ភ្នំពេញៈ បន្ទាប់ពី​ទទួល​បាន​ដំណឹង​អំពី​លោក​ ពេជ្រ មូ​ន ដែល​ជា​អតីត​កុមារ​ឃ្វាល​គោ​ម្នាក់​នៅ​ខេត្ត​កំពង់​ឆ្នាំង បាន​តស៊ូ​រៀន​សូត្រ​រហូត​បាន​បញ្ចប់​ការ​សិក្សា​នៅ​សា​លា​បណ្ឌិតសភា​យោធា​អាមេរិក​ ជាមួយ​នឹង​ការ​ទទួលបាន​កាដូ​ពិសេស​គឺ ​«ខ្សែ​គោ ១​ ចង្វាយ​ និង​ក្រមា​ចាស់​មួយ» ពី​លោក​យាយ​បង្កើត​ដែល​នាំ​ពី​កម្ពុជា​សម្រាប់​ថ្ងៃ​ទទួល​បាន​សញ្ញា​បត្រ​នោះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សម្ដែង​ការ​អបអរ​សាទរ និង​បាន​បក​ស្រាយ​នូវ​អត្ថ​ន័យ​នៃ​ការដូ​នោះ​ថា ជា​ការ​រំឭក​ដាស់តឿ​ន​មួយ​របស់​ជីដូន​ចំពោះ​ចៅ​កុំ​ភ្លេច​កំណើត​របស់​ខ្លួន ​។

តាម​រយៈ​ការ​បញ្ចេញ​មតិ​នៅលើ​​គណនី​បណ្ដាញ​សង្គម​របស់លោក​ ឯម ច័ន្ទ​មករា រ​ដ្ឋលេខាធិកា​រ​ក្រសួង​សង្គម​កិច្ចជុំ​វិញ​ព័ត៌មាន​នៃ​ការប​ញ្ចប់​ការ​សិក្សា​របស់លោ​ក មូ​ន ពេជ្រ នៅ​ព្រឹក​ថ្ងៃទី​ ៣១​ ឧសភា ២០២២ ​លោក​នាយក​រដ្ឋមន្ត្រី​បាន​សរសេរ​ថា៖ «គាត់ [លោក​យាយ] ​ធ្វើបែ​បនេះ​ជា​ការ​រំឭក​មួយ​សម្រាប់​ចៅ កុំ​ឲ្យ​ភ្លេច​ប្រវត្តិ​ដ៏​លំបាក​របស់​យើង។ តា​ក៏​សូម​ជូនពរ​ឲ្យ​ចៅ​ជួប​តែ​សេចក្តី​សុខ ​និង​ចម្រើន​»។

កាលពី​ថ្ងៃទី​ ៣០​ ខែ ឧសភា ឆ្នាំ ២០២២ ​លោក មូ​ន បាន​បង្ហោះ​រូបភាព​និង​សារ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​នៅលើ​ហ្វេ​ស​ប៊ុក​របស់​លោក​ថា ក្រមា​និង​ខ្សែ​គោ​មួយ​ចង្វាយ​​នោះ ត្រូ​វបាន​ជីដូន​របស់​គាត់​រក្សាទុក​អស់ ​១០ ​ឆ្នាំ​មកហើយ ស​ម្រាប់​ទុក​មើល​ពេល​នឹក​ដល់​គាត់ និង​សម្រាប់​ប្រគល់​ឲ្យ​គាត់​នៅ​ថ្ងៃ​ទទួល​បាន​សញ្ញាបត្រ ពី​សាលា​បណ្ឌិត្យសភា​យោធា​អាមេរិក។

លោក​សរសេរថា៖ «១០ ឆ្នាំ​ហើយ​ដែល​លោកយាយ​រក្សាទុក​ក្រ​មា និង​ខ្សែ​គោ​ដែល​ខ្ញុំ​ប្រើ ហើយ​រង់ចាំ​ខ្ញុំ​ត្រឡប់​ទៅ​ស្រុក​វិញ។ ខ្ញុំ​តែង​ប្រើ​វា​សម្រាប់​ជា​ថ្នក់​ដាក់បាយ ទឹក និង​សៀវភៅ​នៅពេល​ទៅ​ឃ្វាលគោ​ពេល​រស់​នៅឯ​ស្រុកកំណើត។ ភាគច្រើន នៅក្នុង​ថ្នក់​បាយ​មានតែ​បាយ​និង​អំបិល ដែល​លោកយាយ​ខ្ចប់​ឲ្យ​ប៉ុណ្ណោះ។ ពេលនេះ​លោកយាយ បាន​យក​ខ្សែ​គោ និង​ក្រមា​ចាស់នេះ​ធ្វើជា​កាដូសម្រាប់​ថ្ងៃ​បញ្ចប់​ការសិក្សា​របស់ខ្ញុំ​ពី​បណ្ឌិតសភាយោធា​អាមេរិក»។

