អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានធ្វើការកោតសរសើរយ៉ាងខ្លាំងចំពោះមន្ត្រីរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ ១៩ ជាមួយនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រហូតទទួលបានជោគជ័យ ដែលធ្វើឱ្យជំងឺកូវីដ ១៩ ក្នុងរយៈពេល ២៧ ថ្ងៃនេះ មិនមាននៅកម្ពុជា។
លោកបានលើកឡើងបែបនេះក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ០២ ខែមិថុនា នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ «ភាពជោគជ័យទៅលើការគ្រប់គ្រងជំងឺកូវីដ គឺពិតជាមានការចូលរួមចំណែកមិនអាចខ្វះបានពីបងប្អូនមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បើទោះបីបងប្អូនមួយចំនួនបានឆ្លងនូវជំងឺកាចសាហាវនេះក៏ដោយ ក៏បងប្អូនមិនរុញរា តស៊ូជាមួយរាជរដ្ឋាភិបាលរហូតទទួលបានជោគជ័យ ដែលបានធ្វើឱ្យប្រទេសជាតិវិលទៅរកប្រក្រតីភាពជាធម្មតាឡើងវិញ»។
អភិបាលក្រុងរូបនេះក៏បានថ្លែងនូវការកោតសរសើរចំពោះមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញផងដែរ ដែលបានបម្រើសេវាយ៉ាងល្អជូនប្រជាពលរដ្ឋ ហើយលោកក៏បានស្នើឱ្យបន្តខិតខំបម្រើសេវានេះ ឱ្យកាន់តែល្អបន្ថែមទៀត៕