ភ្នំពេញៈ ព្រះសង្ឃ សាស្ដ្រាចារ្យ និងនិស្សិតប្រមាណ ៣០ អង្គ/នាក់ ដឹកនាំដោយព្រះសង្ឃមុនីកោសលបណ្ឌិតយ៉ន សេងយៀត សាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាព្រះបាឡាត់គណរាជធានីភ្នំពេញ នឹងធ្វើធម្មយាត្រាថ្មើរជើងចម្ងាយ ២៦៥ គីឡូម៉ែត្រ នៅតំបន់ជួរភ្នំក្រវាញរយៈពេល ១៩ ថ្ងៃ ចាប់ពីថ្ងៃទី ៧ ខែមិថុនា ដើម្បីចូលរួមចំណែកលើការអភិរក្សបរិស្ថាន និងព្រៃឈើកម្ពុជា។
ព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត មានសង្ឃដីកាប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នៅថ្ងៃទី ៦ មិថុនាថា ព្រះអង្គដឹកនាំការធ្វើដំណើរធម្មយាត្រាលើកនេះជាលើកទី៥ ដើម្បីគម្រប់រយៈចម្ងាយ ៥០០គីឡូម៉ែត្រ ដែលបានធ្វើកំណត់ក្នុងកម្មវិធី «ព្រះពុទ្ធសាសនា និងបរិស្ថាន» ដោយកាលពីឆ្នាំ ២០២១ បានធ្វើដំណើរបាន ២៥០ គីឡូម៉ែត្ររួចមកហើយនៅតំបន់ជួរភ្នំក្រវាញនេះដែរ។ តេជគុណមានសង្ឃដីកាថា៖ «ការធ្វើធម្មយាត្រានេះ គោលបំណងធំបំផុតរបស់យើង គឺលើកកម្ពស់ការយល់ដឹងអំពីតម្លៃនៃព្រៃឈើ និងបរិស្ថាន តាមរយៈការធ្វើដំណើរធម្មយាត្រាទៅកាន់តំបន់ជួរភ្នំក្រវាញរយៈពេល ១៩ ថ្ងៃ ដោយធ្វើដំណើរថ្មើរជើងក្នុងរយៈចម្ងាយ ២៦៥ គីឡូម៉ែត្រ»។
ធម្មយាត្រានេះ ចាប់ផ្ដើមធ្វើដំណើរពីតំបន់ភ្នំខ្នងវាល ស្ថិតនៅភូមិសុរិយា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ ហើយធ្វើដំណើរសំដៅទៅបញ្ចប់នៅភ្នំខ្នងព្រះ ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្ដពោធិ៍សាត់។ អ្នកដែលចូលរួមក្នុងដំណើរនេះមាន ៣០ អង្គ/នាក់ ដែលភាគច្រើនជាព្រះសង្ឃ និងមានសាស្ដ្រាចារ្យ និងនិស្សិតចូលរួម ៣ នាក់។
តេជគុណថា៖ «បំណងធំបំផុតនៃដំណើរធម្មយាត្រានេះ គឺជាការបណ្ដុះគំនិតឱ្យមានការស្រឡាញ់ធម្មជាតិតាមរយៈការនិមន្ត ធ្វើដំណើរចូលទៅក្នុងព្រៃ។ មួយទៀត យើងក៏ចង់ផ្ញើសារជូនដល់ប្រជាពលរដ្ឋថា ព្រៃឈើ គឺជាអាយុជីវិតគឺជាដង្ហើមរស់នៃមនុស្សជាតិ។ តំបន់ជួរភ្នំក្រវាញនេះ គេចាត់ទុកថា ជាជម្រកនៃសត្វព្រៃសំខាន់របស់កម្ពុជា និងក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងនោះមានសត្វព្រៃខ្លះស្ទើរតែផុតពូជទៅហើយ ដែលមានជម្រកនៅក្នុងព្រៃឈើនេះ»។
តេជគុណ យ៉ន សេងយៀត ឱ្យដឹងថា បញ្ហាប្រឈមក្នុងធម្មយាត្រាលើកនេះ គឺមេឃភ្លៀងដែលអាចធ្វើឱ្យមានបញ្ហាសុខភាព និងបញ្ហាផ្លូវធ្វើដំណើរ ក្នុងនោះចាប់ពីតំបន់ខ្នងវាលទៅដល់តំបន់ម្រេចកង្កែបមានការលំបាកខ្លះ តែអាចមានលទ្ធភាពអាចប្រឈមបាន។ បញ្ហាដែលធំ គឺចាប់ពីចំណុចអូរសោមទៅកាន់តំបន់ខ្នងព្រះដែលផ្លូវមានការលំបាកខ្លាំង។
