ភ្នំពេញៈ អង្គការសម្ព័ន្ធសន្តិភាពសកល (UPF) របស់កូរ៉េខាងត្បូង ស្នើសុំទស្សនៈពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីធ្វើយ៉ាងណាឱ្យសម្ព័ន្ធសន្តិភាពសកល ដើរតួនាទីកាន់តែសំខាន់ក្នុងការស្វែងរកសន្តិភាពសម្រាប់ពិភពលោក។ នេះបើតាមហ្វេសប៊ុកលោក ហ៊ុន សែន។
ការស្នើសុំនេះធ្វើឡើងក្នុងជំនួបនាថ្ងៃទី ៤ ខែមិថុនា រវាងលោក ហ៊ុន សែន និងលោក យុន យ៉ុង ហូ (Yun Young Ho) អគ្គនាយកអង្គការ UPF ក្នុងឱកាសដែលលោកមកប្រទេសកម្ពុជានាពេលនេះ ដើម្បីចូលរួមសង្កេតដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់។
បើតាមហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រី លោក Yun Young Ho លើកឡើងថា តាមរយៈប្រវត្តិរូបរបស់លោក ហ៊ុន សែន ដែលបានផ្សព្វផ្សាយនៅក្នុងពេលនៃការទទួលពានរង្វាន់ស៊ុនហាក់ ក្នុងប្រទេសកូរ៉េខាងត្បូងកាលពីពេលកន្លងទៅ បានធ្វើឱ្យមានការចាប់អារម្មណ៍ និងស្ញប់ស្ញែងយ៉ាងខ្លាំងនៅទូទាំងពិភពលោក។
ហ្វេសប៊ុកដដែលបានដកស្រង់សម្តីលោក Yun Young Ho ថា លោក ហ៊ុន សែន បានឆ្លងកាត់ និងជម្នះនូវរាល់បញ្ហាយ៉ាងច្រើន ដើម្បីរំដោះកម្ពុជាពីរបបប្រល័យពូជសាសន៍ បញ្ចប់សង្គ្រាមផ្ទៃក្នុង និងនាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសជម្នះបាននូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងដំណើរការនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត។
ហ្វេសប៊ុកដដែលបញ្ជាក់ថា៖ «ឯកឧត្តម [លោក Yun Young Ho] បានសុំនូវទស្សនៈរបស់សម្តេចតេជោធ្វើយ៉ាងណាឱ្យសម្ព័ន្ធសន្តិភាពសកលដើរតួនាទីកាន់តែសំខាន់ក្នុងការស្វែងរកសន្តិភាពសម្រាប់ពិភពលោក»។
លោក ហ៊ុន សែន បានអរគុណលោក Yun Young Ho ដែលបានមកចូលរួមសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជា ដែលជាកត្តាជំរុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកស្នើឱ្យមានការជួបជុំគ្នារវាងឥស្សរជនជាន់ខ្ពស់ និងអ្នកវាយតម្លៃ ធ្វើការសម្របសម្រួល ធ្វើការជាមួយអង្គការផ្សេងៗលើបញ្ហាសន្តិភាព មិនសម្រាប់តែអាស៊ីប៉ាស៊ីហ្វិកទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូល ជាពិសេសចូលរួមចំណែកក្នុងកិច្ចការពិភពលោកក្នុងពេលបច្ចុប្បន្ន។
ក្នុងពិធីបើកកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ ២០២២ កាលពីខែកុម្ភៈ ដែលរៀបចំដោយអង្គការ UPF នៅចំពោះមុខថ្នាក់ដឹកនាំកំពូលៗ និងអ្នកជំនាញមកពីជាង ១០០ ប្រទេស លោក ហ៊ុន សែន បានចែករំលែកបទពិសោធរបស់កម្ពុជា ក្នុងការស្វែងរកសន្តិភាព ការកសាងសន្តិភាព និងការផ្សះផ្សាជាតិ ដោយលោកលើកឡើងថា សង្គ្រាមមិនអាចបញ្ចប់សង្គ្រាមបានទេតែត្រូវជំរុញឱ្យមានកិច្ចសន្ទនាដោយសន្តិវិធី និងការចរចាឈ្នះ ឈ្នះ ដើម្បីបញ្ចប់សង្គ្រាម។
កាលខែកុម្ភៈនោះដែរអង្គការ UPF បានប្រគល់ពានរង្វាន់សន្តិភាពស៊ុនហាក់ ដល់លោក ហ៊ុន សែន ដែលជាពានរង្វាន់អន្តរជាតិ សម្រាប់បុគ្គលដែលបានធ្វើពលិកម្មអាយុជីវិត ដើម្បីបុព្វហេតុ សន្តិភាព និងបានបំផុសគំនិតមនុស្សជាតិឱ្យស្វែងរកសន្តិភាពពិភពលោក។
អង្គការ UPF បានទទួលស្គាល់លោក ហ៊ុន សែន ចំពោះកិច្ចខិតខំប្រឹងប្រែងអស់ ១ ជីវិត និងសមិទ្ធផលក្នុងការបញ្ចប់សង្គ្រាមស៊ីវិល ដែលអូសបន្លាយអស់ជាច្រើនទសវត្សរ៍ និងការបង្កើតសន្តិភាពពេញលេញនៅកម្ពុជា៕