ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមបានក្រឿនរំឭកដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ខណៈរយៈពេល ៥ ខែ នាឆ្នាំ ២០២២ នេះមានជំងឺគ្រុនឈាមជាង ១ ២០០ ករណី គឺកើនឡើងប្រមាណ ៣០០ ករណី បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការក្រើនរំឭកនេះ ស្របពេលរដូវវស្សាចូលមកដល់ហើយមានភ្លៀងធ្លាក់ញឹកញាប់ស្ទើរគ្រប់ទីកន្លែងបង្កឱ្យមានទឹកដក់នៅតាមកង់ឡាន ឬកន្លែងផ្សេងៗដែលងាយបង្កឱ្យមានដង្កូវទឹក និងមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
លោក លាង ឫទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាលប្រាប់ភ្នំពេញប៉ុស្តិ៍ថា ជំងឺគ្រុនឈាមក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយនេះមានសម្ទុះកើនឡើងគួរឱ្យព្រួយបារម្ភ ប៉ុន្តែស្ថិតនៅក្នុងស្ថានភាពគ្រប់គ្រងបាននៅឡើយ។
លោកបន្តថា គិតត្រឹមរយៈពេល ៥ ខែនៅក្នុងឆ្នាំ ២០២២ នេះមានករណីជំងឺគ្រុនឈាមជាង ១ ២០០ ករណីកើនឡើងប្រមាណពី ២០០ ទៅ ៣០០ ករណី បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកថា៖ «មូលហេតុជំងឺគ្រុនឈាមកើនឡើងដោយសារទាក់ទងកត្តាជាច្រើន គឺដោយសារ អាកាសធាតុ មានកម្តៅ សំណើម ទឹកភ្លៀង កាលណាកម្តៅកើន ទឹកភ្លៀងច្រើនគឺមានការកើនឡើងមូសទៅតាមហ្នឹង ជាក់ស្តែងយើងឃើញថា ទឹកភ្លៀងបង្អុរមក ២ សប្ដាហ៍ចុងក្រោយនេះ»។
ក្នុងចំណោមអ្នកជំងឺជាង ១២០០ ករណីនោះ មានមនុស្ស ២ នាក់ស្លាប់ ដោយមូលហេតុគាត់យឺតយ៉ាវទៅព្យាបាលនៅមន្ទីរពេទ្យមានជំនាញ ហើយទទួលការព្យាបាលនៅតាមភូមិ ឃុំ ជាមួយពេទ្យដែលអត់មានសញ្ញាបត្រ អត់មានជំនាញ ដោយដាក់សេរ៉ូមដល់អ្នកជំងឺ។
លោកពន្យល់ថា៖ «ខ្ញុំសូមបញ្ជាក់ថា បើសិនជាជំងឺគ្រុនឈាមមែនឱ្យតែដាក់សេរ៉ូមបាន ៥ ប្លោកហើយ គឺចប់ហើយ អត់មានទេវតាណាជួយបានទេ ព្រោះទឹកចូលពេញសួតអស់ហើយ អ៊ីចឹងសំណូមឱ្យប្រជាជន ត្រូវយល់ពីចំណុចនេះ បើមានការសង្ស័យកុំព្យាយាមលេបថ្នាំដោយខ្លួនឯង ហើយមកមន្ទីរពេទ្យរដ្ឋក្នុងរយៈពេល ៤៨ ម៉ោង ជាបន្ទាន់»។
លោកឱ្យដឹងទៀតថា ជំងឺគ្រុនឈាមជាទូទៅកើតឡើងនៅកន្លែងណាដែលមានមនុស្សកកកុញរស់នៅដូចជានៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម កំពង់ស្ពឺ ត្បូងឃ្មុំ និងសៀមរាបជាដើម។ ប៉ុន្តែក៏មានឱកាសកើតឡើងនៅភូមិដាច់ស្រយាលដែរ បើសិនជាគាត់ប្រើពាងទឹកច្រើន ហើយមិនចេះសម្អាត។
ឆ្លៀតក្នុងឱកាសនេះ លោក លាង ឫទ្ធា បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការសុខាភិបាល ដោយឧស្សាហ៍លាងពាងទឹក រៀបចំទុកដាក់អីវ៉ាន់ក្នុងផ្ទះឱ្យបានល្អ ឱ្យមានពន្លឺចេញចូលគ្រប់គ្រាន់ សម្អាតទាំងក្នុងផ្ទះ និងក្រៅផ្ទះ បរិវេណផ្ទះ សម្បកកំប៉ុង កង់ឡាន និងត្រឡោកដូង។
