ភ្នំពេញៈ ក្នុងព្រះរាជសារផ្ញើជូនប្រធានាធិបតីឥណ្ឌា លោក Ram Nath Kovind ដើម្បីអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង ២ ព្រះមហាក្សត្រ នរោត្តម សីហមុនី មានព្រះរាជបន្ទូលថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង ២ ដែលបានចាក់ឫសយ៉ាងជ្រៅក្នុងប្រវត្តិសាស្ត្រដ៏យូរលង់ នៃបេតិកភណ្ឌសាសនា វប្បធម៌ និងភាសារួម នៅតែបន្តរឹងមាំក្នុងរយៈពេល ៧០ ឆ្នាំចុងក្រោយនេះ។
ទោះបីជាមានការប្រឈមមួយចំនួន ដែលប្រទេសទាំង ២ បានជួបប្រទះ ក៏ដោយ ក៏ទំនាក់ទំនង រវាងប្រទេសទាំង២បានបន្តរីកចម្រើន និងត្រូវបានពង្រឹង។ នេះបើតាមព្រះរាជសារ ចុះថ្ងៃទី ៣១ ឧសភា។
ព្រះអង្គបញ្ជាក់ថា៖ «ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយដែលបានឃើញពីទំនុកចិត្ត រវាងប្រទេសរបស់យើង ដែលបានឈានដល់កម្រិតថ្មីមួយដូច ដែលបានឆ្លុះបញ្ចាំង តាមរយៈការកើនឡើងនៃគណៈប្រតិភូផ្លូវការ ព្រមទាំងការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន វប្បធម៌ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច»។
ព្រះអង្គបន្តថា ប្រទេសទាំង ២ អាចវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែករួមគ្នានៃប្រទេសទាំង ២ ដើម្បីទទួលបានសន្តិភាព ស្ថិរភាព និងវិបុលភាពរួមសម្រាប់តំបន់ និងពិភពលោកទាំងមូល។
ព្រះអង្គបន្ថែមថា៖ «ខណៈដែលកម្ពុជា និងឥណ្ឌា បន្តដំណើររួមគ្នា ឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាងនោះ ខ្ញុំជឿជាក់ថា មូលដ្ឋានគ្រឹះនៃទំនាក់ទំនងទ្វេភាគីរបស់យើងដែលមានអាយុ៧០ឆ្នាំនឹងដើរតួជាឈ្នាន់ដែលអាចឱ្យយើងបង្កើតភាពជាដៃគូដ៏រឹងមាំជាងមុន ដែលអាចនាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជន តំបន់ និងភពផែនដីរបស់យើង»។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបង្ហាញពីបំណងរបស់លោកប្រាប់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ក្នុងការបន្តធ្វើការជិតស្និទ្ធជាមួយលោក Modi ដើម្បីប្រែក្លាយកិច្ចសហប្រតិបត្តិការដែលអាចនាំមកនូវសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់ផលប្រយោជន៍ប្រទេសទាំង ២។
ក្នុងលិខិតចុះថ្ងៃទី ២៧ ខែឧសភា ផ្ញើជូនលោក Modi ដើម្បីប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំង២ លោកហ៊ុន សែន ថ្លែងថា បន្ទាប់ពីធ្វើការឆ្លុះបញ្ចាំងពីសមិទ្ធផលទ្វេភាគី នៃប្រទេសទាំង ២ ក្នុងរយៈពេល ៧០ ឆ្នាំកន្លងមកនេះ លោកជឿជាក់ថា កាលានុវត្តភាព នៃសហប្រតិបត្តិការជាច្រើនទៀតអាចត្រូវបានចាប់យកដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំង២។
លោកបញ្ជាក់ថា៖ «ខ្ញុំមានបំណងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តមដើម្បីប្រែក្លាយកិច្ចសហប្រតិបត្តិការរបស់យើងទៅជាសហប្រតិបត្តិការដែលអាចនាំមកនូវសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់ប្រជាជន និងប្រទេសជាតិរបស់យើង»។
លោក ហ៊ុន សែន បន្ថែមថា ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៥២ កម្ពុជា និងឥណ្ឌាបានពង្រឹងភាពជាដៃគូដ៏រឹងមាំ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកគ្រប់កម្រិត មិនថាក្នុងកម្រិតទ្វេភាគី តំបន់ និងពហុភាគី។
បើតាមនាយករដ្ឋមន្ត្រី លោកបានកត់សម្គាល់ថា ប្រទេសទាំង ២ បានពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួន ទាំងក្នុងវិសាលភាពនិងភាពស៊ីជម្រៅលើវិស័យជាច្រើននៃផលប្រយោជន៍រួម រាប់ចាប់ពីនយោបាយ សន្តិសុខ រហូតដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
លោក ហ៊ុន សែន សរសេរថា៖«ខ្ញុំរង់ចាំសកម្មភាពរួមគ្នា រយៈពេល ១ ឆ្នាំពេញ ដើម្បីប្រារព្ធខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងការទូតរបស់យើង ទាំងនៅកម្ពុជា និងឥណ្ឌា ដែលតាមទស្សនៈរបស់ខ្ញុំ សកម្មភាពនេះនឹងក្លាយជាសក្ខីភាពដ៏ល្អ ចំពោះចំណងមិត្តភាពដ៏យូរអង្វែងរបស់យើង»។
លោកបន្តថា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ កម្ពុជាក៏ត្រៀមខ្លួនរូចជាស្រេចក្នុងការធ្វើការជាមួយរដ្ឋសមាជិកអាស៊ានផ្សេងទៀត និងឥណ្ឌា ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ឥណ្ឌា។ លោករង់ចាំទទួលស្វាគមន៍លោក Modi មកកាន់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀតនៅខែតុលា ឆ្នាំ២០២២។
លោក ហេង គីមគង់ អ្នកស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជាថ្លែងថា ក្នុងបរិបទនៃការកើនឡើងនូវការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនៃប្រទេសមហាអំណាច ជាពិសេស រវាងសហរដ្ឋអាមេរិក និងចិន កម្ពុជាចាំបាច់ត្រូវពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសមហាអំណាចនានាក្នុងតំបន់ដូចជាឥណ្ឌា។
លោកប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ៧ មិថុនាថា៖ «កម្ពុជាចាំបាច់ត្រូវតភ្ជាប់ទំនាក់ទំនងជាយុទ្ធសាស្រ្តជាមួយឥណ្ឌា ដើម្បីទទួលបានអត្ថប្រយោជន៍ជាអតិបរមាពីទំនាក់ទំនងទ្វេភាគីកម្ពុជា-ឥណ្ឌា»៕