ភ្នំពេញៈ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) លោក ប្រាជ្ញ ចន្ទ អំពាវនាវឱ្យពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ ២០២១ ត្រៀមខ្លួននិងអត្តសញ្ញាណប័ណ្ណសញ្ជាតិ-ខ្មែរ (អ.ខ.) ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណ (ឯ.អ.) បម្រើឱ្យការបោះឆ្នោត ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ នាថ្ងៃអាទិត្យទី ៥ មិថុនា ឆ្នាំ ២០២២ ចាប់ពីម៉ោង ៧:០០ ព្រឹក ដល់ម៉ោង ៣:០០ រសៀល។
លិខិតអំពាវនាវរបស់លោក ប្រាជ្ញ ច័ន្ទ កាលពីថ្ងៃទី ៣១ ឧសភា បានសរសេរថា ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ ២០២១ ដែលបានប្រើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ហើយមិនទាន់មាន អ.ខ. អស់សុពលភាព ឬមិនទាន់ទទួលបាន ឬបាត់ ឬខូច ឬកែតម្រូវ សូមប្រញាប់រួសរាន់ ទៅស្នើសុំ ឯ.អ. ពីគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត និងអាជ្ញាធរឃុំ-សង្កាត់នៃឃុំ-សង្កាត់ ដែលខ្លួនត្រូវទៅបោះឆ្នោតឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២ វេលាម៉ោង ៥:៣០ នាទីល្ងាច។
លោកប្រាជ្ញ ចន្ទ សរសេរថា៖ «គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសូមឱ្យប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០២១ ទាំងអស់ មេត្តាអញ្ជើញទៅបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោត តាមកាលបរិច្ឆេទ និងពេលវេលាកំណត់ខាងលើឱ្យបានគ្រប់ៗគ្នា»។
លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប. ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១ ខែមិថុនាថា ជាធម្មតា នៅមុនការបោះឆ្នោតមកដល់ និងក្នុងអំឡុងពេលនៃការរៀបចំការបោះឆ្នោត គ.ជ.ប. តែងតែអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញពួកគាត់ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
លោកថា សារអំពាវនាវរបស់លោក ប្រាជ្ញ ចន្ទ ក៏ត្រូវបានចម្លងចែកជូនទៅគណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោតទាំង ២៥ យកទៅផ្សព្វផ្សាយតាមវិទ្យុរាជធានី-ខេត្តរៀងៗខ្លួន។ ទន្ទឹមគ្នានេះ គជប ក៏មានផូស្ទ័រ និងខិត្តប័ណ្ណបិទផ្សាយ ដើម្បីឱ្យប្រជាពលរដ្ឋដឹងអំពីកាលបរិច្ឆេទនៃការបោះឆ្នោត និងដឹងអំពីឯកសារដែលគាត់បោះឆ្នោត។
លោកថ្លែងថា៖ «នៅមុនការបោះឆ្នោត ៣ ថ្ងៃ យើងមានកម្មវិធីផ្សព្វផ្សាយតាមឧគ្ឃោសនស័ព្ទ ឬឧបករណ៍បំពងសំឡេងចល័តសម្រាប់ឃុំ-សង្កាត់នីមួយៗ ដើម្បីផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតនៃឃុំសង្កាត់ទាំងអស់នោះ អញ្ជើញទៅបោះឆ្នោត។ អ៊ីចឹងទេ! យើងប្រើគ្រប់រូបភាព និងមធ្យោបាយឱ្យប្រជាពលរដ្ឋបានដឹងពីកាលបរិច្ឆេទនៃការបោះឆ្នោតនេះ»។
ពាក់ព័ន្ធនឹងការបោះឆ្នោតនេះដែរ លោក ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានៅស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី ៣១ ខែឧសភា បានព្យាករថា ក្នុងចំណោមអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ជាង ១ ម៉ឺន គណបក្សប្រជាជនកម្ពុជានឹងទទួលបានពី ៨ ពាន់ ទៅ ជាង ៩ ពាន់អាសនៈនៅទូទាំងប្រទេស។
