រំសរសេរកូដក្នុងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស។
លោកបានថ្លែងអំណរគុណដល់អង្គការ CTEP ដែលបានផ្ដល់កុំព្យូទ័រដល់គ្រឹះស្ថានសិក្សាទាំងផ្នែកចំណេះទូទៅ និងអប់រំបច្ចេកទេស សម្រាប់សិស្សានុសិស្ស អាចសិក្សាប្រតិបត្តិបានដោយផ្ទាល់ និងបានបង្កើននូវកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអប់រំ តាមរយៈនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈក្នុងការអនុវត្តនូវការសរសេរកូដ (Scratch) នៅតាមវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស។
លោកថា កិច្ចសហការនេះអាចជួយដល់សិស្សានុសិស្សលើការជំរុញការគិត បណ្ដុះនូវការរៀបចំផែនការដើម្បីទទួលបានលទ្ធផលតាមការគ្រោងទុក។ សិក្សាបែបលក្ខណៈស្ទែម (STEM) ខណៈការបង្កើតឱ្យមានវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសមានសារៈសំខាន់ ក្នុងការបណ្ដុះបណ្ដាលដល់យុវជននូវជំនាញបច្ចេកទេសផ្សេងៗ ដែលមានតម្រូវការក្នុងទីផ្សារ។
លោកថ្លែងថា៖ «ដូចនេះជាទិសដៅ របស់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបង្កើតវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឱ្យបាន ១ ក្នុងមួយខេត្ត និងត្រូវទាមទារឱ្យយុវជនម្នាក់ត្រូវមានជំនាញ ១ យ៉ាងតិច»។
លោករដ្ឋមន្ត្រី លើកឡើងថា ក្រសួងអប់រំ ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាល បានធ្វើកំណែទម្រង់អប់រំដំណាក់កាលទី១ ទី២ និងទី៣ លើការពង្រឹងស្ថាប័ន និងការកសាងប្រព័ន្ធ (២០២១) និងការអភិវឌ្ឍសមត្ថភាព។ ក្នុងនោះមុំទី១ ចំណុចទី៤ ផ្តោតលើការធ្វើបច្ចុប្បន្នភាព និងការជំរុញការអនុវត្តផែនការគោលសម្រាប់ការអប់រំបច្ចេកទេសនៅមធ្យមសិក្សាទុតិយភូមិ សំដៅបង្កើនតម្រង់ទិសការសិក្សា ទៅកាន់អាជីព។ ពង្រីកការអប់រំបច្ចេកទេសឱ្យមានវិសាលភាពគ្របដណ្តប់ទូទាំងប្រទេសតាមទស្សនទាន «ខេត្ត ១ មានវិទ្យាល័យចំណេះទូទៅ ១ យ៉ាងតិច សម្រាប់រយៈពេលមធ្យម និងស្រុក ១ មានវិទ្យាល័យចំណេះទូទៅ១យ៉ាងតិច សម្រាប់រយៈពេលវែង»។
រីឯចំណុចទី៥ ផ្ដោតលើការបង្កើនការឆ្លើយតបឱ្យកាន់តែពេញលេញនៃការអប់រំ ទៅនឹងទីផ្សារការងារ និងការរស់នៅតាមរយៈទស្សនទាន «យុវជនម្នាក់មានជំនាញ១យ៉ាងតិចប្រចាំជីវិត»។
លោកបញ្ជាក់ថា ការជំរុញលើកកម្ពស់ការអប់រំបច្ចេកទេស មានការកើនឡើងគួរឱ្យកត់សម្គាល់។ បច្ចុប្បន្ន ក្នុងឆ្នាំសិក្សា ២០២១-២០២២ គ្រឹះស្ថានអប់រំបច្ចេកទេសទូទាំងប្រទេសមាន សរុបចំនួន ១៨ មានគ្រូអប់រំបច្ចេកទេសចំនួន ២២៤ នាក់ ស្រី ៥៤ នាក់ សិស្សចំនួន ៣ ២៧៨ នាក់ ស្រី ១ ១៧៤ នាក់ និងមានជំនាញចំនួន ១០ ជំនាញ រួមមាន ជំនាញអគ្គិសនី អេឡិចត្រូនិក មេកានិច ក្សេត្រសាស្ត្រ បសុវប្បកម្ម កុំព្យូទ័រ ទេសចរណ៍ និងគណនេយ្យ កែច្នៃអាហារ និង Digital Media Design ។
