ភ្នំពេញៈ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (កកជ) សហការជាមួយកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ រៀបចំកម្មវិធីសម្ពោធផ្សព្វផ្សាយយុទ្ធសាស្ត្រស្តីពីបណ្ដាញធុរកិច្ចនៃចលនាបង្កើនអាហារូបត្ថម្ភកាលពីចុងខែឧសភា តាមរយៈប្រព័ន្ធវីដេអូ Zoom ដែលមានអ្នកចូលរួមប្រមាណ ១១៥ នាក់។
យោងតាមការិយាល័យប្រព័ន្ធព័ត៌មានសន្តិសុខស្បៀង និងអាហារូបត្ថម្ភកម្ពុជា បានឱ្យដឹងកាលពីចុងខែឧសភាកន្លងទៅនេះ ថា យុទ្ធសាស្ត្រស្តីពីបណ្ដាញធុរកិច្ចនៃចលនាបង្កើនអាហារូបត្ថម្ភត្រូវបានសម្ពោធផ្សព្វផ្សាយ ដោយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដោយមានការសហការជាមួយកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ។
លោក សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាអ្នកសម្របសម្រួលប្រចាំប្រទេសនៃចលនាបង្កើនអាហារូបត្ថម្ភកម្ពុជា បានលើកឡើងថា ចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជាមានបណ្តាញសំខាន់ចំនួន ៤។ បណ្តាញទាំងនោះមានបណ្តាញអង្គការសហប្រជាជាតិ ដឹកនាំសម្របសម្រួលដោយកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ។ បណ្តាញម្ចាស់ជំនួយ ដែលដឹកនាំសម្របសម្រួលដោយតំណាងស្ថានទូតសហព័ន្ធអាល្លឺម៉ង់។ បណ្តាញសម្ព័ន្ធអង្គការសង្គមស៊ីវិល ដឹកនាំសម្របសម្រួល ដោយអង្គការ FIDR និងបណ្តាញធុរកិច្ច ដែលបង្កើតដោយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។
លោក សុខ ស៊ីឡូ បានបញ្ជាក់ថា៖ «បណ្តាញធុរកិច្ចនៃចលនាបង្កើនអាហារូបត្ថម្ភ គឺជាវេទិកាសម្រាប់វិស័យឯកជនក្នុងការចូលរួមលើកកម្ពស់អាហារូបត្ថម្ភ តាមរយៈការប្តេជ្ញាចិត្ត ការវិនិយោគ ការជួបជុំពិភាក្សាផ្លាស់ប្តូរបទពិសោធ និងគំនិតផ្តួចផ្តើមថ្មីៗ និងបំផុសតួអង្គដទៃទៀតឱ្យចូលរួមជាមួយ»។
បណ្តាញនេះ ក៏ជាវេទិកា ដើម្បីរៀនសូត្រពីគ្នាទៅវិញទៅមក និងពីអ្នកជំនាញនានា ដើម្បីកែលម្អប្រតិបត្តិការ និងដំណើរការអាជីវកម្មរបស់ខ្លួន។ ការចូលរួមរបស់វិស័យឯកជនមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់អាហារូបត្ថម្ភ និងរបបអាហារសុខភាពប្រកបដោយចីរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
ការិយាល័យប្រព័ន្ធព័ត៌មានសន្តិសុខស្បៀង និងអាហារូបត្ថម្ភកម្ពុជាក៏បានលើកឡើងដែរថា វិស័យឯកជនមានវត្តមាន និងទំនាក់ទំនងនៅគ្រប់ដំណាក់កាលទាំងអស់នៃប្រព័ន្ធស្បៀង រាប់ពីផលិតកម្មស្បៀង ខ្សែចង្វាក់ផ្គត់ផ្គង់ ការកែច្នៃ ការបង្កើតផលិតផលថ្មី និងការធ្វើទីផ្សារផលិតផល។
ប្រភពដដែលបន្តថា៖ «ខ្សែចង្វាក់ផ្គត់ផ្គង់ស្បៀងអាហារ បរិស្ថានស្បៀងអាហារ និងឥរិយាបថអ្នកបរិភោគ មានទំនាក់ទំនងប្រទាក់ក្រឡាគ្នា និងផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយវិស័យឯកជន ដែលទំនាក់ទំនងនេះមានឥទ្ធិពលយ៉ាងខ្លាំងដល់គុណភាពរបបអាហារ និងអាហារូបត្ថម្ភ»។
វិស័យឯកជនមានតួនាទីសំខាន់ណាស់ក្នុងការលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា តាមរយៈសកម្មភាពផលិតម្ហូបអាហារដ៏សម្បូរបែប ចម្រុះមុខអាហារ។ មានអាហារូបត្ថម្ភល្អ មានសុវត្ថិភាព និងមានតម្លៃសមរម្យ ដែលអាចរកបានគ្រប់ទីកន្លែង ក៏ដូចជាការផ្គត់ផ្គង់នូវសម្ភារ ឬការផ្តល់នូវសេវាកម្មនានា ដែលជួយលើកកម្ពស់ការអនុវត្តវិធានអនាម័យ និងលើកកម្ពស់សុខុមាលភាពមនុស្សទូទៅ។ កត្តាទាំងនេះជះផលវិជ្ជមានដល់លទ្ធផលអាហារូបត្ថម្ភ។
លើសពីនេះវិស័យឯកជនមួយចំនួនបានចាប់ផ្តើមធ្វើការបញ្ចូលមីក្រូសារជាតិក្នុងអាហារមូលដ្ឋានសម្រាប់បរិភោគប្រចាំថ្ងៃ ដូចជា អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ អំបិលអ៊ីយ៉ូដជាដើម។ កិច្ចការនេះគឺជាកិច្ចអន្តរាគមន៍មួយដ៏សំខាន់មានប្រសិទ្ធភាពខ្ពស់ ចំណាយតិច ចំណេញពេលវេលា និងអាចជួយលើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភ និងផលិតភាពការងាររបស់ប្រជាជន។
ការិយាល័យប្រព័ន្ធព័ត៌មានសន្តិសុខស្បៀង និងអាហារូបត្ថម្ភកម្ពុជាបញ្ជាក់ថា៖ «ការអនុវត្តនូវកម្មវិធីអាហារូបត្ថម្ភនៅកន្លែងការងារ ជាពិសេសសម្រាប់ក្រុមហ៊ុន ដែលមានកម្លាំងពលកម្មច្រើន ដូចជារោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងជាដើម ពិតជាមានសារៈសំខាន់ដល់ការលើកកម្ពស់សុខភាព និងប្រសិទ្ធភាពការងារ»៕