ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់លើការបរិភោគចំណីអាហាររបស់ខ្លួន ក្រុមគ្រួសារ និងជាពិសេសត្រូវអនុវត្តឱ្យបានល្អនូវសុវត្ថិភាពអនាម័យចំណីអាហារ ដោយចៀសវាងនូវអាហារណាដែលហួសសុពលភាព។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងដូចនេះក្នុងឱកាសទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកឆ្នាំ ២០២២ ក្រោមប្រធានបទ «សុវត្ថិភាពចំណីអាហារប្រសើរ ដើម្បីសុខភាពល្អប្រសើរ» ថ្ងៃទី ៧ ខែមិថុនា។
លោកស្រីថ្លែងថា៖ «សុវត្ថិភាពចំណីអាហារ គឺជាកត្តាសំខាន់មួយនៅក្នុងចំណោមកត្តាផ្សេងៗទៀត សម្រាប់ការរក្សាបាននូវសុខភាពល្អរបស់បងប្អូនប្រជាពលរដ្ឋទូទៅ។ ប្រសិនបើការបរិភោគចំណីអាហារ របស់យើងអនុវត្តមិនបានត្រឹមត្រូវនូវអនាម័យ ក៏ដូចជាការរក្សាបាននូវសុវត្ថិភាពចំណីអាហារនេះ វានឹងផ្តល់នូវផលប៉ះពាល់ធំដល់សុខភាព រហូតអាចឈានដល់ការបាត់បង់ជីវិតផងដែរ»។
លោកស្រីបន្ថែមថា ការអនុវត្តនូវអនាម័យដៃក៏ជាចំណុចសំខាន់ដែរ មុននឹងចាប់កាន់អាហារ ដោយត្រូវលាងសម្អាតដៃឱ្យបានស្អាតផងដែរ មុននឹងចាប់កាន់ចំណីអាហារ និងត្រូវលាងសម្អាតបន្លែ ត្រី សាច់ និងសម្ភារសម្រាប់ដាក់ ឬធ្វើម្ហូបឱ្យបានត្រឹមត្រូវផងដែរ។
លោកស្រី ឱ វណ្ណឌីន ថ្លែងថា៖ «នៅពេលដែលបងប្អូនមានបញ្ហាសុខភាពត្រូវប្រញាប់ទៅជួបគ្រូពេទ្យដែលនៅជិតផ្ទះ ឬមានការសង្ស័យថាចេញនូវជំងឺផ្សេងៗត្រូវរាយការណ៍ទៅក្រុមគ្រូពេទ្យ ឬអាជ្ញាធរ ដើម្បីចៀសវាងបាននូវហានិភ័យនានា និងការបាត់បង់ជីវិតផងដែរ»។
មហាសន្និបាតអង្គការសហប្រជាជាតិបានបង្កើតទិវាសុវត្ថិភាព ចំណីអាហារពិភពលោក ក្នុងឆ្នាំ ២០១៨ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃសុវត្ថិភាពចំណីអាហារ។ អង្គការសុខភាពពិភពលោក និងអង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាជាតិ (FAO) ក៏បានរួមគ្នាជួយសម្រួលដល់ការប្រារព្ធទិវាសុវត្ថិភាពចំណីអាហារពិភពលោក ដោយសហការជាមួយរដ្ឋសមាជិក និងភាគីពាក់ព័ន្ធផ្សេងទៀតផងដែរ។
យោងតាមអង្គការសុខភាពពិភពលោកជារៀងរាល់ឆ្នាំកុមារ ២២០ លាននាក់ កើតជំងឺរាករូស ហើយ ៩៦ ០០០ នាក់ស្លាប់ ដោយបញ្ហាសុវត្ថិភាពចំណីអាហារ។ ចំណីអាហារគ្មានសុវត្ថិភាពបានបង្កើតវដ្តដ៏កាចសាហាវនៃជំងឺរាករូស និងកង្វះអាហារូបត្ថម្ភ ដែលគំរាមកំហែងដល់ស្ថានភាពអាហារូបត្ថម្ភរបស់អ្នកដែលងាយរងគ្រោះបំផុត។
ការិយាល័យសុវត្ថិភាពចំណីអាហារនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង របស់ក្រសួងសុខាភិបាលបង្ហាញថា ចាប់តាំងពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២១ មានមនុស្ស ១១៩ នាក់បានស្លាប់ក្នុងករណីពុលចំណីអាហារ និងមានអ្នករងគ្រោះចំនួន ៤ ៦៩៩ នាក់។
