ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញបានក្រើនរំឭកពលរដ្ឋដែលខកខានបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងឱ្យរួសរាន់ទៅបង់ប្រាក់យ៉ាងយូរបំផុតត្រឹមថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២២ បើពុំនោះទេ នឹងប្រឈមការកត់ត្រាជាបំណុល ឬការបិទអាជីវកម្មជាដើម។
តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី ១ ខែមិថុនា ដែល ភ្នំពេញ ប៉ុស្ដិ៍ ទទួលបាននៅថ្ងៃទី ៦ មិថុនា បានឱ្យដឹងថា ចំពោះបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជនទាំងអស់ដែលខកខានមិនបានបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនៅរាជធានីភ្នំពេញក្នុងខែមករា ខែកុម្ភៈ ខែមីនា និងខែមេសា ឆ្នាំ ២០២២ កន្លងមក ត្រូវរួសរាន់មកបង់សេវាប្រមូលសំរាម និងសំណល់រឹងសម្រាប់ខែឧសភា ឆ្នាំ ២០២២ យ៉ាងយូរត្រឹមថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២២។
រដ្ឋបាលរាជរជធានីបានបញ្ជាក់ថា៖ «ក្នុងករណីនៅតែមិនព្រមបង់ថ្លៃសេវាប្រមូលសំរាមនិងសំណល់រឹងរាជធានីភ្នំពេញតាមការកំណត់ រដ្ឋបាលរាជធានីភ្នំពេញ នឹងអនុវត្តវិធានការមួយចំនួនដូចជា បញ្ចេញឈ្មោះជាសាធារណៈតាមបណ្តាញសង្គមឬតាមប្រព័ន្ធផ្សព្វផ្សាយនានា កត់ត្រាជាបំណុល ហើយអនុវត្តវិធានការរដ្ឋបាលដោយបិទអាជីវកម្មឬសេវាកម្មជាបណ្តោះអាសន្ននិងអនុវត្តវិធានការផ្សេងៗទៀតតាមការចាំបាច់»។
សម្រាប់ការបង់ថ្លែប្រមូលសំរាមដោយប្រើប្រាស់លេខសម្គាល់អតិថិជន ID (មានក្នុងវិក្កយបត្រអគ្គិសនីកម្ពុជា) តាមមធ្យោបាយប្រព័ន្ធទូទាត់អេឡិចត្រូនិក(តាមទូរស័ព្ទដៃ)ឬបញ្ជរទូទាត់នៅធនាគារអេស៊ីលីដា,ហត្ថា,កាណាឌីយ៉ា ក.អ, វឌ្ឍនៈ, ប្រៃសណីយ៍កម្ពុជា ក.អ, ABA, WING, AMK, FTB, Woori Bark, Prince Bank, Phillip Bank, BIC Bark, CHIP MONG, ស្ថាបនា,ប្រាសាក់,អម្រឹតឬតាមភ្នាក់ងារទូទាត់ផ្សេងៗទៀត ដូចជា eMONEY, TrueMONEY, លីហួរវេរលុយ និងPiPay។
ភ្នំពេញ ប៉ុស្តិ៍ មិនទាន់អាចសុំការអត្ថាធិប្បាយពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញបាននៅឡើយទេ ខណៈទូរស័ព្ទចូលគ្មានអ្នកទទួល។
ប៉ុន្តែនៅលើហ្វេសប៊ុករបស់រដ្ឋាករស្វយ័តគ្រប់គ្រងសំរាមនិងសំណល់រឹងរាជធានីភ្នំពេញបានឱ្យដឹងថា ទោះបីជាផ្ទះទុកចោលក៏មានកាតព្វកិច្ចបង់ថ្លៃសេវាប្រមូលសំរាមដែរព្រោះសេវាប្រមូលសំរាមរបស់រដ្ឋាករស្វយ័តគ្រប់គ្រងសំរាមចាត់ទុកជាសេវាសាធារណៈមួយ។
លោក ខៀវ វុទ្ធី អ្នកគ្រប់គ្រងការដឹកជញ្ជូនសំរាមនៅខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ បានថ្លែងថា ដំណើរការប្រមូលសំរាមបានស្អាត ទាល់តែមានការចូលរួមពីភាគីពាក់ព័ន្ធ ដូចជាប្រជាពលរដ្ឋ អាជ្ញាធរ និងក្រុមហ៊ុន ដែលត្រូវមានភារកិច្ចរួមគ្នាធ្វើឱ្យរាជធានីភ្នំពេញកាន់តែប្រសើរឡើង។
លោកថា៖ «ដូច្នេះពលរដ្ឋក៏ត្រូវមានការចូលរួមបង់ថ្លៃសេវាដែរ ព្រោះរដ្ឋបាលរាជធានីគាត់មានទុនមួយសម្រាប់ចំណាយទៅលើកម្មករ សម្ភារផ្សេងៗទាក់ទងការប្រមូល និងសម្អាត»។
បន្ថែមពីនេះលោកបានសំណូមដល់ប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ ត្រូវមានកាតព្វកិច្ចចូលរួមបង់សេវាឱ្យបានទៀងទាត់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវដើម្បីលើកកម្ពស់សំណល់ដោយមានកម្មវិធីបញ្ចេញសំរាមតាមការណែនាំរបស់សាលារាជធានីភ្នំពេញ។
ចំពោះព័ត៌មានបន្ថែមសូមទាក់ទងមកសាលារាជធានីភ្នំពេញ ឬតាមទំព័រហ្វេសប៊ុកផ្លូវការរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ ឬតាមលេខទូរស័ព្ទ ០៨១ ៦៤៦ ២២២ / ០១១ ៦៤៦ ២២២។
តារាងថ្មីនៃតម្លៃសេវាគ្រប់គ្រងសំរាម និងសំណល់រឹងក្នុងរាជធានីភ្នំពេញ ត្រូវបានអនុវត្តចាប់ពីថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបែងចែកទៅតាមប្រភេទផ្ទះនីមួយៗ ប្រភេទទី១ រួមមាន ផ្ទះ ១ ល្វែងជាន់ផ្ទាល់ដីដែលជាទីតាំងមិនប្រកបអាជីវកម្មត្រូវបង់សេវា ១ ម៉ឺនរៀល ខណៈផ្ទះ ១ ល្វែងជាន់ផ្ទាល់ដីដូចគ្នាដែលប្រកបអាជីវកម្មសេវាកម្ម ហាងទំនិញ ត្រូវបង់ ៦ ម៉ឺនរៀល និងផ្ទះប្រកបអាជីវកម្មភោជនីយដ្ឋានត្រូវបង់សេវា ១ ម៉ឺនរៀលក្នុង ១ ខែ។ ចំណែកផ្ទះ ១ ល្វែងជាន់លើត្រូវបង់ ៨ ពាន់រៀល ។
សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញបានធ្វើកំណែទម្រង់នៃការគ្រប់គ្រងសំរាម និងសំណល់រឹង ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនាពេលបច្ចុប្បន្ន ដែលតម្លៃថ្មីនេះ ថ្លៃជាងកាលពីឆ្នាំ ១៩៩៦ មកទល់ពេលធ្វើកំណែទម្រង់ដោយសេវាកាលនោះមានតម្លៃប្រហែលជា ៤ ពាន់រៀល ៕