លោកថ្លែងថា៖ «ឥឡូវនេះ មានអ្នកទស្សន៍ទាយថា តាមការសិក្សាតាមតួលេខជាបន្តបន្ទាប់ តាំងពីការបោះឆ្នោតដំបូងឆ្នាំ ៩៣ មករហូតដល់បច្ចុប្បន្ននេះ គឺក្នុងចំណោមអាសនៈដែលមានទាំងអស់ ១ ម៉ឺន ១ ពាន់ជាងអាសនៈ គណបក្សប្រជាជនកម្ពុជាអាចទទួលបានក្នុងចន្លោះពី ៨ ពាន់ ទៅ ៩ ៥០០ អាសនៈ ហើយគណបក្សមួយនោះបានប្រហាក់ប្រហែល ២ ពាន់នៅទូទាំងប្រទេស មិនមែននៅកន្លែងណាមួយ។ នេះ គឺជាការទស្សន៍ទាយទេ»។
លោកបន្តថា តាមរយៈការទស្សន៍ទាយនេះ គណបក្សប្រជាជនកម្ពុជានៅតែជាអ្នកនាំមុខ និងទទួលបានជោគជ័យចំពោះការបោះឆ្នោតនៅពេលខាងមុខ ដែលនេះបង្ហាញថា ប្រជាពលរដ្ឋនៅតែផ្តល់ជំនឿទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជាដដែល។ លោក ស ខេង បញ្ជាក់ថា តាមច្បាប់ជាតិ និងច្បាប់បោះឆ្នោត គឺអនុញ្ញាតឱ្យមានការស្ទង់មតិ ឬព្យាករ ប៉ុន្តែយន្តការនៃការស្ទាបស្ទង់នោះត្រូវតែអព្យាក្រឹត មិនលម្អៀង និងជាអង្គការវិជ្ជាជីវៈ។
ទោះជាយ៉ាងណា លោកថ្លែងថា៖ «ខ្ញុំនិយាយអម្បាញ់មិញនេះ ក្នុងនាមជាអ្នកនយោបាយ ប៉ុន្តែខ្ញុំបានស្រង់ព័ត៌មានពីអ្នកស្រាវជ្រាវ គេថាទេ ហើយក៏មិនមែនជាព័ត៌មានផ្លូវការទេ។ យ៉ាងណាក៏ដោយ ក៏បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជានៅតែនាំមុខ សំឡេងគាំទ្រ។ នេះ គឺជាសច្ចធម៌ដែលបានបំពេញបេសកកម្ម ដើម្បីបុព្វហេតុប្រទេសជាតិតាំងពីដើមរហូតមកទល់បច្ចុប្បន្ននេះ»។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១ ខែមិថុនាថា គណបក្សភ្លើងទៀនជាគណបក្សធំទី ២ និងមានការគាំទ្រច្រើន មិនចាញ់គណបក្សកាន់អំណាចនោះទេ។ ដូច្នេះ តាមការសង្កេតមើលការបោះឆ្នោតកន្លងមក ប្រជាពលរដ្ឋជ្រើសរើសយកតែគណបក្ស ២ ឬ ៣ ទេ សម្រាប់ការបោះឆ្នោត ដែលក្នុងចំណោមនោះគណបក្សភ្លើងទៀន ក៏នឹងទទួលបានការចាប់អារម្មណ៍ច្រើន។
លោក ឡឹក សុធារ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១ ខែមិថុនាថា ការលើកឡើងរបស់លោក ស ខេង គ្រាន់តែជាវោហារស័ព្ទ និងចិត្តសាស្ត្រនយោបាយមួយប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលជាការព្យាកររបស់លោកវិញ គឺគណបក្សក្រៅរដ្ឋាភិបាលនឹងដណ្តើមបានអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ប្រមាណពី ៥០ ទៅ ៦០% នៃអាសនៈសរុប ព្រោះលោកថា ឃើញទំនោររបស់ប្រជាពលរដ្ឋបង្ហាញពីការផ្លាស់ប្តូរច្រើន។
លោកថ្លែងថា៖ «មូលហេតុដែលខ្ញុំព្យាករបែបនេះ ដោយសារតែ តាមរយៈនៃការចុះផ្សព្វផ្សាយរបស់ខ្ញុំគឺថាទំនោរនៃការផ្លាស់ប្តូរ គឺខ្ពស់មែនទែន គ្រាន់តែខ្ញុំមិនច្បាស់ថា ប្តូរទៅគណបក្សណា ប៉ុនណា»។
បើតាមលោក សោម សូរីដា អាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ ២០២២ នេះមានចំនួន ១១ ០២២ អាសនៈ សម្រាប់ឃុំ-សង្កាត់ ១ ៦៥២ នៅទូទាំងប្រទេស។ ទោះជាយ៉ាងណា លោកមិនមានយោបល់ ជុំវិញការស្ទង់មតិ និងការព្យាកររបស់គណបក្សនយោបាយនេះទេ។ គជប ជាស្ថាប័នត្រូវអនុវត្តការបោះឆ្នោតឱ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌តែប៉ុណ្ណោះ និងប្រកាសលទ្ធផលទៅតាមអ្វីដែលគណបក្សនយោបាយទទួលបានពីប្រជាពលរដ្ឋ៕