ភ្នំពេញៈ កម្ពុជា និងអាស៊ែបៃហ្សង់ (Azerbaijan) ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត ដែលជាការបើកផ្លូវដល់ការលើកស្ទួយកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យការទូតបន្ថែមទៀតរវាងប្រទេសទាំង២។
កាលពីថ្ងៃទី១ ខែមិថុនា លោកចែម វីឌ្យ៉ា រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងកម្ពុជា និងអាស៊ែបៃហ្សង់ លើកទី៣ នៅទីក្រុងបាគូ (Baku) ប្រទេសអាស៊ែបៃហ្សង់។ លោកត្រូវបានទទួលស្វាគមន៍ ដោយសមភាគី អាស៊ែបៃហ្សង់ គឺ លោក Elnur Israfil oglu Mammadov អនុរដ្ឋមន្ត្រីការបរទេសនៃប្រទេសអាស៊ែបៃហ្សង់។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់តាមរយៈហ្វេសប៊ុកនាថ្ងៃទី៣ ខែមិថុនា ថា កិច្ចពិគ្រោះយោបល់ទ្វេភាគីទាំង៣លើកនេះ គឺជាផ្លែផ្កា នៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅទីក្រុងបាគូ កាលពីឆ្នាំ២០១៤។
ភាគីទាំង ២ បានពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការទ្វេភាគីពេលបច្ចុប្បន្ន និងចែករំលែកព័ត៌មានពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិ ក៏ដូចជារៀបចំជាត្រីវិស័យ សម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងពេលអនាគត ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំង២។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា៖«ក្នុងឱកាសនៃកិច្ចពិគ្រោះយោបល់នេះផងដែរ ក៏មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត ដែលជាការបើកផ្លូវដល់ការលើកស្ទួយកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យការទូតបន្ថែមទៀត»។
នៅថ្ងៃដដែល លោកចែម វីឌ្យ៉ា ក៏បានជួបជាមួយលោកហ៊ីកម៉ាត ហាជីយ៉ែវ (Hikmat Farhad oglu Hajiyev) ទីប្រឹក្សាប្រធានាធិបតីអាស៊ែបៃហ្សង់ និងបានពិភាក្សាអំពីចំណុចជាប្រយោជន៍រួមនានា ដែលអាចជំរុញឱ្យកិច្ចសហប្រតិបត្តិការនៃប្រទេសទាំង២កើនឡើងទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ភាគីទាំង២ បានប្តេជ្ញាចិត្តពង្រីកចំណងមិត្តភាព រវាងកម្ពុជា និងអាស៊ែបៃហ្សង់ថែមទៀត។
លោក Mammadov បានសរសេរនៅលើ Twitter នាថ្ងៃទី១ ខែមិថុនា ថា លោកមានសេចក្តីសោមនស្សរីករាយក្នុងការទទួលស្វាគមន៍លោក ចែម វីឌ្យ៉ា សម្រាប់កិច្ចពិគ្រោះយោបល់នយោបាយជុំទី៣នៅទីក្រុងបាគូ។
លោកបានថ្លែងថា៖«[យើង] បានពិភាក្សាអំពីកិច្ចការអាទិភាពរបស់យើងក្នុងនាមជាប្រធានចលនាមិនចូលបក្សសម្ព័ន្ធរបស់ Azerbaijan និងក្នុងនាមជាប្រធានអាស៊ានរបស់កម្ពុជា។ [យើង] បានចុះហត្ថលេខាលើការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត»៕