ភ្នំពេញៈ ប្រទេសកម្ពុជាដែលធ្លាប់តែល្បីល្បាញអំពីការធ្វើសង្គ្រាម និងប្រល័យពូជសាសន៍បានប្រែក្លាយជាប្រទេសប្រជាធិបតេយ្យ ដែលធ្វើការជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោត។ នេះជាការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី ៤ ខែមិថុនា ក្នុងជំនួបជាមួយនឹងក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ដែលមកសង្កេតការណ៍ពីដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥។
អ្នកសង្កេតការណ៍អន្តរជាតិដែលបានអញ្ជើញមកចូលរួមសង្កេតការណ៍ពីដំណើរការបោះឆ្នោតនៅកម្ពុជាមានដូចជាអង្គការ CDI, CAPDI, ICAPP, IPTP និង AIPA ជាដើម។ ប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិនេះ ពួកគេអញ្ជើញចុះទៅតាមមណ្ឌលបោះឆ្នោតនានា ដើម្បីសង្កេត និងវាយតម្លៃដោយផ្ទាល់ពីដំណើរការបោះឆ្នោតនៅកម្ពុជានាថ្ងៃទី ៥ មិថុនា ឆ្នាំ ២០២២។
ក្នុងជំនួបនេះ លោក Andres Pastrana និងប្រតិភូទាំង ១១ ក្រុម រួមទាំងប្រតិភូខ្មែរសញ្ជាតិបរទេសមកពីប្រទេសអូស្ត្រាលី និងកូរ៉េ បានគោរពសម្ដែងនូវអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអញ្ជើញប្រតិភូទាំងអស់មកសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅពេលនេះ។
នាឱកាសនោះ លោក ហ៊ុន សែន ក៏បានថ្លែងអំណរគុណជូនចំពោះប្រតិភូសង្កេតការណ៍ទាំងអស់ ដែលបានមកធ្វើការសង្កេតការណ៍ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាពេលនេះ ដោយសង្កេតមើលដំណើរការលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសមួយ ដែលធ្លាប់តែល្បីល្បាញអំពីការធ្វើសង្គ្រាម ការកាប់សម្លាប់ប្រល័យពូជសាសន៍ ប្រែក្លាយជាប្រទេសប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត។
លោកបានលើកឡើងថា៖ «ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ចាប់ផ្ដើមតាំងពីឆ្នាំ ២០០២ ដែលនេះជាការបោះឆ្នោតសកល ហើយការបោះឆ្នោតនេះ គឺជាការផ្ទេរអំណាចទៅថ្នាក់ក្រោមជាតិ ដើម្បីបោះឆ្នោតអសកលជ្រើសរើសក្រុមប្រឹក្សា ស្រុក ខេត្ត ព្រឹទ្ធសភា»។ លោក ហ៊ុន សែន ក៏បានប្រាប់ប្រតិភូអំពីភាពជោគជ័យនៃការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ ១៩ ដែលមកដល់ពេលនេះ កម្ពុជាមិនមានការឆ្លងរយៈពេលជិត ៣០ ថ្ងៃហើយ ហើយលើសពីនោះទៀត ការដំណើរការឃោសនាបោះឆ្នោត ១៤ ថ្ងៃកន្លងមកនេះ គឺមាន ភាពរលូនល្អ គ្មានអំពើហិង្សា ទាំងពាក្យសម្ដី ទាំងកាយវិការ។
កាលពីថ្ងៃទី ៣ មិថុនា លោក ហ៊ុន សែន បានធ្វើការកោតសរសើរ និងអរគុណចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៤ កន្លងទៅដែលនឹងត្រូវផុតអាណត្តិក្នុងពេលឆាប់ៗខាងមុខនេះ ដែលពួកគាត់ «បានខិតខំ ប្រឹងប្រែងការពារ និងបម្រើប្រជាពលរដ្ឋបានល្អណាស់» ជាពិសេសអំឡុងពេលនៃការប្រយុទ្ធជាមួយនឹងវីរុសកូវីដ-១៩ រួមនឹងការចាក់វ៉ាក់សាំងកូវីដ ១៩ នៅតាមភូមិ ឃុំ ផងដែរ។ លោក ហ៊ុន សែន បានថ្លែងនាថ្ងៃទី ០៣ ខែមិថុនា ថាថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបម្រើដល់ប្រជាពលរដ្ឋយ៉ាងខ្លាំងក្លា ក្នុងអំឡុងពេលកម្ពុជាមានជំនន់ជន់លិចនៅតាមបណ្តាខេត្តមួយចំនួនរួមនឹងរាជធានីភ្នំពេញផងដែរ។ លោកថា៖ «ការបិទខ្ទប់នៅតាមតំបន់ខ្លះ ដោយសារការរីករាលនៃជំងឺកូវីដ ១៩ តម្រូវឱ្យអាជ្ញាធរថ្នាក់មូលដ្ឋានឃុំ ធ្វើសកម្មភាពយ៉ាងច្រើនដើម្បីបម្រើដល់ប្រជាពលរដ្ឋ។ ទាំងនេះជាការមិនអាចបំភ្លេចបាននូវគុណបំណាច់ ដែលបងប្អូនបានលះបង់បានធ្វើនាពេលកន្លងទៅនេះ»។ លោក ហ៊ុន សែន បន្ថែមថា កំហុសឆ្គងខ្លះបានកើតមានឡើងដោយចៀសមិនរួច ប៉ុន្តែកំហុសនោះ បើប្រៀបធៀបជាមួយនឹងគុណសម្បត្តិដែលក្រុមប្រឹក្សាឃុំ សង្កាត់ បានធ្វើនាពេលកន្លងទៅគឺមានគុណធំធេង លើសលប់ ប្រៀបធៀបទៅនឹងគុណវិបត្តិដែលកើតមានដោយអន្លើ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំសុំអរគុណចំពោះសមាជិកសមាជិការក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ ដែលបានធ្វើកិច្ចការដ៏ល្អក្នុងរយៈពេលកន្លងទៅនេះ ហើយខ្ញុំក៏នៅតែទុកចិត្តទៅលើក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងនៅតែបន្តអាណត្តិបន្តយកចិត្តទុកដាក់ មើលប្រជាពលរដ្ឋទៀត»។ ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យមានការពិនិត្យលើការប្រើប្រាស់គ្រឿងស្រវឹង មុនពេល និងថ្ងៃបោះឆ្នោត និងវិធានការសុខាភិបាល ៣ កុំ និង ៣ ការពារផងដែរ។ លោក ក៏បានថ្លែងអំណរគុណដល់គ្រប់បណ្តាគណបក្សនយោបាយទាំងអស់ ដែលបានចូលរួមអនុវត្តច្បាប់តាមរយៈនៃការរៀបចំដំណើរការតាមច្បាប់បោះឆ្នោត និងការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោកថា៖ «សង្ឃឹមថា បណ្តាគណបក្សនយោបាយទាំងអស់នឹងចូលរួមជាមួយគ្នា ដើម្បីជោគជ័យនៃដំណើរការ ប្រជាធិបតេយ្យ សេរីពហុបក្ស នៅក្នុងប្រទេសរបស់យើងនៅថ្ងៃអាទិត្យខាងមុខនេះ (៥ មិថុនា) ហើយសង្ឃឹមថា យើងទាំងអស់គ្នាទទួលយកលទ្ធផលនៃការបោះឆ្នោតដែលប្រជាជននឹងផ្តល់សម្រាប់យើង»។
លោកស្រី គង់ សុភាព មេឃុំរហាត់ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃទី ៥ ខែមិថុនា ដែលជាថ្ងៃនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ថា លោកស្រីសប្បាយចិត្តក្នុងការបំពេញតួនាទីជាមេឃុំរហាត់ទឹកនេះ ដោយលោកស្រីបានជួយប្រជាពលរដ្ឋ ជួយដល់ប្រទេសជាតិរបស់លោកស្រីផងដែរ។
លោកស្រីបានថ្លែងថា៖ «ក្នុងអំឡុងពេលដែលប្រទេសយើងជួបនឹងផលលំបាកខ្លាំងក្នុងពេលនៃការរីករាលដាលពីជំងឺកូវីដ-១៩ គឺជាពេលវេលាមួយ ដែលគ្រប់គ្នាជួបទុក្ខធុរៈមិនថាតែពលរដ្ឋ អាជ្ញាធរនោះទេ គឺថ្នាក់ដឹកនាំជួបការលំបាកជាងគេ ប៉ុន្តែក្នុងនាមជាអាណាព្យាបាលប្រជាពលរដ្ឋយើងជួយពួកគាត់ដោយមិនខ្លាចនឿយហត់ឡើយ»។
លោកស្រី គង់ សុភាព អះអាងថា លោកស្រីបានបំពេញការងារជាមួយប្រជាពលរដ្ឋដោយមិនដែលគិតពីម៉ោងការងាររដ្ឋបាលឡើយ ដោយធ្វើយ៉ាងណាត្រូវការពារ និងជួយដោះស្រាយពីទុក្ខលំបាករបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