លោក សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ឱ្យដឹងថា ទិវាសុវត្ថិភាពចំណីអាហារពិភពលោក (WFSD) នេះត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ៧ ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីទាក់ទាញការយកចិត្តទុកដាក់ និងជំរុញសកម្មភាព ដើម្បីជួយទប់ស្កាត់ ការស្វែងរក និងគ្រប់គ្រងហានិភ័យ ដែលបណ្តាលមកពីអាហារ ការរួមចំណែកដល់សន្តិសុខស្បៀង សុខភាពមនុស្ស វិបុលភាពសេដ្ឋកិច្ច ផលិតកម្មកសិកម្ម ការទទួលបានទីផ្សារទេសចរណ៍ និងការអភិវឌ្ឍប្រកបដោយចីរភាព។
លោកថ្លែងថា៖ «ប្រធានបទនៅឆ្នាំនេះនឹងផ្តោតលើវិធីដែលធ្វើឱ្យអាហារមានសុវត្ថិភាពជួយធ្វើឱ្យសុខភាព និងសុខុមាលភាពប្រសើរឡើង ដែលវាមិនត្រឹមតែជួយដល់សុខភាពរាងកាយរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់សត្វ និងបរិស្ថានផងដែរ។ សុវត្ថិភាពចំណីអាហារ គឺជាមូលដ្ឋានគ្រឹះ សម្រាប់ប្រព័ន្ធអាហារប្រកបដោយនិរន្តរភាព ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព (SDG)»។
លោក សុខ ស៊ីឡូ បន្តថា «សុវត្ថិភាពចំណីអាហារ គឺជាអាជីវកម្មរបស់មនុស្សគ្រប់គ្នា» គឺជាពាក្យស្លោកសម្រាប់ទិវាសុវត្ថិភាពចំណីអាហារពិភពលោកនៅឆ្នាំនេះ។ វាជាការក្រើនរំឭកឱ្យគ្រប់គ្នាដឹងថា ទាំងអស់គ្នាមានតួនាទីក្នុងការរក្សាសុវត្ថិភាពចំណីអាហារ។
លោកបញ្ជាក់ថា៖ «យើងត្រូវកំណត់អាទិភាពសុវត្ថិភាពចំណីអាហារពេញ ១ ខ្សែចង្វាក់ផ្គត់ផ្គង់ទាំងមូលចាប់ពីកសិដ្ឋានរហូតដល់តុអាហារ»។
កម្មវិធីស្បៀងអាហារពិភពលោកក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយដែរស្តីពីអាហារសុវត្ថិភាព និងអនាម័យសម្រាប់អាហារនៅសាលាដែលមានសុខភាពល្អ៖ របៀបដែលសាលាបឋមសិក្សានៅតាមជនបទប្រកាន់យកស្តង់ដាសុវត្ថិភាពអាហារ។
អ្នកស្រីអ៊ឹម ឡូន ជាចុងភៅ ១ រូប ក្នុងសាលាបឋមសិក្សាសំរោងនៅខេត្តកំពង់ធំ ដែលត្រូវបានស្រង់សម្តី ក្នុងសេចក្តីប្រកាសនេះ បង្ហាញពីក្តីពេញចិត្តថា គាត់សប្បាយចិត្តជាមួយនឹងកន្លែងចម្អិនអាហារថ្មី ដែលត្រូវបានរៀបចំឱ្យដោយកម្មវិធីស្បៀងអាហារពិភពលោក សម្រាប់កម្មវិធីផ្តល់អាហារតាមសាលានៅប្រទេសកម្ពុជា។
អ្នកស្រី អ៊ឹម ឡូន បន្តថា៖ «គ្រឿងបរិក្ខារថ្មីទាំងនេះពិតជាជួយខ្ញុំឱ្យប្រាកដថា អ្វីគ្រប់យ៉ាងដែលចេញពីផ្ទះបាយនេះគឺស្អាត។ ផ្ទះបាយចាស់មិនត្រូវបានរចនាល្អទេ ដូច្នេះធូលីហុយចូលទៅក្នុងរបស់របរនានាក្នុងចង្ក្រាន ដែលវាធ្វើឱ្យមានការពិបាកក្នុងការប្រកាន់ខ្ជាប់បាននូវលក្ខខណ្ឌអនាម័យ ប៉ុន្តែឥឡូវនេះវាបានផ្លាស់ប្តូរទាំងអស់»។
បន្ទាប់ពីធ្វើការរយៈពេល ១០ ឆ្នាំ ជាមួយកម្មវិធីផ្តល់អាហារតាមសាលារៀន អ្នកស្រី ឡូន បានដឹងច្បាស់ពីសារៈសំខាន់នៃសុវត្ថិភាពចំណីអាហារក្នុងការលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភក្នុងចំណោមសិស្សសាលា។ អ្នកស្រីថា៖ «ភាពស្អាត និងសុវត្ថិភាព មានសារៈសំខាន់ខ្លាំងណាស់ដែលជួយ ឱ្យសិស្សមានសុខភាពល្អ និងចៀសវាងជំងឺនានាផងដែរ»៕