កណ្ដាលៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណតិ្តទី៥ នាព្រឹកថ្ងៃទី៥ ខែមិថុនានេះ នៅសាលាគរុកោសល្យ និងវិក្រឹតការ ក្រុងតាខ្មៅ ខេត្តកណ្តាល និងមានប្រជាពលរដ្ឋជាច្រើនរូបផងដែរ។
យោងតាមបណ្តាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ នេះ បានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទៅចូលរួមបោះឆ្នោតនៅសាលាគរុកោសល្យនិងវិក្រឹតការក្រុងតាខ្មៅ ខេត្តកណ្តាល។
លោក ហ៊ុន សែន បានសរសេរថា ៖ «ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ត្រូវចាប់ផ្តើមនៅព្រឹកនេះ ចាប់ផ្តើមពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៣រសៀល។ ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែងដោយបានដាក់បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់សរុប ៨៦ ០៩២នាក់ ស្ត្រី២៧ ៨១៣នាក់»។
លោកបានបន្តថា ដោយឡែកឃុំ-សង្កាត់ ក្នុងអាណត្តិទី៥នេះមានចំនួន១៦៥២ ហើយចំនួនក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ-សង្កាត់ទាំងអស់នេះមានចំនួន ១១ ៦២២រូប។
យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឱ្យដឹងថា ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ មានការិយាល័យបោះឆ្នោតសរុបចំនួន ២៣ ៦០២ការិយាល័យ។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩ ២០៥ ៦៨១នាក់ ស្មើនឹង ៨៧,៩៤ ភាគរយ នៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្ត្រីចំនួន ៤ ៩០៤ ៨៣២នាក់។
ដើម្បីធានាបាននូវតម្លាភាព និងយុត្តិធម៌នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ មានអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិសរុបជាង៧ពាន់នាក់ មកពី៧៦ស្ថាប័នបានចុះឈ្មោះចូលរួមសង្កេតដំណើរការបោះឆ្នោតនេះ។
មន្ត្រីជាន់ខ្ពស់ក្នុងរាជរដ្ឋាភិបាលរួមនឹងប្រជាពលរដ្ឋបានប្រើសិទ្ធិរបស់ខ្លួនក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាព្រឹកនេះ នៅទូទាំងប្រទេសផងដែរ៕