ភ្នំពេញៈ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិអង្គរជុំ លោក ម៉ក់ សំអឿន បានផ្ញើលិខិតជូនអភិបាលស្រុកពួកដែលនៅក្នុងតំបន់គ្របដណ្ដប់ដោយការិយាល័យនេះ ស្នើចុះប្រមូលឱសថ និងថ្នាំផ្សំផ្សេងៗ ដែលដាក់លក់ខុសច្បាប់តាមតូបលក់ចាប់ហួយ និងក្នុងផ្សារស្រុកពួក ប៉ុន្ដែលោកអភិបាលស្រុកពួក ខេត្តសៀមរាប លោក ស៊ីន ចាន់ថុល អះអាងថា បញ្ហានេះនឹងធ្វើការប្រជុំជាមួយនឹងគណៈកម្មការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយជាមុនសិននៅចុងសប្តាហ៍នេះ ដើម្បីធ្វើការពិភាក្សាមុននឹងសម្រេចថាតើត្រូវដំណើរការយ៉ាងណាបន្តទៀត។
លោក ម៉ក់ សំអឿន បានលើកឡើងតាមរយៈលិខិតចុះថ្ងៃទី ០៦ ខែមិថុនាថា ការស្នើចុះប្រមូលនេះដោយសារមានការលក់ដូរឱសថ និងថ្នាំផ្សំយ៉ាង អនាធិបតេយ្យនៅតាមតូបលក់ក្នុងភូមិនិងតាមផ្សារនានាក្នុងតំបន់គ្របដណ្តប់នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិអង្គរជុំ។
លោកបានបញ្ជាក់ថា៖ «ការលក់ដូរឱសថ និងថ្នាំផ្សំយ៉ាងអនាធិបតេយ្យនេះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋព្រោះថា ឱសថនិងថ្នាំផ្សំទាំងអស់អាចហួសកាលបរិច្ឆេទប្រើប្រាស់ ខូចគុណភាព និងប្រើប្រាស់មិនបានត្រឹមត្រូវតាមវេជ្ជបញ្ជា»។
លោក ម៉ក់ សំអឿន បានអះអាងថា បុគ្គលិកសុខាភិបាលនៅតាមមណ្ឌលសុខភាពនឹងសហការជាមួយមន្ត្រីនគរបាលប៉ុស្តិ៍ចុះអប់រំសុខភាព និងប្រមូលឱសថឬថ្នាំផ្សំទាំងអស់មកកម្ទេចចោលនៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិអង្គរជុំ»។
ទាក់ទងនឹងការស្នើនេះ លោក ស៊ីន ចាន់ថុល បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ទៀតថា បញ្ហានេះមានការពាក់ព័ន្ធគ្នាច្រើន ដែលលោកនឹងធ្វើការកោះប្រជុំជជែកពិភាក្សាជាមួយនឹងគណៈកម្មការប្រយុទ្ធនឹងឱសថក្លែងក្លាយសិន ដើម្បីដាក់ចេញនូវវិធានការយ៉ាងណាទៀត។
លោកថ្លែងថា៖ «កិច្ចប្រជុំអាចនឹងធ្វើឡើងនៅចុងសប្តាហ៍នេះ ឬអាចនឹងពេលណាមួយទៀត ដោយសារតែយើងមានការរវល់ជាមួយការងារពាក់ព័ន្ធនឹងការបោះឆ្នោតដែលទើបនឹងបញ្ចប់ថ្មីៗនេះ»។
សម្រាប់ការលក់ដូរឱសថ និងថ្នាំផ្សំនៅតាមតូប ឬផ្សារក្នុងស្រុកពួកនេះ លោក ស៊ីន ចាន់ថុល ទទួលស្គាល់ថាមានករណីលក់ដូរដូចនេះដែរ ប៉ុន្តែមិនមានច្រើននោះទេ ហើយការលក់នេះគឺអនុវត្តតាំងពីដើមមក ហើយការលក់ឱសថតាមតូបនេះក៏មិនមែនមានតែក្នុងស្រុកពួកដែរ។
ការិយាល័យសុខាភិបាលប្រតិបត្តិអង្គរជុំ ក៏បានស្នើចុះប្រមូលឱសថ និងថ្នាំផ្សំផ្សេងៗដែលដាក់លក់ខុសច្បាប់តាមតូបលក់ចាប់ហួយ និងក្នុងផ្សារផងដែរ នៅក្នុងស្រុកចំនួន ២ ទៀត គឺស្រុកអង្គរជុំនិងស្រុកវ៉ារិន។
ជាមួយគ្នានេះដែរ លោក ស៊ីន ចាន់ថុល ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋដែលចង់ទិញឱសថ ឬប្រឹក្សាយោបល់ទាក់ទងនឹងឱសថ ឬថ្នាំ សុំឱ្យពួកគាត់ស្វែងរកអ្នកជំនាញឬឱសថការីដែលបានឆ្លងកាត់ការរៀនសូត្រច្បាស់លាស់ ហើយត្រូវចៀសវាងការទិញ ឬប្រើប្រាស់ឱសថពីអ្នកដែលមិនមានជំនាញដែលអាចធ្វើឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ជាដើម។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការងារនេះក្រសួងសាម៉ី និងបណ្តាខេត្តទាំងអស់ បានធ្វើជាប់ជារៀងរហូតមកហើយ។ យោងតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថបានចែងថា ការលក់ឱសថគ្មានទិដ្ឋាការឬបញ្ជីការ ឬឱសថដែលក្ររសួងសុខាភិបាលបានហាមឃាត់ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១ លានរៀន ដល់ ១០ លានរៀល និងផ្អាកផលិតកម្ម អាហរ័ណនីហរ័ណកម្ម និងពាណិជ្ជកម្មឱសថពី ០១ ខែដល់ ០៣ ខែ ឬទោសណាមួយក្នុងចំណោមទោសទាំង ២ ខាងលើនេះ ដោយមិនគិតដល់ការផ្តន្ទោទោសពីបទល្មើសផ្សេងៗទៀត៕