លោកគូសបញ្ជាក់ថា វិធានការចំពោះមុខ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនឹងចេញសេចក្តីប្រកាសមួយ ដើម្បីជូនដំណឹងដល់ប្រជាជនថា ជំងឺគ្រុនឈាមកើនឡើងក្នុងរដូវវស្សានេះហើយនឹងកើនលើសនេះទៀត។
លោកថា៖ «ប៉ុន្តែយើងផ្តោតសំខាន់តែកន្លែងណាដែលប្រឈមខ្លាំង មូលហេតុត្រង់ថា បើយើងចេះតែបាញ់ថ្នាំ ដាក់ថ្នាំ ពាសវាលពាសកាលមូសវានឹងមានភាពស៊ាំដូច្នេះនេះគ្រាន់តែជាមធ្យោបាយមួយរយៈពេលខ្លីទេ ជានិរន្តរភាពនោះគឺប្រជាជនខ្លួនឯងការចូលរួមរបស់សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់»។
លោកថា ជំងឺគ្រុនឈាមមិនមែនជាជំងឺដែលទទួលបន្ទុករបស់ក្រសួងសុខាភិបាលតែមួយនោះទេ គឺក្រសួងពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាជនខ្លួនឯងត្រូវរៀបចំទុកដាក់កង់ឡាន បញ្ហាធំ វាដក់ទឹកភ្លៀង កើតជាដង្កូវទឹកបង្កជាមូស នេះជាបញ្ហា ទោះបីជាយើងមានវិធានការបាញ់ថ្នាំក៏ដោយ ប៉ុន្តែបើមិនមានការចូលរួមរបស់សហគមន៍ក៏មិនសូវមានប្រសិទ្ធភាពដែរ។ លោកថា៖ «ពលរដ្ឋចេះតែរំពឹងថាលោកគ្រូពេទ្យម៉េចមិនមកបាញ់ថ្នាំគ្រូពេទ្យមិនមករើសសំរាមនៅផ្ទះខ្ញុំ គឺមិនអាចធ្វើអ៊ីចឹងបានទេ គឺពលរដ្ឋត្រូវចូលរួមខ្លួនឯងដែរ»។
ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល លោក គួយ ប៊ុនធឿន មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ ក្នុងរដូវធ្លាក់ភ្លៀង គឺមន្ទីរសុខាភិបាលខេត្ត តែងតែផ្សព្វផ្សាយជូនប្រជាពលរដ្ឋ តាមរយៈមណ្ឌលសុខភាព ដើម្បីឱ្យពលរដ្ឋយល់ពីការទុកដាក់ និងគ្រោះថ្នាក់បណ្តាលមកពីជំងឺគ្រុនឈាម។ ក្នុងនោះមន្ទីរសុខាភិបាលក៏បានទទួលថ្នាំអាបេតពីក្រសួងសុខាភិបាលក្នុងការបន្តចែកជូនប្រជាពលរដ្ឋទៅតាមសហគមន៍ឱ្យដាក់ចូលទៅក្នុងទឹកពាង ដើម្បីសម្លាប់ដង្កូវទឹក កុំឱ្យកើតជាមូសខ្លា។
លោកថា៖ «នៅខេត្ត យើងមានការកើតជំងឺគ្រុនឈាមច្រើន ប៉ុន្តែមិនសូវធ្ងន់ធ្ងរទេ គឺកើតឡើងមួយៗនៅតាមតំបន់ផ្សេងៗគ្នា បើគិតពីខែមករា ដល់ចុងខែឧសភា មានជំងឺគ្រុនឈាមចំនួន ១៨៤ ករណី ប៉ុន្តែមិនមានអ្នកស្លាប់ទេ»។
បើតាម លោក លាង ឫទ្ធា បច្ចុប្បន្ននេះ ក្រសួងសុខាភិបាលបានត្រៀមវិធានការ ដោយត្រៀមសេរ៉ូម ៧ ម៉ឺនប្លោកជារៀងរាល់ឆ្នាំ ថ្នាំបាញ់ ៩ ពាន់លីត្រ អាបេតជិត ២០០ តោន និងសល់ពីឆ្នាំមុនជាង ២០០ តោន សរុប ៤០០ តោន ដើម្បីប្រើប្រាស់ទប់ទល់បង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម៕
វីដេអូ៖