លោក ឈុន សុខសាន្ត តំណាងអង្គការ CTEP បានលើឡើងថា ការនាំយកកុំព្យូទ័រយួរដៃ ៥០ គ្រឿងបន្ថែមទៀតប្រគល់ជូនវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន គឺស្ថិតនៅក្រោមគម្រោង «ការលើកកម្ពស់ការអប់រំសរសេរកូដក្នុងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ទូទាំងប្រទេសកម្ពុជា»។
លោកថ្លែងថា៖«សកម្មភាពអង្គការ CTEP បានផ្ដោតលើកម្មវិធី៣ធំៗ គឺទី១ អប់រំ មានង្រៀនកុំព្យូទ័រ ភាសាអង់គ្លេស និងភាសាចិន។ ទី២ ស្វែងរកការងារជូនយុវជន និងពលរដ្ឋ ដើម្បីកាត់បន្ថយចំណាកស្រុកទៅក្រៅប្រទេស និងទី៣ សហប្រតិបត្ដិការកសិកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។
លោក សុខសាន្ត បានឱ្យដឹងថា តាមរយៈកិច្ចសហការជាមួយក្រសួងអប់រំកន្លងមក អង្គការ CTEP បានផ្ដល់ជូនកុំព្យូទ័រ ទៅសាលារដ្ឋចំនួន ១០ សរុបចំនួន ២៦៨ គ្រឿង ដើម្បីបង្រៀនវគ្គកុំព្យូទ័រទូទៅដល់សិស្ស។
បើតាមលោកសុខសាន្ត អង្គការ CTEP បានអនុវត្ដសាកល្បងនូវគម្រោង «ការលើកកម្ពស់ការអប់រំសរសេរកូដនៅក្នុងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសទូទាំងប្រទេសកម្ពុជា» បានចំនួន ២ សាលា គឺ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត ស្ថិតនៅក្រុងបាវិត ខេត្ដស្វាយរៀង និងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អង្គការបានផ្ដល់ជូនកម្ពុជាក្នុងសាលានីមួយៗចំនួន ៥០ គ្រឿង និងបណ្ដុះបណ្ដាលគ្រូបង្គោលផ្នែកសរសេរកូដកម្រិតមូលដ្ឋានពីអ្នកជំនាញតៃវ៉ាន់ ចំនួន ២០ នាក់ផងដែរ។
លោកបញ្ជាក់ថា ទាំងអស់គ្នាបានដឹងហើយថា រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយនៅ ឆ្នាំ ២០៣០ ប្រទេសកម្ពុជា នឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ហើយ២០៥០ នឹងក្លាយជាប្រទេសអ្នកមានចំណូលខ្ពស់។ ដោយមើលឃើញបែបនេះ អង្គការ CTEP ជឿជាក់ថា ដើម្បីសម្រេចបាន នូវចក្ខុវិស័យនេះ កម្ពុជាត្រូវត្រៀមធនធានមនុស្សដ៏មានសក្តានុពលក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចនេះ។
លោកបន្តថា៖ «ហេតុនេះ ការចូលរួមបណ្តុះបណ្តាល និងកសាងកម្លាំងពលកម្មជំនាញជាបេសកកម្ម ដ៏ចម្បងរបស់ស៊ីថើប (CTEP) ផងដែរ ដោយ ស៊ីថើប បានច្បិចយកវិស័យបច្ចេកវិទ្យាសរសេរកូដកម្រិតវិទ្យាល័យបច្ចេកទេសមកអនុវត្ត ព្រោះដើម្បីប្រកួតប្រជែងកម្លាំងពលកម្មពីខាងក្រៅ»៕