ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ ថាប្រទេសកម្ពុជាដែលធ្លាប់តែល្បីល្បាញអំពីការធ្វើសង្គ្រាម និងប្រល័យពូជសាសន៍បានប្រែក្លាយជាប្រទេសប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត។
លោកថ្លែងដូច្នេះនាថ្ងៃទី ៤ ខែមិថុនា ក្នុងជំនួបជាមួយអ្នកសង្កេតការណ៍អន្តរជាតិដែលមកសង្កេតការណ៍ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ នៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ៥ ខែមិថុនា។
ហ្វេសប៊ុកលោកនាយរដ្ឋមន្ត្រីបានឱ្យដឹងក្រោយជំនួបនេះថា៖ «សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះប្រតិភូសង្កេតការណ៍ទាំងអស់ ដែលបានមកធ្វើការសង្កេតការណ៍ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលនេះ ដោយសង្កេតមើលដំណើរការលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសមួយ ដែលធ្លាប់តែល្បីល្បាញអំពីការធ្វើសង្គ្រាម ការកាប់សម្លាប់ប្រល័យពូជសាសន៍ ប្រែក្លាយជាប្រទេសប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត»។
ហ្វេសប៊ុកលោកនាយរដ្ឋមន្ត្រីបន្តថា ក្នុងជំនួបនេះប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (Centrist Democrat International) ដែលដឹកនាំដោយលោក Andres Pastrana និងប្រតិភូទាំង ១១ ក្រុមផ្សេងទៀត រួមទាំងប្រតិភូខ្មែរសញ្ជាតិបរទេសមកពីប្រទេសអូស្ត្រាលី និងកូរ៉េខាងត្បូងបានជូនពរឱ្យការបោះឆ្នោតនេះដំណើរការបានល្អ មានសុវត្ថិភាព និងគ្មានអំពើហិង្សា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំឭកថា កម្ពុជាបានឆ្លងកាត់សង្គ្រាម និងរបបប្រល័យពូជសាសន៍ ដោយសម្លាប់ប្រជាជនកម្ពុជាអស់ជាង ៣ លាននាក់។ ពេលដែលលោកចូលមកភ្នំពេញដំបូង លោកបានជួបប្រជាជនតែ៧០នាក់ប៉ុណ្ណោះ។ រាជធានីភ្នំពេញពេលនោះគឺជាវាលរហោឋាន មិនដូចភ្នំពេញនាពេលនេះទេ ដែលមានការកកស្ទះចរាចរណ៍ផង និងអគារខ្ពស់ផង។
លោកថ្លែងថា អង្គការសហប្រជាជាតិធ្លាប់បានបញ្ជូនកងទ័ពមួកខៀវមកកម្ពុជា តែពេលនេះ កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវក្រោមឆ័ត្រអង្គការសហប្រជាជាតិទៅប្រតិបត្តិការនៅប្រទេសដទៃ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់បានចាប់ផ្ដើមតាំងពីឆ្នាំ ២០០២ ដែលនេះជាការបោះឆ្នោតសកល ហើយការបោះឆ្នោតនេះ គឺជាការផ្ទេរអំណាចទៅថ្នាក់ក្រោមជាតិ ដើម្បីបោះឆ្នោតអសកលជ្រើសរើសក្រុមប្រឹក្សា ស្រុក ខេត្ត និងព្រឹទ្ធសភា។ ដំណើរការឃោសនាបោះឆ្នោត ១៤ ថ្ងៃកន្លងមកនេះមានភាពរលូនល្អ ដោយគ្មានអំពើហិង្សាទាំងពាក្យសម្ដី និងកាយវិការ៕