ភ្នំពេញៈ គិតត្រឹមថ្ងៃដំបូងនៃថ្ងៃបើកយុទ្ធនាការ «១ ម៉ឺនរៀល- ១ ម៉ឺននាក់» សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា មូលនិធិគន្ធបុប្ផាកម្ពុជាបានទទួលថវិកាបរិច្ចាគជិត ១០ ម៉ឺនដុល្លារ។ នេះបើតាម ហ្វេសប៊ុកមូលនិធិគន្ធបុប្ផាកម្ពុជា។
មូលនិធិគន្ធបុប្ផាកម្ពុជាអំពាវនាវដល់សប្បុរសជនទាំងអស់បន្តចូលរួមយុទ្ធនាការនេះរហូតដល់ថ្ងៃទី ៣០ ខែមិថុនា។ មូលនិធិគន្ធបុប្ផាបញ្ជាក់លើហ្វេសប៊ុកនាថ្ងៃទី ៣ ខែមិថុនា ថា៖ «មូលនិធិគន្ធបុប្ផាកម្ពុជា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលតែងតែបរិច្ចាគចូលរួមបន្តនិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ ទីតាំងនៅទូទាំងប្រទេស»។
មូលនិធិគន្ធបុប្ផាកម្ពុជាបានបើកយុទ្ធនាការនេះរយៈពេល ១ ខែ ដោយចាប់ផ្តើមក្នុងថ្ងៃទិវាកុមារអន្តរជាតិ ១ មិថុនា ដើម្បីបំផុសស្មារតីខ្មែរ-ជួយខ្មែរចូលរួមបរិច្ចាគថវិកាឱ្យបាន ១ ម៉ឺនរៀលក្នុងម្នាក់ ១ ម៉ឺននាក់ ដើម្បីជួយដល់កិច្ចដំណើរការមន្ទីរពេទ្យគន្ធបុប្ផាបន្តទៀត។
លោក ចន ណារិទ្ធ ប្រធានលេខាធិការដ្ឋាន មូលនិធិគន្ធបុប្ផាកម្ពុជាថ្លែងថា សកម្មភាពនៃការបរិច្ចាគគឺមានការផុលផុសច្រើនលើសពីការរំពឹងទុក ដែលដើមឡើយមូលនិធិគន្ធបុប្ផាកម្ពុជារំពឹងថា នឹងទទួលបានចំនួនតែ ២៥ ០០០ ដុល្លារតែប៉ុណ្ណោះសម្រាប់យុទ្ធនាការ ៣០ ថ្ងៃនេះប៉ុន្តែជាក់ស្តែងមូលនិធិនេះទទួលបានការបរិច្ចាគចំនួនជិត ១០ ម៉ឺនដុល្លារ នៅថ្ងៃដំបូងនៃយុទ្ធនាការនេះ។
បន្ទាប់ពីបញ្ចប់យុទ្ធនាការនេះ មូលនិធិគន្ធបុប្ផាកម្ពុជានៅតែទទួលស្វាគមន៍ការបរិច្ចាគពីសប្បុរសជនគ្រប់ទិសទីទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយសារតែមូលនិធិនេះ បច្ចុប្បន្ននៅមានសមាជិក ២ សំខាន់ៗគឺសមាជិកកិត្តិយសដែលសំដៅលើអ្នកបរិច្ចាគប្រចាំឆ្នាំក្នុង ១ ឆ្នាំ៥ ០០០ ដុល្លារ និងសមាជិកគាំទ្រ បរិច្ចាគ ៥ ០០០ រៀលក្នុង ១ ខែ ឬក៏ ៦ ម៉ឺនរៀល ក្នុង ១ ឆ្នាំ៕
វីដេអូ៖