តេជគុណបញ្ជាក់ថា៖ «អាត្មាភាពមិនដែលទៅដែរ ប៉ុន្ដែបើតាមអ្នកមគ្គុទេ្ទសក៍លម្អិតប្រាប់ថា ចាប់ពីចំណុចអូរសោមទៅកាន់តំបន់ខ្នងព្រះមានព្រៃក្រាស់ ព្រៃឫស្សីដើរដល់ទីនោះ គឺអស់មនុស្សហើយ យើងនៅក្នុងព្រៃរយៈពេល ១០ ថ្ងៃ ហើយសមាជិកយើងដាក់ចិត្ដ ដាក់កាយ ដើម្បីសម្រេចដំណើរធម្មយាត្រានេះ»។
បើតាមតេជគុណ សេងយៀត ធម្មយាត្រានេះ ព្រះសង្ឃពេលធ្វើដំណើរ មានកម្មវិធីសូត្រធម៌ និងសម្ដែងធម៌អំពីសារៈសំខាន់នៃព្រៃឈើ អំពីធម្មជាតិ អំពីសត្វព្រៃនិងកម្មវិធីផ្សព្វផ្សាយមេត្ដាធម៌ នៅពេលយប់ផងដែរ។
តេជគុណមានសង្ឃដីកាថា៖ «យើងក៏នឹងជួបជាមួយសហគមន៍នៅតាមតំបន់នីមួយៗ ជួនកាលអាចជួបនៅតាមផ្លូវ គឺយើងនឹងនិយាយអំពីសារៈសំខាន់នៃព្រៃឈើ អំពីថា ហេតុអ្វី ទើបយើងធ្វើដំណើរមកតំបន់ព្រៃឈើនេះ? ហេតុអ្វីបានព្រៃឈើមានសារៈសំខាន់? ដែលជាសារមួយក្នុងការផ្សព្វផ្សាយ។ កន្លងមកពលរដ្ឋក្នុងសហគមន៍មានការសប្បាយចិត្ដច្រើនដែលឃើញពួកយើង មានការខ្វល់ខ្វាយចំពោះព្រៃឈើ និងសត្វព្រៃបែបនេះ»។
តេជគុណបន្តថា៖ «នៅក្នុងដំណើររបស់ពួកយើងនីមួយៗ យើងបានផ្សព្វផ្សាយសារថា ព្រៃឈើ និងសត្វព្រៃ គឺជាធនធានធម្មជាតិដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបាន។ មិនត្រឹមតែសម្រាប់តែកម្ពុជាទេ គឺសម្រាប់មនុស្សជាតិទូទៅតែម្ដង ពីព្រោះវាមានទំនាក់ទំនងគ្នារវាងមនុស្ស សត្វ និងព្រៃឈើ គឺត្រូវរស់នៅជាមួយគ្នា។ បើសិនជាផ្នែកណាមួយបំផ្លាញគ្នាទៅវិញទៅមក យើងមិនអាចរស់នៅប្រកបដោយសេចក្ដីសុខនៅក្នុងសង្គម និងក្នុងពិភពលោកនេះបានទេ»។ តាមបទពិសោធដំណើរធម្មយាត្រាកន្លងមក តេជគុណ យ៉ន សេងយៀត សង្កេតឃើញអ្នករួមដំណើរ បណ្ដុះបាននូវការស្រឡាញ់ធម្មជាតិ ពីព្រោះអ្វីដែលពួកគាត់បានឃើញក្នុងព្រៃ គឺល្អជាងអ្វីដែលបានឮ និងឃើញតាមរូបភាព។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ថ្លែងនៅថ្ងៃទី ៦ មិថុនាថា ក្រសួងបរិស្ថានសូមថ្លែងអំណរគុណដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងអ្នកចូលរួម ក្នុងដំណើរធម្មយាត្រាថ្មើរជើងក្រោមប្រធានបទ «ដំណើរអភិរក្ស» នេះ ពីព្រោះព្រះសង្ឃបានដើរតួនាទីសំខាន់ ក្នុងការចូលរួមផ្សព្វផ្សាយទៅដល់សាធារណជន និងពុទ្ធបរិស័ទឱ្យស្រឡាញ់ធម្មជាតិ និងចូលរួមអភិរក្ស និងការពារសត្វព្រៃ។
«ក្រសួងបរិស្ថានជឿជាក់ថា តាមរយៈដំណើរធម្មយាត្រា និងការផ្សព្វផ្សាយអំពីសារៈសំខាន់នៃព្រៃឈើ សត្វព្រៃ និងបរិស្ថាននេះ នឹងធ្វើឱ្យពលរដ្ឋរបស់យើងមានសេចក្ដីស្រឡាញ់ ចូលចិត្ដ និងចូលរួមអភិរក្ស ការពារធនធានធម្មជាតិ បរិស្ថានបន្ថែមទៀត»៕
វីដេអូ៖