បើតាម​សំណេរ​របស់លោក មូ​ន នៅពេល​លោកយាយ​របស់គាត់គឺ​អ្នកស្រី សៅ អ៊ី បានប្រគល់​នូវ​កាដូ​ដល់​គាត់​នៅ​ថ្ងៃ​ទទួលបាន​សញ្ញាបត្រពីសា​លាប​ណ្ដិ​ត​សភា​យោធា​អាមេរិកពី​ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២ ក្រោម​អធិបតីភាព​របស់លោក ចូ បៃ​ដិ​ន ប្រធានាធិបតី​អាមេរិក​ផង​នោះ លោកយាយ​របស់គាត់ បាន​ប្រាប់​គាត់​ថា៖ «យាយ​រក្សា​វា​ទុក ព្រោះ​ពេល​នឹក​ចៅម្ដងៗ យាយ​យក​វា​មក​មើល​ដើម្បី​កុំ​ឲ្យ​នឹក​ចៅ​ពេក។ពេលនេះ​យាយ​ប្រគល់​វា​ឲ្យ​ចៅ​វិញ​ហើយទោះ​ទៅដល់​ទីណា​សូម​ចៅ​កុំ​ភ្លេច​កំណើត​របស់ខ្លួន​ដែល​ធ្លាប់ជា​ក្មេងឃ្វាលគោ​ឲ្យ​សោះ»។

លោក​បាន​រៀបរាប់​ទៀតថា៖ «ខ្ញុំ​ស្ទើរ​ស្រក់​ទឹកភ្នែកពេលឮ​អ្នកមានគុណ​ដែល​បីបាច់​ថែរក្សា​ខ្ញុំតាំងពី​ទើបនឹង​កើតរហូត​ធំ​ពេញវ័យ​មានប្រសាសន៍​បែបនេះ។ វា​ជា​កាដូ​ដ៏​មានតម្លៃ​បំផុត​ក្នុង​ជីវិត​របស់ខ្ញុំ។ សូម​អរគុណ​លោកយាយ​ជាទីគោរព​ស្រឡាញ់​របស់​ចៅ»។

តាមរយៈ​រូបភាព​និង​សារ​នៅលើ​បណ្ដាញ​សង្គម​របស់លោក​ ពេជ្រ មូ​ន សាធារណជន​បាន​សម្ដេង​នូវ​ការពេញចិត្ត និង​អបអរសាទរ​ដល់​លោកជាច្រើន​ផងដែរ។ក្នុងនោះ​អ្នកប្រើប្រាស​ហ្វេ​សប៊ុ​កម្នា​ក់បាន​ចូល​សរសេរ Comment ថា «ជីដូន​របស់​អ្នក​ពិតជា​សប្បាយចិត្ត​ណាស់​ដែល​ឃើញ​ចៅប្រុស​របស់គាត់​ទទួលបាន​ការអប់រំ​ល្អ ពិតជា​មានតែ​មួយគត់​ក្នុង​ពិភពលោក​ជាមួយនឹង​អំណោយ​ដ៏​ពិសេស​នេះ»។

រីឯ​ម្នាក់ទៀត​បាន​បញ្ចេញមតិ​ថា «អាន​ប្រវត្តិ​ពិត​របស់​អ្នក​ហើយខ្ញុំ​ពិតជា​រំភើបនិង​អាណិត​ក្នុង​ចិត្ត។ ថ្ងៃនេះ​អ្នក​អាចធ្វើ​បាន។ ការសម្រេច​ក្តី​សុបិន​ដែល​មិនមែន​គ្រប់គ្នា​អាច​ទៅដល់​នោះទេ»។

ចំណែក​អ្នក​ចូល​Comment ម្នាក់ទៀត ​បានសរសេរថា«ការងារ​នេះ​បង្ហាញ​យ៉ាងច្បាស់​ថា កម្ពុជា​អាចធ្វើ​បាន ហើយ​ប្រទេស​របស់​យើង​ពិតជា​មិន​ចាញ់​ប្រទេស​ដទៃទេ»។

នៅពេល​ទទួល​បានការ​គាំទ្រ​ពី​ជនរួមជាតិ​ខ្មែរ លោក ​មូ​ន សរសេរ​សារ​ថ្លែងអំណរគុណ​ដល់​អ្នកគាំទ្រ​ទាំងអស់ដោយបាន​រៀបរាប់ថា៖ «វា​ជា​កិ​ត្ដិ​យស​របស់​ខ្ញុំបាទនិង​គ្រួសារ​ដែល​បានទទួល​សេចក្ដីស្រឡាញ់​ពី​បងប្អូន លោកពូ អ្នក​មីង លោកយាយ លោកតា ដែលជា​ជនរួមជាតិ​ខ្មែរ។ ខ្ញុំ​គ្មានអ្វី​ក្រៅពី​លើក​ម្រាមដៃ​ដប់ថ្លែងអំណរគុណ​ចំពោះ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​នេះឡើយ។ដោយឡែកខ្ញុំបាទ​ក៏​សូម​អភ័យទោស​ដែល​មិនបាន​ឆ្លើយតប​វិញ​ទាន់ពេលព្រោលោកយាយ​មាន​សុខភាព​មិនសូវ​ល្អ ក្រោយ​ធ្វើដំណើរ​វែងឆ្ងាយ​ពី​មាតុភូមិ​កម្ពុជា មក​សហរដ្ឋអាមេរិក»៕

វីដេអូ៖