ភ្នំពេញៈ ក្រសួងសុខាភិបាលរួមនឹងអង្គការសុខភាពពិភពលោក (WHO) និងអង្គការយូនីសេហ្វប្រចាំនៅកម្ពុជាបានពិភាក្សាគ្នាពីការអនុវត្តលើការជំរុញបង្កើនការងារថែទាំសុខភាពបឋម ខណៈបំណងធំរបស់ក្រសួងគឺចង់ឱ្យពលរដ្ឋនៅតាមសហគមន៍ចេះថែទាំសុខភាពបឋមរបស់ពួកគាត់ឱ្យបានគត់មត់។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍន៍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមហៅកាត់ថា (ក.ជ.ថ.ស.ប) ឬ «Task force to develop and manage Primary Health Care Booster Implementation Framework (T.P.H.C Booster)» បានថ្លែងដូចនេះ កាលពីថ្ងៃទី ៣១ ខែឧសភា បន្ទាប់ពីប្រជុំពិភាក្សាការងារជាមួយលោកស្រី លី អៃឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលោកស្រី ហ្វារូហ្វ ហ្វូយូហ្សាត តំណាងអង្គការយូនីសេហ្វ (UNICEF) ប្រចាំកម្ពុជារួមនឹងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ជំនួបកិច្ចពិភាក្សានេះ ក្នុងគោលបំណងបង្ហាញអំពីគំនិតផ្តួចផ្តើម និងដំណើរការអភិវឌ្ឍន៍ក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម ព្រមទាំងស្វែងរកនូវចំណុចរួមគ្នា សម្រាប់ធ្វើកិច្ចសហប្រតិបត្តិក្នុងការអនុវត្តក្របខ័ណ្ឌជំរុញការថែទាំសុខភាពបឋមនៅកម្ពុជា។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា៖ «គោលបំណងធំរបស់យើងគឺយើងចង់ឱ្យប្រជាពលរដ្ឋដែលនៅតាមសហគមន៍រស់នៅតាមភូមិ-ឃុំ របស់គាត់ ឱ្យចេះទទួលខុសត្រូវទៅលើការថែទាំសុខភាពបឋមរបស់ពួកគាត់ឱ្យបានគត់មត់ដោយយើងបានរៀនសូត្រពីបទពិសោធដែលយើងបានឆ្លងកាត់ជាមួយនឹងការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩»។
ការជំរុញនូវការថែទាំសុខភាពបឋមនឹងដើរតួនាទីសំខាន់ក្នុងការអនុវត្តនូវកិច្ចការការពារសុខភាព ប៉ុន្តែការធ្វើនេះគឺស្ថិតក្នុងរយៈពេលវែងណាស់ ដោយមិនអាចធ្វើសម្រេចនៅក្នុងរយៈពេលខ្លីបានទេ គឺត្រូវរំពឹងថាតទៅថ្ងៃមុខក្នុងរយៈ ១០ ឆ្នាំ ឬ ២០ ឆ្នាំទៀត តើសុខភាពរបស់ពលរដ្ឋនឹងមានភាពប្រសើរក្នុងកម្រិតណាដែរ។ នេះបើតាមការបញ្ជាក់ពីលោកស្រី ឱ វណ្ណឌីន។
លោកស្រីបន្តថា៖ «អ្វីដែលយើងចង់ឃើញគឺយើងចង់បានសុខភាពបងប្អូនប្រជាពលរដ្ឋមានភាពល្អប្រសើរ កាត់បន្ថយជាអតិបរមា គឺអត្រាឈឺ និងអត្រាស្លាប់ ហើយជាពិសេសពួកគាត់អាចការពារបាននៅក្នុងក្រុមគ្រួសាររបស់គាត់ពីការចម្លងនូវជំងឺតម្កាត់ផ្សេងៗ និងពួកគាត់ចេះការពារគាត់ជាអតិបរមានូវហានិភ័យដែលអាចកើតឡើងនូវជំងឺមិនឆ្លង»។
ក្នុងនាមជាប្រទេសសមាជិកមួយរបស់ WHO ក្រសួងសុខាភិបាលកម្ពុជាបានចូលរួមសន្និសីទពិភពលោក និងសេចក្តីប្រកាសរួមអន្តរជាតិនៃទីក្រុងអាស្តាណាស្តីពីការថែទាំសុខភាពបឋម ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៥-២៦ ខែតុលា ឆ្នាំ ២០១៨ នៅទីក្រុងអាស្តាណា (Astana) នៃប្រទេសកាហ្សាក់ស្ថាន ។
ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាក៏បានចាប់ផ្តើមរិះរកគំនិត និងសកម្មភាពជំរុញបង្កើនការងារថែទាំសុខភាពបឋមដោយរៀនសូត្របទពិសោធពីការឆ្លើយតបនឹងជំងឺកូវីដ ១៩ ផងដែរ។ ជាលទ្ធផលមកទល់ពេលនេះក្រសួងសុខាភិបាលបានសម្រេចបង្កើតក្រុមការងារបច្ចេកទេសស្នូល ដើម្បីអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមដែលហៅកាត់ថា (ក.ជ.ថ.ស.ប)។
គួរបញ្ជាក់ផងដែរថា កាលពីពាក់កណ្តាលខែឧសភា ក្រសួងសុខាភិបាលបានស្នើប្រទេសអូទ្រីសឱ្យជួយគាំទ្រលើគម្រោងផ្តល់សេវាកម្មវេជ្ជសាស្ត្រ និងថែទាំព្យាបាលជំងឺមិនឆ្លងព្រមទាំងវិនិយោគលើបច្ចេកវិទ្យាវេជ្ជសាស្ត្រ ដើម្បីលើកកម្ពស់ការថែទាំសុខភាពបឋមក្នុងការឈានទៅគ្របដណ្តប់សេវាសុខភាពជាសកល៕