ស្វាយរៀងៈ ភ្នាក់ងារពេទ្យសត្វខេត្តស្វាយរៀង នឹងបើកយុទ្ធនាការចាក់ថ្នាំការពារជំងឺសាទឹកគោ ក្របីបន្ថែមទៀតចាប់ពីថ្ងៃទី ៨ ខែមិថុនាតទៅ ដោយប្រើថ្នាំប្រមាណជាង ៤០០ ដូស ស្មើចំនួនសត្វជាង ៤០០ ក្បាល នៅតាមភូមិឃុំនានា ដែលមានសត្វឈឺ ក្នុងស្រុកចន្ទ្រា ខណៈបណ្តាខេត្តមួយចំនួនទៀតក៏បានចាក់ថ្នាំការពារជំងឺដូចគ្នានេះដល់គោក្របីរបស់ប្រជាពលរដ្ឋផងដែរ។
លោក ប៉ែន ចាន់ធី មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តស្វាយរៀង ថ្លែងនៅថ្ងៃទី ៦ ខែមិថុនាថា យុទ្ធនាការចាក់វ៉ាក់សាំងនេះ អាចនឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី ៨ ខែមិថុនា ហើយការចាក់ថ្នាំការពារនេះទៀតសោត គឺចាក់សំដៅសត្វគោក្របីពលរដ្ឋណា ដែលមិនទាន់បានចាក់ កាលពីពេលបើកយុទ្ធនាការចាក់ថ្នាំការពារលើកមុន។ ចន្លោះពីខែកុម្ភៈ ដល់ថ្ងៃទី ២ ខែមិថុនា ភ្នាក់ងារពេទ្យសត្វខេត្តស្វាយរៀងបានចាក់ថ្នាំការពារជំងឺសាទឹកសត្វគោក្របី បាន ២ ៣៦៦ ក្បាល ខណៈសត្វឈឺ ១១៩ ក្បាល បានជាវិញស្ទើរទាំងអស់ និងមិនមានករណីឈឺថ្មីទៀតទេ។
លោកថ្លែងថា៖ «ឧបមាថា ក្នុងភូមិហ្នឹង មានគោក្របីច្រើនក្បាល ដែលមិនទាន់បានចាក់អាចមានខ្លះ ៥០ ក្បាល ខ្លះ ៧០ ក្បាល អ៊ីចឹងទៅ វាមិនទាន់ចាក់ដោយសារប្រជាពលរដ្ឋមិនចូលរួម»។
ចំណែកលោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តបន្ទាយមានជ័យ ថ្លែងនៅថ្ងៃទី ៦ មិថុនាថា មានសត្វគោក្របីឈឺជំងឺសាទឹក និងងាប់រប៉េះរប៉ោះ នៅដោយកន្លែង ប៉ុន្តែការជួយអន្តរាគមន៍ពីមន្ត្រីភ្នាក់ងារពេទ្យសត្វ បានជួយព្យាបាលទាន់ពេលវេលា ធ្វើឱ្យស្ថានភាពវិលមករកភាពធម្មតាវិញ។
លោកថា នៅខេត្តបន្ទាយមានជ័យមិនមានករណីផ្ទុះជំងឺសត្វឈឺនោះធំដុំទេ។ ក្នុងពេលឆាប់ៗនេះ មន្ត្រីបសុសត្វ ក៏នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំង ជំងឺសាទឹកគោក្របីផងដែរ បន្ទាប់ពីទទួលបានថ្នាំពីអគ្គនាយកដ្ឋានសុខភាពសត្វ។
លោកថា៖ «កសិករយើងអត់សូវមានការចូលរួមទេ ពាក់ព័ន្ធការងារចាក់វ៉ាក់សាំង។ អ៊ីចឹង យើងមិនអាចបង្ខំគាត់បានទេ ព្រោះគាត់ឥឡូវបើចាក់គាត់ថា គោគាត់អត់ឈឺអីផង យើងពន្យល់ផងអីផងក៏នៅមិនព្រម លុះត្រាតែសត្វគាត់ឈឺបានស្រែករកយើង»។
លោក ប៉ែន សេដ្ឋា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តបាត់ដំបង បានឱ្យដឹងដែរថា រយៈពេលជាង ៥ ខែ ក្នងឆ្នាំ ២០២២ មិនមានផ្ទុះករណីសត្វឈឺនៅស្រុកណាមួយគួរឱ្យកត់សម្គាល់នោះទេ។
លោកថា ក្នុង ១ ឆមាស ការិយាល័យបសុសត្វ ខេត្តបាត់ដំបង ទទួលបានថ្នាំវ៉ាក់សាំងការពារសត្វឈឺជាង ៥ ម៉ឺនដូស ដែលចំនួនទាំងនោះត្រូវបានមន្ត្រីកសិកម្ម បើកយុទ្ធនាការចាក់ដល់សត្វរបស់ប្រជាពលរដ្ឋដោយមិនគិតថ្លៃរហូតដល់អស់ពីស្តុក។
លោកថ្លែងថា៖ «ពាក់ព័ន្ធនឹងវ៉ាក់សាំងយើងទទួលម្តងជាង ៥ ម៉ឺនដូស ប៉ុន្តែបើធៀបនឹងសត្វគោក្របីដែលយើងមាននៅក្នុងខេត្ត យើងមានជាង ៩ ម៉ឺនក្បាល។ អ៊ីចឹងយើងបានជាង ៥ ម៉ឺន ចាក់មិនបានគ្រប់សព្វនោះទេ ហើយមួយទៀត ពលរដ្ឋមួយចំនួនខ្លះគាត់មិនងាយយកសត្វមកចាក់នៅពេលយើងប្រកាសអំពាវនាវឱ្យចាក់វ៉ាក់សាំងនោះទេ»។
លោក ប៉ែន សេដ្ឋា ប្រាប់ថា របាយការណ៍នៃការចាក់វ៉ាក់សាំង ការពារសត្វឈឺនៅក្នុងរយៈពេលជិត ៦ ខែដើម ឆ្នាំ ២០២២ នេះ មិនទាន់ចេញនៅឡើយ ប៉ុន្តែបើតាមរបាយការណ៍ ៦ ខែចុង ២០២១ បានឱ្យដឹងថា មន្ត្រីកសិកម្មបានបើកយុទ្ធនាការចាក់វ៉ាក់សាំងជំងឺសាទឹក ដល់គោប្រជាពលរដ្ឋបានចំនួន ២៦ ៨៨២ ក្បាល និងក្របី ១១៦ ក្បាល ខណៈជំងឺដុំពកស្បែកគោចាក់បានចំនួន ៣ ២៥៨ ក្បាលផងដែរ៕